លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ជាអ្នកជំនាញផ្នែកអចលនទ្រព្យបានវាយតម្លៃថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងដែលទើបមានការអភិវឌ្ឍន៍ថ្មីថ្មោង ហើយតម្លៃដីនិងផ្ទះសម្បែងបានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ គឺ តំបន់ជ្រោយចង្វារ និង បឹងទំពុន ឬ ផ្លូវ៦០ម៉ែត្រ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate រូបនេះ បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ន តំបន់ដែល High Class ល្អជាងគេ គឺ តំបន់កោះពេជ្រ ដែលមានការអភិវឌ្ឍខ្លាំងយូរមកហើយ នៅទីនោះ មានអគារលំដាប់ថ្នាក់អន្តរជាតិជាច្រើន មជ្ឈមណ្ឌលពាណិជ្ជកម្ម បុរី និង ខុនដូរយ៉ាងច្រើនស្អេកស្កះ ដូចប្រទេសអភិឌ្ឍន៍។
ដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតំបន់អភិវឌ្ឍន៍ថ្មីថ្មោង ដែលនឹងក្លាយជាទីក្រុងរណបប្រកបដោយសក្តានុពលខ្លាំង គឺ ៖
- តំបន់ជ្រោយចង្វារ ជាតំបន់អភិវឌ្ឍន៍ថ្មី ដែលនៅដីទំនេរច្រើន ងាយស្រួលក្នុងការអភិវឌ្ឍន៍ វិនិយោគធំៗ ដែលមានសក្តានុពលខ្លាំង ពីព្រោះ តំបន់នោះ មានផ្លូវ លូ និង ដីចាក់ស្មើរួចហើយ រង់ចំាតែការវិនិយោគសាងសង់អគារផ្សេងៗតែប៉ុណ្ណោះ។
- តំបន់បឹងទំពុន ឬ ផ្លូវ៦០ម៉ែត្រ ដែលទីនោះ តម្លៃដីឡើងថ្លៃលឿន ពីព្រោះ ដីនៅធំទូលាយច្រើន ដែលអំណោយផលសម្រាប់វិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅភ្នំពេញ។ បច្ចុប្បន្ន ហាងឆេងដីធ្លីនៅទីនោះ គេចែកជាផ្នែកៗ ដោយតម្លៃដីខ្ពស់បំផុតនៅតំបន់នោះ មានតម្លៃចន្លោះ ពីង ១០០០ ទៅ ១៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និង តំបន់ទាបបំផុត តម្លៃចន្លោះ ពី ៣០០ ទៅ ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ នៅថ្ងៃអនាគត តំបន់អភិវឌ្ឍន៍ថ្មី ទំាង ២ ខាងលើនេះ នឹងក្លាយជាការអភិវឌ្ឍន៍ទីក្រុងរណបដ៏ធំ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និង ជាទីកន្លែងដ៏ល្អសម្រាប់ការវិនិយោគ៕
None