អង្គការ ILO ព្រមានទៀតថា បើតម្លៃប្រេងនៅតែខ្ពស់ ពិភពលោកអាចបាត់បង់ការងាររហូតដល់ទៅ១៤ លានកន្លែងនៅឆ្នាំ២០២៦ និងបាត់បង់ការងារ ៣៨លានកន្លែងនៅឆ្នាំ២០២៧ ខណៈដែលប្រាក់ចំណូលរបស់កម្មករនិយោជិតទូទាំងពិភពលោកអាចនឹងធ្លាក់ចុះ ឬបាត់បង់ប្រាក់ចំណូលរហូតដល់៣ទ្រីលានដុល្លារ (៣ពាន់ ពាន់លានដុល្លារ) ហើយថា បណ្តាប្រទេសអារ៉ាប់ និង អាស៊ី-ប៉ាស៊ីហ្វិក នឹងរងផលប៉ះពាល់ខ្លាំងបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានតួកគី Anadolu។
អង្គការពលកម្មអន្តរជាតិ បានព្រមានថា វិបត្តិនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់ការងាររជាច្រើនលានកន្លែងនៅទូទាំងពិភពលោក ដោយសារប្រេងឥន្ធនៈឡើងថ្លៃ ផ្លូវពាណិជ្ជកម្មត្រូវបានរាំងស្ទះ និងវិស័យទេសចរណ៍ដាំក្បាលចុះ ដែលជាលទ្ធផលនឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ អង្គការនេះ បានព្រមានផងដែរថា ប្រសិនបើតម្លៃប្រេងនៅតែខ្ពស់ជាងធម្មតាប្រមាណ៥០% នោះពិភពលោកអាចបាត់បង់ការងារពេញម៉ោងរហូតដល់ទៅ១៤លានកន្លែងនៅឆ្នាំ២០២៦ និង៣៨លានកន្លែងនៅឆ្នាំ២០២៧ ខណៈប្រាក់ចំណូលរបស់កម្មករនិយោជិតទូទាំងពិភពលោក ក៏អាចធ្លាក់ចុះរហូតដល់ទៅប្រមាណ១,១ ទ្រីលានដុល្លារនៅឆ្នាំ២០២៦ និង ៣ទ្រីលានដុល្លារនៅឆ្នាំ២០២៧។
អង្គការ ILO បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសអារ៉ាប់ និងប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ប្រឈមនឹងហានិភ័យខ្ពស់បំផុត ពីព្រោះប្រទេសទាំងនេះពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ថាមពល និងផ្លូវពាណិជ្ជកម្មនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងតម្រូវការពលករចំណាកស្រុកនៅក្នុងបណ្ដាប្រទេសនៅឈូងសមុទ្រពែក្ស។ វិបត្តិនេះ ក៏នឹងធ្វើឱ្យការចំណាកស្រុករបស់ពលករចំណាកស្រុកទៅកាន់បណ្ដាប្រទេសនៅឈូងសមុទ្រពែក្សថយចុះ ហើយការផ្ញើប្រាក់របស់ពលករចំណាកស្រុកទៅគ្រួសាររបស់ពួកគេនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ធ្លាក់ចុះទៅតាមនោះដែរ៕
ដោយ: តែម សុខុម