ជម្លោះពន្ធគយរវាងអាម៉េរិក និងបារាំងបានឡើងកម្តៅជាថ្មី មុនលោកត្រាំចេញដំណើរទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ។ លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានចំៗថា បារាំងត្រូវតែលុបចោលការយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិកជាបន្ទាន់ បើមិនចង់ឃើញផលិតផលស្រារបស់ខ្លួនរងពន្ធក្នុងកម្រិតខ្ពស់បំផុតដល់ទៅ១០០%នោះទេ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនគ្មានជម្រើសអ្វីក្រៅពីការវាយបកវិញនោះទេ ប្រសិនបើប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅតែបន្តរឹងរូសយកពន្ធ ៣% លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាម៉េរិក។ លោកបានសង្កត់ធ្ងន់ថា បើបារាំងមិនដកពន្ធចេញទេ នោះអាម៉េរិកនឹងអនុវត្តពន្ធ១០០% ភ្លាមៗលើរាល់មុខទំនិញស្រាទាំងអស់រាប់ចាប់តាំងពីស្រាទំពាំងបាយជូរ រហូតដល់ស្រាសាំប៉ាញដ៏ល្បីល្បាញរបស់បារាំង ដែលនាំចូលទៅកាន់ទីផ្សារអាម៉េរិក។ ការគំរាមកំហែងទុកជាមុននេះ កើតឡើងចំពេលដែលមេដឹកនាំទាំងពីរគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយគ្នានៅក្រៅកិច្ចប្រជុំ G7។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសបារាំងបានដាក់ឱ្យអនុវត្តកាតព្វកិច្ចពន្ធឌីជីថល៣%ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកដូចជាក្រុមហ៊ុន Google, Apple, Facebook, Amazon និង Microsoft ជាដើម ដែលច្បាប់ពន្ធនេះបានជួយឱ្យទីក្រុងប៉ារីស ប្រមូលចំណូលចូលថវិកាជាតិបានប្រមាណ ៨៧០ លានដុល្លារក្នុងមួយឆ្នាំៗ។
ទោះជាយ៉ាងណាសារព្រមានរបស់លោក ត្រាំ នាពេលនេះ ហាក់ដូចជាបានវាយបកទៅលើការអះអាងរបស់លោកប្រធានាធិបតី ម៉ាក្រុង កាលពីសប្តាហ៍មុន ដែលធ្លាប់បានលើកឡើងថា ជម្លោះពន្ធគយមួយនេះត្រូវបានដោះស្រាយ និងលែងស្ថិតនៅក្នុងរបៀបវារៈ នៃការជជែកវែកញែកក្នុងចំណោមប្រទេស G7 ទៀតហើយ៕
ដោយៈ សរ សុជាតិ