ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី១៩ ខែឧសភា ដោយតម្រូវឱ្យបណ្តាធនាគារទាំងអស់ផ្ទៀងផ្ទាត់សញ្ជាតិរបស់អតិថិជនឱ្យបានច្បាស់លាស់ ដែលជាវិធានការថ្មីមួយ ដើម្បីបង្ក្រាបជនបរទេស ដែលកំពុងស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅលើទឹកដីអាម៉េរិក ដោយខុសច្បាប់។
បទបញ្ជាប្រតិបត្តិនេះបានណែនាំដល់និយ័តករធនាគារ និងស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធឱ្យតាមដាន និងស្វែងរកសញ្ញាណាមួយ ដែលបង្ហាញថា ជនដែលគ្មានឋានៈស្នាក់នៅស្របច្បាប់ កំពុងលួចលាក់បើកគណនីធនាគារ បើកកាតឥណទាន ក៏ដូចជាការប្រើប្រាស់ច្រកទូទាត់សាច់ប្រាក់ផ្សេងៗទៀត។
សេតវិមានបានព្រមានថា ស្ថាប័នធនាគារនឹងត្រូវប្រឈមមុខនឹងហានិភ័យឥណទានខ្ពស់ ប្រសិនបើអតិថិជនរបស់ពួកគេត្រូវបាននិរទេសខ្លួនចេញពីប្រទេស ហើយបដិសេធមិនព្រមទូទាត់សងប្រាក់ត្រឡប់មកវិញ ស្របពេលដែលកម្មវិធីឥណទានទាំងអស់សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានបដិសេធ។ សេតវិមានបានសង្កត់ធ្ងន់ថា ខ្លួនមិនអនុញ្ញាតឱ្យប្រព័ន្ធហិរញ្ញវត្ថុជាតិជួបប្រទះនឹងហានិភ័យ ដែលបង្កឡើងដោយការពង្រីកឥណទាន ឬការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ជនបរទេសខុសច្បាប់ឡើយ។
គួររំលឹកថា សេតវិមានបានបង្ហើបសញ្ញាជាច្រើនសប្តាហ៍មកហើយអំពីការត្រៀមចេញបទបញ្ជាប្រតិបត្តិបន្តបន្ទាប់ទៀត ដែលពាក់ព័ន្ធនឹងវិធានការឱ្យធនាគារនានាចាត់វិធានការលើអតិថិជន ដែលគ្មានឯកសារស្របច្បាប់។
កាលពីខែមេសា កន្លងទៅថ្មីៗនេះ លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក ក៏បានលើកឡើងដែរថា ទីក្រុងវ៉ាស៊ីនតោន គួរតែមានច្បាប់តឹងរ៉ឹងជាងមុនក្នុងការអនុញ្ញាតឱ្យបើកគណនីធនាគារ ហើយជនបរទេសខុសច្បាប់មិនគួរមានសិទ្ធិទទួលបានសេវាកម្មហិរញ្ញវត្ថុទូលំទូលាយនៅក្នុងសហរដ្ឋអាម៉េរិកនោះឡើយ៕
ដោយៈ សរ សុជាតិ