លោក Zelenskiy ប្រធានាធិបតី បានប្រាប់សន្និសីទសារព័ត៌មានមួយ ក្នុងពេលជួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រីអេនដើសុន (Magdalena Andersson) ថា«ការពិតទៅ អ៊ុយក្រែនបាននឹងកំពុងពិភាក្សារកដំណោះស្រាយយ៉ាងសស្រាក់សស្រាង ជាមួយប្រទេសទួរគី និងអង្គការសហប្រជាជាតិ ដើម្បីធានាសន្តិសុខ និងដឹកគ្រាប់ធញ្ញជាតិ ដែលចេញពីកំពង់ផែរបស់អ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកឡើងវិញ ព្រោះបានអាកខានជាច្រើនខែមកហើយដោយសារការឈ្លានពានពីសំណាក់រុស្ស៊ី»។
គួរជម្រាបថា អ៊ុយក្រែនគឺដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេមួយរបស់ពិភពលោក ហើយបានចោទប្រកាន់ប្រកាន់រុស្ស៊ីជាច្រើនលើកមកហើយថា បានរារាំងការដឹកគ្រាប់ធញ្ញជាតិចេញទៅកាន់ពិភពលោក។ ហើយលោក Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា គ្រាប់ធញ្ញជាតិ ២២ លានតោនត្រូវបានជាប់គាំងនៅក្នុងពេលនេះ បូករួមទាំងការប្រមូលផលបន្ថែមទៀតមានប្រហែល ៦០ លានតោនដែលរំពឹងទុកនៅរដូវស្លឹកឈើជ្រុះខាងមុខ។
ទោះបីជាយ៉ាងណា ប្រទេសរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានរារាំងការដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនម្តងណាឡើយ ផ្ទុយទៅវិញទីក្រុងម៉ូស្គូបានអះអាងថា អ៊ុយក្រែនទេដែលត្រូវស្តីបន្ទោសនោះ ចំពោះអ្វីដែលវិមានក្រឹមឡាំងហៅថា ជាការអសមត្ថភាពក្នុងដោះមីននៅកំពង់ផែទាំងនោះរបស់ខ្លួន។
ទន្ទឹមនឹងការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកនេះដែរ មន្ត្រីជាន់ខ្ពស់ទួរគីម្នាក់បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសតួកគីបានស្ទាក់ចាប់បានកប៉ាល់ដឹកទំនិញរបស់រុស្ស៊ីមួយគ្រឿង ហើយបានស៊ើបអង្កេតឃើញថា នាវានោះបានដឹកគ្រាប់ធញ្ញជាតិជាច្រើនតោនក្នុងគោលបំណងលួចរត់តាមសមុទ្រខ្មៅ។
ពីដើមរៀងមក ទីក្រុងកៀវបានចោទប្រកាន់ទីក្រុងមូស្គូពីបទលួចគ្រាប់ធញ្ញជាតិពីទឹកដីរបស់ខ្លួន ដែលកងកម្លាំងរុស្ស៊ីបានរឹបអូសចាប់តាំងពីមានការឈ្លានពានរបស់ខ្លួន។ ដោយឡែក វិមានក្រឹមឡាំងក៏ធ្លាប់បានបដិសេធជាច្រើនលើកជាច្រើនសារមកហើយថា រុស្ស៊ីមិនបានលួចគ្រាប់ធញ្ញជាតិអ៊ុយក្រែនអ្វីនោះទេ។
បើតាមមន្ត្រីជាន់ខ្ពស់ទួកគីម្នាក់បានគូសបញ្ជាក់ថា «កប៉ាល់ឈ្មោះ ហ្សីបេក ហ្សូលី (Zhibek Zholy) ត្រូវបានបញ្ជាឲ្យផ្អាកដំណើរនៅកំពង់ផែការ៉ាស៊ូ (Karasu) ប្រទេសទួកគី»។ ហើយ «ការចោទប្រកាន់នេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដោយនៅលើគ្រាប់ធញ្ញជាតិមិនត្រូវបានសរសេរថា ជាកម្មសិទ្ធិរបស់នរណានោះទេ»។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនលោកវ៉ាសីល បូដណា (Vasyl Bodnar) បាននិយាយតាមទូរទស្សន៍ជាតិអ៊ុយក្រែនថា ជោគវាសនារបស់កប៉ាល់រុស្សីនេះនឹងត្រូវសម្រេចដោយកិច្ចប្រជុំរបស់អ្នកស៊ើបអង្កេតជំនាញនៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយអ៊ុយក្រែនកំពុងសង្ឃឹមថា នឹងអាចរឹបអូសគ្រាប់ធញ្ញជាតិដែលត្រូវបានលួចនោះមកវិញ។
សូមបន្ថែមបន្តិចថា មន្ត្រីក្រសួងការបរទេសអ៊ុយក្រែនមួយរូបដែលត្រូវបានស្រង់សម្តីដោយទីភ្នាក់ងាររ៉យទ័រនៅថ្ងៃសុក្រថា៖ «កប៉ាល់ឈ្មោះ ហ្សីបេក ហ្សូលី ដែលមានចំណុះជាង ៧០០០ តោន បានផ្ទុកគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រហែល ៤៥០០ តោន ពីកំពង់ផែប៊ើរដីយានស៍ (Berdyansk) ដែលជាកំពង់ផែកាន់កាប់ដោយរុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន»៕