ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម កាលពីលើកទីមួយ ប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០១៨ នៅឯប្រទេសសិង្ហបុរី។ ប៉ុន្តែ ជំនួបកំពូលលើកទីពីរនេះ គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ជាអ្នកជិតខាងកម្ពុជា។
ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ ប្រកាសថា ជំនួបប្រជុំកំពូលលើកទីពីរជាមួយលោក គីម ជុងអ៊ុន នឹងធ្វើនៅប្រទេសវៀតណាម បណ្ដាញសារព័ត៌មានជាច្រើនបានផ្ដោតការចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍នេះ ខណៈសារព័ត៌មានខ្លះបានពន្យល់ពីមូលហេតុដែលគេជ្រើសរើសប្រទេសវៀតណាមជាទីកន្លែងសម្រាប់ជំនួបនេះ។
សារព័ត៌មាន Yahoo News លើកឡើងនូវហេតុផលសំខាន់ ៤យ៉ាង៖ ទីមួយ វៀតណាមនៅជិតកូរ៉េខាងជើង, ទីពីរ វៀតណាមមានសន្តិសុខល្អ ដោយសារប្រទេសនេះធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតខ្ពស់មួយចំនួន ដូចជា កិច្ចប្រជុំកំពូល APEC និងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន, ទីបី វៀតណាមមានប្រវត្តិសាស្ត្រជាមួយទាំងសហរដ្ឋអាមេរិក ទាំងកូរ៉េខាងជើង ជាពិសេស ក្នុងអំឡុងពេលសង្គ្រាមវៀតណាមក្នុងទសវត្សរ៍ ១៩៧០, និង ទីបួន វៀតណាមអាចជាគំរូល្អមួយដើម្បីឲ្យកូរ៉េខាងជើងយកគំរូតាម។
ខណៈដែលមានការវិភាគនិងមតិខុសៗគ្នាអំពីការជ្រើសរើសវៀតណាមជាទីកន្លែងប្រជុំកំពូល នៅកម្ពុជា ក៏មានខ្មែរមួយចំនួនបានបញ្ចេញមតិនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីបញ្ហានេះដែរ។ អ្នកខ្លះចោទជាសំណួរថា តើហេតុអ្វីគេមិនជ្រើសរើសកម្ពុជា?
មានហេតុផលមួយចំនួន ដែលអាចពន្យល់ពីការដែលគេមិនជ្រើសរើសកម្ពុជាជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូល រវាងលោក ត្រាំ និងលោក គីម។
ទីមួយ ទោះបីកម្ពុជាមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងក្ដី ប៉ុន្តែ ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកថែមទាំងបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងបានទាមទារឲ្យកម្ពុជាសងបំណុលសម័យសង្គ្រាមនាទសវត្សរ៍ ១៩៧០ ទៀតផង។ ជាការឆ្លើយតប កម្ពុជាបានថ្កោលទោសការដាក់ទណ្ឌកម្ម និងការទារបំណុលរបស់អាមេរិក។ ដូច្នេះ ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកបានឈានដល់កម្រិតទាបមួយ ដែលមិនអាចឲ្យគេពិចារណាជ្រើសរើសកម្ពុជាជាទីកន្លែងសម្រាប់ជំនួបកំពូលនេះទេ។
ទីពីរ បើទោះបីកម្ពុជាមានចម្ងាយនៅជិតកូរ៉េខាងជើង ដូចគ្នានឹងវៀតណាមដែរ ក្ដី សន្តិសុខហាក់នៅតែជាបញ្ហាចោទនៅឡើយ។ ហើយបើទោះជាកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតខ្ពស់សំខាន់ៗមួយចំនួនក្ដី បើធៀបនឹងវៀតណាមជាអ្នកជិតខាង កម្ពុជាហាក់នៅតែចាញ់ប្រៀប។ លោក ត្រាំ និងលោក គីម ត្រូវការសន្តិសុខនិងភាពជាឯកជនជាអតិបរមា។ ការគ្រប់គ្រងទាំងស្រុងរបស់រដ្ឋាភិបាលវៀតណាម ទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ជាកត្តាមួយធ្វើឲ្យវៀតណាមជាជម្រើសល្អសម្រាប់ជំនួបកំពូលនេះ។
ទីបី កម្ពុជាប្រហែលមិនអាចជាប្រទេសគំរូដើម្បីឲ្យកូរ៉េខាងជើងរៀនសូត្រតាមនោះទេ។ ទោះបីកម្ពុជាបានងើបផុតពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកក្ដី កម្ពុជានៅមានបញ្ហាប្រឈមជាច្រើននៅឡើយ។ សេដ្ឋកិច្ចរបស់កម្ពុជានៅមានទំហំតូច ហើយផលិតភាពនៅមានកម្រិតទាបនៅឡើយ។ ប្រទេសកម្ពុជានៅពឹងផ្អែកខ្លាំងលើការនាំចូល និងការអនុគ្រោះពីដៃគូអភិវឌ្ឍន៍ ឬម្ចាស់ជំនួយ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជ្រើសរើសវៀតណាម ពីព្រោះលោកចង់ផ្ដល់សារមួយទៅលោក គីម ថា កូរ៉េខាងជើងអាចក្លាយខ្លួនដូចប្រទេសវៀតណាម ប្រសិនបើលោក គីម សម្រេចចិត្តបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ និងទទួលយកជំនួយអាមេរិក។
ដូច្នេះ ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ពិតជាបង្កប់នូវសារមួយដល់កម្ពុជា និងថ្នាក់ដឹកនាំរបស់កម្ពុជា។ កម្ពុជាគួរតែរិះរកវិធីដើម្បីស្ដារឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក ស្ដារមុខមាត់ជាតិរបស់ខ្លួនឡើងវិញនៅលើឆាកអន្តរជាតិ និងបន្តរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
រដ្ឋាភិបាលកម្ពុជាក៏គួរខិតខំបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាសង្គមជាច្រើនប្រទេសនេះកំពុងប្រឈម។ ពេលវេលាមកដល់ហើយសម្រាប់កម្ពុជាបោះជំហានទៅមុខឲ្យលឿនដូចវៀតណាម នៅក្នុងកិច្ចប្រឹងប្រែងផ្នែកគោលនយោបាយការបរទេស។ ការរក្សាទំនាក់ទំនងល្អជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ជាពិសេស ប្រទេសមហាអំណាច គឺជាគន្លឹះដ៏សំខាន់សម្រាប់ជោគជ័យនិងវិបុលភាពរបស់កម្ពុជា៕