អង្គការវឌ្ឍនភាពសហគមន៍ (Community Advancement Organization) ជាអង្គការមួយដែលជួយកសិករចំនួនជាង ៤៥០ គ្រួសារឲ្យត្រៀមខ្លួនបន្ថែមក្នុងរបរកសិកម្ម នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង នឹងបានចូលក្នុងបញ្ជីឈ្មោះស្ថាប័ន ដែលទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ ដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart។
ស្ថាប័នមួយទៀតដែលទទួលបានជំនួយពីមូលនិធិនេះគឺអង្គការ ចិត្តសង្គមអន្តរវប្បធម៌ (Transcultural Psychosocial Organization) ដែលមានបំណងផ្ដល់សេវាប្រឹក្សាពិគ្រោះយោបល់សុខភាពផ្លូវចិត្តដល់ក្រុមងាយរងគ្រោះនៅក្នុង ខេត្តបន្ទាយមានជ័យ។
ជាមួយនឹងការផ្ដល់ជំនួយមូលនិធិដល់គម្រោងថ្មីចំនួន ២ បន្ថែមទៀត នៅពេលនេះ មូលនិធិដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart បានកំពុងជួយគាំទ្រដល់គម្រោងចំនួន ១១ ផ្សេងៗគ្នា ដែលគម្រោងទាំងនោះមានគោលដៅជួយទ្រទ្រង់ដល់ប្រជាពលរដ្ឋកម្ពុជានៅអំឡុងពេលនៃស្ថានភាពលំបាកនេះ។
លោក ឥន ផាន្នី គ្រូកសិកម្មនៃអង្គការវឌ្ឍនភាពសហគមន៍ ដែលបណ្ដុះបណ្ដាលកសិករនៅក្នុងខេត្តស្វាយរៀង និងជួយបង្កើនជំនាញដល់កសិករទាំងនោះ បានមានប្រសាសន៍ថា៖ «មូលនិធិទឹកប្រាក់ ១ លានដុល្លា ដើម្បីប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន Smart Axiata កំពុងជួយផ្ដល់ឱកាសសេដ្ឋកិច្ចដល់ក្រុមគ្រួសារប្រជាពលរដ្ឋតាមទីជនបទ ដែលក្នុងនោះមានអ្នកខ្លះបាត់បង់ការងារ ដោយសារតែវីរុសកូវីដ១៩។ មូលនិធិនេះមិនត្រឹមតែផ្ដល់លទ្ធភាពដល់ក្រុមគ្រួសារទាំងនោះឲ្យអាចផលិតចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទ្រទ្រង់ដល់ប្រាក់ចំណូលគ្រួសាររបស់គេផងដែរ។»
អង្គការវឌ្ឍនភាពសហគមន៍ ក៏ផ្ដល់ជាពូជដំណាំ និងសត្វចិញ្ចឹមយកសាច់ ដើម្បីជួយកសិករបង្កើនទិន្នផលផលិតកម្មរបស់ខ្លួនផងដែរ។
វេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តសង្គមអន្តរវប្បធម៌ បានមានប្រសាសន៍ថា៖ «ជំងឺកូវីដ១៩ គឺជាករណីដែលអាចប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។ ជំងឺនេះប៉ះពាល់មកលើមនុស្សគ្រប់គ្នានៅលើភពផែនដី ដោយពុំគិតពីភេទ ជាតិសាសន៍ ឬសាសនាឡើយ។ ជំងឺរាតត្បាតនេះបានបង្កឲ្យមានការភ័យខ្លាច ភាពមិនច្បាស់លាស់ និងទុក្ខព្រួយសម្រាប់មនុស្សជាច្រើន មិនថាក្នុងលក្ខណៈណានោះទេ។ លោកបានបន្ថែមទៀតថា សម្រាប់ប្រជាជនដែលងាយរងគ្រោះ ក្ដីបារម្ភ និងទុក្ខព្រួយបែបនេះអាចបង្កឲ្យមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរបាន»។
វេជ្ជបណ្ឌិត សុធារ៉ា បានបន្ថែមយ៉ាងដូច្នេះថា៖ «នៅពេលយើងប្រឈមជាមួយស្ថានភាពលំបាកដូច្នេះ មិនមែនមានតែសុខភាពផ្លូវកាយតែមួយមុខទេ ដែលយើងចាំបាច់ត្រូវតែបារម្ភនោះ។ យើងក៏គួរយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះស្ថានភាពផ្លូវចិត្តរបស់យើង និងសុខភាពផ្លូវចិត្តរបស់អ្នកដែលងាយរងគ្រោះជាងគេបំផុត។ ប្រសិនបើអ្នកមានអារម្មណ៍ថា សុខភាពផ្លូវចិត្តរបស់អ្នកកាន់តែមានសភាពតានតឹង ហើយអ្នកលែងអាចទ្រាំទ្រនឹងស្ថានភាពបែបនោះទៀតបាន ដូច្នេះ សូមមេត្តាស្វែងរកជំនួយពីអ្នកជំនាញ។ ដោយមានការគាំទ្រពីក្រុមហ៊ុន Smart យើងរំពឹងថា នឹងអាចពង្រីកសេវាពិគ្រោះយោបល់ និងសេវាដំបូន្មានសុខភាពផ្លូវចិត្តបន្ថែមទៀតនៅតាមសហគមន៍ដែលងាយរងគ្រោះខ្លាំងជាងគេបំផុត»។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាព ដែលមានឱកាសបានជួយគាំទ្រដល់គម្រោងសំខាន់ៗបែបនេះ។ វិស័យកសិកម្មជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ច កម្ពុជា ដូច្នេះការផ្ដល់ជំនាញថ្មីៗដល់កសិករគឺជារឿងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាននៃវិស័យនេះ។ វិបត្តិសុខភាពសាធារណៈជាសកលនាពេលនេះ ដែលពុំធ្លាប់មានពីមុនមកសោះនោះ កំពុងបង្កឲ្យមានភាពតានតឹង និងក្ដីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់មនុស្សជាច្រើន ដូច្នេះវារឹតតែសំខាន់ថែមទៀត ដែលមូលនិធិរបស់ក្រុមហ៊ុន Smart ផ្ដល់ជំនួយទៅឲ្យសេវាថែទាំសុខភាពផ្លូវចិត្ត ដែលអាចត្រូវបានគេមើលរំលងថា បើគ្មានសេវានេះទេ នោះនឹងមានផលវិបាកគ្រោះថ្នាក់ពិតប្រាកដដោយសារតែវិបត្តិសកលយ៉ាងធំធេងនាពេលនេះ»។
ការផ្ដល់មូលនិធិជំនួយដល់គម្រោងថ្មីពីរនេះត្រូវបានអនុម័តដោយគណៈកម្មការវាយតម្លៃ ដែលមានសមាសភាពជា ភាគីពាក់ព័ន្ធចម្រុះ ក្នុងនោះរួមមានក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងតំណាងឯករាជ្យមកពីកម្ពុជា ហើយការអនុម័តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការផ្ទៃក្នុង ៕