រោងចក្រទាំង២នេះ រួមមាន រោងចក្រស្រាបៀរ Hanuman Beverages និងរោងចក្រស្រាបៀរ Vattanac Brewery។ សរុបមកទល់ពេលនេះ មានរោងចក្រផលិតស្រាបៀរធំៗនៅកម្ពុជា បានកើនឡើងដល់ ៥រោងចក្រហើយកំពុងប្រកួតប្រជែងគ្នាយ៉ាងសម្បើមទាំងសេវាកម្ម គុណភាព និង តម្លៃ ជាមួយនឹងតម្រូវការកើនឡើងយ៉ាងខ្លាំង។
កាលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ រោងចក្រផលិតស្រាបៀរដ៏ធំមួយ របស់ក្រុមហ៊ុន វឌ្ឍនៈ បានសម្ពោធបើកដំណើរការ ដែលរោងចក្រស្រាបៀរនេះ ត្រូវបានគេស្គាល់ថា ជារបស់អ្នកឧកញ៉ា សំ អាង ម្ចាស់ធនាគារវឌ្ឍនៈ និងជាអ្នកជំនួញជើងចាស់មានឥទ្ធិពលមួយរូបនៅកម្ពុជា។ រោងចក្រស្រាបៀររបស់ក្រុមហ៊ុនវឌ្ឍនៈ មានទំហំដើមទុនវិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិក។ រោងចក្រ មានសមត្ថភាពផលិតស្រាបៀរបានដល់ទៅ ៧៦លានកេសឯណោះ នៅក្នុងមួយឆ្នាំ ដែលមានទីតាំងស្ថិត សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីនេះ នៅក្នុងខែតុលាកន្លងទៅនេះដែរ រោងចក្រស្រាបៀរធំមួយទៀត គឺ Hanuman Beverages ក៏បានបើកដំណើរការផលិតស្រាបៀររបស់ខ្លួនដែរ ដោយរោងចក្រមួយនេះ ត្រូវបានគេដឹងថា ជារបស់លោកជំទាវ ខៀវ សស៊ីលៀប ដែលជាអ្នកជំនួញលេចធ្លោរនៅកម្ពុជា។ រោងចក្រស្រាបៀរហានុមាន បានបោះទុនវិនិយោគជាង ១៦០លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងក្រនេះ បានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ១ពាន់៦រយកន្លែងផងដែរ។ជុំវិញនឹងការវិនិយោគលើរោងចក្រស្រាបៀរនេះដែរ ត្រូវានអ្នកជំនាញ មើលឃើញថា បើនិយាយនៅក្នុងន័យសេដ្ឋកិច្ច វាបានចូលរួមចំណែកច្រើនក្នុងការជួយផ្ដល់ការងារ និងបង់ពន្ធជាច្រើនចូលរដ្ឋផងដែរ។
បើតាមប្រសាសន៍របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលកន្លងទៅនេះ ធ្លាប់បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន ៣០ ដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០ ក្នុងនោះ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ គឺស្ថិតនៅក្នុងចំណោមលំដាប់ជួរមុខគេ តួយ៉ាងដូចជា ក្រុមហ៊ុនផលិតស្រាបៀរ Heineken និងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាជាដើម។
គួរបញ្ចាក់ថា បើរាប់ពីចំនួនរោងចក្រផលិតស្រាបៀរធំៗនៅកម្ពុជាវិញ ឃើញថា បច្ចុប្បន្ន មានរោងចក្រធំៗចំនួន៥ហើយ ដែលកំពុងបើកដំណើរការផលិតស្រារបៀរនៅកម្ពុជា រួមមាន រោងចក្រផលិតស្រាបៀរអង្គរ របស់ក្រុមហ៊ុនCambrew, រោងចក្រផលិតស្រាបៀរកម្ពុជា, រោងចក្រស្រាបៀរ Heineken, រោងចក្រស្រាបៀរហានុមាន និង រោងចក្រស្រាបៀរវឌ្ឍនៈ៕អត្ថបទ៖ ហួន ស្រីនីត