ប៉ុន្ដែ ជាការកត់សម្គាល់ឃើញមួយជ្រុងទៀតរបស់ ខេមបូណូមីស គឺចូលដល់ឆ្នាំ២០១៨នេះ មានមហាសេដ្ឋីល្បីឈ្មោះមួយចំនួននៅកម្ពុជា បាននិងកំពុងបន្លាយនូវទស្សនៈរបស់ខ្លួនកាន់តែវែងឆ្ងាយ ជាមួយនឹងការវិនិយោគលើគម្រោងអគារមជ្ឈមណ្ឌលសន្និបាត ពិព័រណ៍ ឬហៅថា អគារសម្រាប់រៀបចំមង្គលការ។ ក្នុងនោះ មានមហាសេដ្ឋីគ្រាក់ៗ៣រូប ដែលបាននិងកំពុងបោះទុនវិនិយោគសាងសង់អគារសន្និបាត និងពិព័រណ៍ ឬហៅថា អគាររោងការនេះ រួមមាន៖
អ្នកឧកញ៉ា ពុង ឃាវសែ
ត្រូវបានមហាជនជាច្រើនឲ្យរហ័សនាមថា ជាតារាជំនួញអាត់កឺ អ្នកឧកញ៉ា ពុង ឃាវសែ បាននិងកំពុងសាងសង់សំណង់ទីក្រងរណប អគារខ្ពស់ៗ និងគម្រោងសំខាន់ៗជាច្រើនទៀត។
ភាពជោគជ័យធំបំផុតមួយដែលត្រូវបានគេសម្គាល់ឃើញថា ជាស្នាដៃធំរបស់ក្រុមហ៊ុន OCIC របស់មហាសេដ្ឋីរូបនេះ គឺការអភិវឌ្ឍទីក្រុងរណបកោះពេជ្រ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនាពេលបច្ចុប្បន្ន ពិសេស គឺមានមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ធំជាងគេនៅទីនោះផងដែរ។
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនេះ គឺជាទីតាំងធំជាងគេមួយសម្រាប់រៀបចំពិធីនានា ពិសេស ពិធីមង្គលការតែម្ដង។ ប៉ុន្ដែ ក៏មានការកកស្ទះចរាចរណ៍ជាប្រចាំផងដែរ នៅពេលមានកម្មវិធីម្ដងៗនៅទីនោះម្ដងៗ។
ជាចក្ខុវិស័យក្នុងការអភិវឌ្ឍថ្មី នៅលើទឹកដីទីក្រុងរណបជ្រោយចង្វារ ភាគខាងជើងរាជធានីភ្នំពេញ ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ក៏ធ្លាប់បានប្រកាសថា ខ្លួនគ្រោងដកមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ឬហៅថា អគារសម្រាប់រៀបចំមង្គលការនៅកោះពេជ្រនេះ មកធ្វើការសាងសង់ថ្មីនៅទីក្រុងរណបជ្រោយចង្វារផងដែរ។ ក្រុមហ៊ុនក៏ធ្លាប់បានអះអាងដែរថា អាចនៅឆ្នាំ២០១៩ខាងមុខនេះ អគារសន្និបាត និងពិព័រណ៍ នៅតំបន់ជ្រោយចង្វារ នឹងបើកឲ្យអតិថិជនធ្វើការកក់ជួលទីតាំងសម្រាប់រៀបចំកម្មវិធីផ្សេងៗបានហើយ។
ទោះយ៉ាងណា គិតមកដល់ខែមេសា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅតែបើកដំណើរការជួលឲ្យរៀបចំកម្មវិធីផ្សេងៗដូចធម្មតា មិនទាន់មានឃើញការរុះរើអ្វីនៅឡើយទេ។
អ្នកឧកញ៉ា លី យ៉ុងផាត់
ជាអ្នកមានដើមកំណើតពីខេត្តកោះកុង ហើយបច្ចុប្បន្ន ត្រូវបានមហាជនហៅថា ជាស្ដេចជំនួញកោះកុង អ្នកឧកញ៉ា លី យ៉ុងផាត់ បាននិងកំពុងក្ដោបក្ដាប់ជំនួញពហុវិស័យនៅកម្ពុជា អ្វីដែលគួរឲ្យកត់សម្គាល់នោះ ចូលមកដល់ឆ្នាំ២០១៨នេះ មហាសេដ្ឋីសម្បូរទ្រព្យនិងល្បីឈ្មោះរូបនេះ ក៏បានឈានជើងចូលក្នុងការវិនិយោគអចលនទ្រព្យ សំណង់លំនៅដ្ឋានផងដែរ ព្រមជាមួយនឹងការវិនិយោគលើអគារសន្និបាតនិងពិព័រណ៍ ឬហៅថា មជ្ឈមណ្ឌលរៀបមង្គលការដ៏ប្រណីតមួយ នៅលើទឹកដីខណ្ឌសែនសុខ ផងដែរ។
អគារសម្រាប់រៀបចំមង្គលការ ដែលមានតម្លៃជាទឹកប្រាក់វិនិយោគជាង១០លានដុល្លារនេះ គឺជាការបោះជំហានលើកដំបូងហើយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការចូលមកប្រកួតប្រជែងដណ្ដើមយកទីផ្សារក្នុងវិស័យនេះ ខណៈដែលបច្ចុប្បន្ន ក៏មានការសាងសង់អគារនេះជាច្រើនដែរ តែមិនសូវជាមានការវិនិយោគធំៗនោះទេ។
គម្រោងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ ដែលផ្ដល់សេវាកម្មរៀបចំកម្មវិធីផ្សេងៗ ពិសេស កម្មវិធីរៀបចំមង្គលការនេះនឹងត្រូវសាងសង់បញ្ចប់រួចរាល់ នៅក្នុងខែកក្កដា ឆ្នាំ២០១៨នេះ ហើយ ខណៈដែលបច្ចុប្បន្ន ក៏មានការអនុញ្ញាតឲ្យអ្នកដែលនឹងត្រូវរៀបចំអាពាហ៍ពិពាហ៍នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ខាងមុខនេះ អាចទំនាក់ទំនាក់មកក្រុមហ៊ុនដោយផ្ទាល់ ដើម្បីកក់រោងការជាបណ្ដើរៗ ផងដែរ។
គម្រោងដែលបានបោះទុនសាងសង់ជាង ១០លានដុល្លារមួយនេះ មានអគារសរុបចំនួន ៧អគារ ហើយក្នុងមួយបន្ទប់ អាចដាក់តុការបានចាប់ពី ៥០តុ ឡើងទៅ ហើយបើរំលាយបន្ទប់នៃអគារទាំង៧នេះ បញ្ចូលគ្នា អាចដាក់បានរហូតដល់ ៥០០តុការ ស្មើនឹងចំនួនមនុស្ស ៥០០០នាក់ ខណៈដែលទីធ្លាចតរថយន្ដមានសមត្ថភាពដាក់រថយន្ដបានរហូតដល់ ១២០០គ្រឿង និងម៉ូតូ ៧០០គ្រឿង។
លោកឧកញ៉ា ថៃ ជាហួត
ប្រហែជាមិនសូវមានមនុស្សច្រើនទេ ដែលស្គាល់ឈ្មោះអ្នកជំនួញចិត្តមោះមុត គិតល្អិតល្អន់ និងមើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍបុរីលំនៅដ្ឋាននៅកម្ពុជាម្នាក់នេះ ប៉ុន្ដែ បើនិយាយពីបុរី ប៉េង ហួត អ្នកនៅភ្នំពេញប្រហែលជាស្គាល់ច្បាស់ណាស់ ព្រោះ បុរីលំដាប់ខ្ពស់មួយនេះបាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួនកាន់តែខ្លាំងឡើងៗ។
ថ្មីៗនេះទៀតសោត ម្ចាស់បុរី ប៉េង ហួត រូបនេះ ក៏បានបោះទុនរាប់រយលានដុល្លារសាងសង់ផ្សារទំនើបធំៗ ចំនួន២ផងដែរ។ ជាមួយគ្នានោះ ក្រុមហ៊ុន បុរី ប៉េង ហួត ក៏មានគម្រោងសាងសង់អគារសន្និបាត ពិព័រណ៍ និងរៀបចំមង្គលការចំនួន២ទីតាំង ដែលស្ថិតនៅក្នុងគម្រោងមេអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុននេះ។
ទីតាំងទី១នោះ គឺស្ថិតក្នុងទីតាំងគម្រោងសួនកម្សាន្តបែបអឺរ៉ុប តាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ២គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ)។ តាមផែនការមេ គម្រោងនោះនឹងត្រូវសាងសង់ទៅតាមដំណាក់កាល ហើយគម្រោងអគារសន្និបាតនិងពិព័រណ៍នេះ ក៏នឹងសាងសង់រួចរាល់ឆាប់ៗនេះផងដែរ។
ទីតាំងទី២ គឺស្ថិតនៅក្បែរគ្នានឹងគម្រោងផ្សារទំនើប PH Diamond Place របស់បុរី ប៉េង ហួត ដែរ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្នុងចង្កោមអភិវឌ្ឍន៍នៃទីក្រុងរណប ING City។ ក្រៅពីគម្រោងធំៗ ២នេះ បុរី ប៉េង ហួត ក៏នឹងធ្វើការអភិវឌ្ឍចម្រុះ ដូចជា បុរីលំនៅដ្ឋានប្រណីតៗ អគារខុនដូនិងការិយាល័យខ្ពស់ៗ ព្រមជាមួយនឹងអគារការិយាល័យកណ្ដាលថ្មីរបស់ប៉េង ហួត គ្រុប នៅទីតាំងនោះផងដែរ ខណៈដែលផ្ទៃដីសរុបទាំងអស់មានរហូតដល់ជាង ៤០ហិកតា។ ទោះយ៉ាងណា គម្រោងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍មួយនេះ នៅមិនទាន់ដឹងថា នឹងត្រូវចាប់ផ្ដើមសាងសង់ពេលណា និងបញ្ចប់ពេលណានៅឡើយទេ។
សូមជម្រាបដែរថា សម្រាប់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ ដែលមានលក្ខណៈធំទូលាយ ដែលអាចដាក់ភ្ញៀវបានរាប់ពាន់នាក់ គឺមានតែស្ថិតនៅទីតាំងកោះពេជ្រមួយប៉ុណ្ណោះ ប៉ុន្ដែ ទីតាំងនេះ ក៏មានការកកស្ទះ ពិបាកធ្វើដំណើរទៅមកផងដែរ នៅពេលដែលមានកម្មវិធីម្ដងៗ។
ដូច្នេះ ប្រសិនបើមានមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ធំៗថ្មីៗ នឹងត្រូវបានបង្កើតឡើងនៅតាមតំបន់សំខាន់ៗមួយចំនួនបន្ថែមទៀតនោះ វាក៏ជាផ្នែកមួយជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយកម្រិតផងដែរ៕