ព្យាករណ៍សេដ្ឋកិច្ច​កម្ពុជា

ធនាគារពិភពលោក ទម្លាក់ការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ បន្ដិចវិញ ខណៈឆ្នាំ២០២០ រក្សាការព្យាករនៅដដែល!


ធនាគារពិភពលោក នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២០នេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានរក្សាការព្យាករសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២០នេះ ថានឹងរួញទំហំ ឬធ្លាក់ចុះប្រមាណ -២% ដែលវាគឺមានដូចទៅនឹងការព្យាករកាលពីចុងខែកញ្ញាដែរ។ ប៉ុន្ដែ សម្រាប់ឆ្នាំ២០២១ ធនាគារពិភពលោកបានទម្លាក់ការព្យាកររបស់ខ្លួនបន្ដិចមកវិញ ដោយថាសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងត្រឹមតែជិត៤% ប៉ុណ្ណោះ ខណៈដែលកាលពីខែចុងកញ្ញាកន្លឹងទៅ ធ្លាប់ព្យាករថាស្ទុះកើនឡើងដល់ទៅ ៤,៣%។
កម្ពុជានិងប្រទេស៣ផ្សេងទៀតនៅអាស៊ាន មានកំណើនសេដ្ឋកិច្ចដាំក្បាលចុះ «ដកក្រោមសូន្យ» (រូបភាព៖ ហេង ភារម្យ)

តាមរបាយការណ៍​របស់​ធនាគារ ពិភពលោកដដែលនេះ បាន​គូសបញ្ជាក់ថា ការធ្លាក់ចុះ នៃសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅឆ្នាំ២០២០ និងកំណើន​មានការថយចុះ​ជាងមុន​នៅឆ្នាំ២០២១នោះ គឺ​ បណ្ដាល​មកពី វិបត្តិ​ដែលបង្កឡើង​ដោយវិបត្តិ​កូវីដ-១៩។ 

យ៉ាងណាក៏ដោយចុះ ធនាគារពិភពលោក​បាន​លើកឡើងថា នៅពេលដែល​មានការធូរស្រាល​បន្ដិច​នៅក្នុង​វិធានការ​រក្សា​សុវត្ថិភាព​សង្គម សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​កំពុងតែ​វិលទៅរក​ប្រក្រតីភាព​បន្ដិចម្ដងៗវិញហើយ។ អន្តរាគមន៍ក្នុងកម្រិត​ដែលមិនធ្លាប់មាន​របស់​រាជរដ្ឋា​ភិបាល បាន​ជួយ​មួយ​ផ្នែក​ក្នុង​ការទ្រទ្រង់ដល់​ផ្នែក​ទទួល​ទាន​ប្រើ​ប្រាស់​ឱ្យនៅស្ថិតស្ថិរ ហើយ​អតិផរណា​ក៏ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ជាប់ផង​ដែរ។ ដោយឡែក លំហូរនៃ​ការវិនិយោគផ្ទាល់​ពីបរទេស​ទៅក្នុង​គម្រោង​ក្រៅ​ឧស្សាហកម្មកាត់ដេរ​និង​ទៅ​ក្នុង​វិស័យ​កសិកម្មនៅ​តែ​បន្ត​កើនឡើង ទំនង​ជា​ដោយ​សារ​ភាពទាក់​ទាញ​របស់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដែលកម្ពុជា​កំពុងធ្វើ​​ជាមួយ​ប្រទេស​នានា​ក្នុងតំបន់។

ទោះបីជា​ការនាំចេញ​សរុបនៃ​ផលិតផលកម្មន្តសាល​បាន​រង​ការ​ប៉ះទង្គិច​ពី​ការ​រាត​ត្បាតជំងឺនេះ​ក៏ដោយ ក៏កំណើន​នៅ​តែ​បន្ត​មាន​ក្នុង​ការនាំចេញ​ផលិតផល​រោងចក្រដទៃទៀត មាន​កង់, គ្រឿងបង្គុំអគ្គិសនី, និង​គ្រឿងបន្លាស់​រថយន្ត​ និង​គ្រឿង​ផ្សំ​នានា ហើយ​ការ​នាំចេញ​អង្ករ​និងផលិតផល​កសិកម្មផ្សេងទៀត​​នៅ​មាន​សន្ទុះ​ខ្លាំងក្លា។ ជាមួយ​គ្នានេះ ទេសចរណ៍​ក្នុង​ស្រុកបាន​ជួយ​មួយ​ផ្នែក​ក្នុង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​និង​ការ​ធ្វើ​ដំណើរ កម្រើក​ឡើងវិញ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រង​ប្រចាំប្រទេស​របស់​ធនាគារ​ពិភពលោក មាន​ប្រសាសន៍ថា៖ «ចក្ខុវិស័យ​កំណើន​របស់​កម្ពុជា​នៅប្រឈម​នឹង​ភាព​មិនប្រាកដប្រជា​ច្រើនណាស់។ គោលដៅ​ដ៏សំខាន់​បំផុត​នៃគោលនយោបាយ​នាពេលនេះ​គឺ ជា​បន្ទាន់ ​ត្រូវ​ធ្វើ​យ៉ាងណា​ស្តារ​ឡើងវិញ​នូវ​ការងារ​ដែលបាត់បង់​ ឬ​ដែល​ត្រូវព្យួរ​ដោយ​សារ​តែ​​ការរាលដាលជំងឺនេះ”។ 

លោកស្រី​បន្ថែមទៀតថា៖ “ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក​និង​ពីបរទេស​ឱ្យ​ទាញយក​ផលចំណេញ​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​និង​ក្នុង​តំបន់ដែលត្រូវ​បាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះ អាចធ្វើ​ទៅរួចតាម​រយៈការ​ដាក់ចេញឱ្យ​បាន​ឆាប់រហ័សនូវច្បាប់​វិនិយោគ​មាន​ភាពប្រកួត​ប្រជែង និងប្រការ​លើកទឹក​ចិត្ត​នានា​ដល់ការវិនិយោគ អម​ដោយវិធានការ​ទាំងឡាយ​សំដៅ​បង្កភាពងាយ​ស្រួលដល់ការ​ធ្វើ​អាជីវកម្ម​​ផង​ដែរ។”

ជាអនុសាសន៍ របស់ធនាគារពិភពលោក បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​ការ​វិនិយោគ​សាធារណៈ​សម្រាប់​ជួយ​​ដល់ជនក្រីក្រី និង​សម្រាប់​ជំរុញ​កំណើន រួម​មាន​ទាំងកម្មវិធី​បង្កើត​ការ​ងារ​ជា​ថ្នូរ​យក​ប្រាក់​កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ហើយទន្ទឹមគ្នានេះ លើកកម្ពស់វិស័យ​អតិពលកម្មនានាដើម្បី​បង្កើត​ការ​ងារ​ក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័ស​នៃ​តម្រូវការ​ទំនិញ​ប្រើ​ប្រាស់​ក្នុង​ស្រុក។

គួរបញ្ជាក់ថា នៅមុន​ធនាគារ​ពិភពលោក​ចេញ​របាយការណ៍​ប៉ុន្មានថ្ងៃ ធនាគារ អភិវឌ្ឍន៍អាស៊ី ក៏បាន​ចេញរបាយការណ៍​ថ្មីមួយ​របស់ខ្លួន​ដោយបាន​ព្យាករ​ពីសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅឆ្នាំ២០២០នេះ ថានឹងធ្លាក់ចុះ-៤% ខណៈដែល​ឆ្នាំ២០២១ នឹង​ស្ទុះងើបឡើង​ដល់ទៅ ៥,៤%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញ សាទរចំពោះការសម្រេចកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលមួយចំនួន

ព័ត៌មាន
វិស័យឯកជន ក៏ដូចជាអ្នកផលិតក្នុងស្រុកបានសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយ និងពន្ធអាករពិសេសលើមុខទំនិញនាំចូលម…

ហ្វីលីពីន ទទួលបានថវិកា ៩០០​លានដុល្លារ ពីធនាគារ​ពិភពលោក សម្រាប់​គម្រោងចំនួន២

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចអនុម័ត គម្រោងចំនួន២ ដោយមានតម្លៃជាទឹកប្រាក់៩០០ លានដុល្លារ ដើម្បីគាំទ្រដល់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ