សារព័ត៌មានជប៉ុន Nikkei ចុះផ្សាយនៅថ្ងៃទី២១ វិច្ឆិកា ថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson (បូរីស ចនសុន) បានថ្លែងពីផែនការយោធានេះនៅក្នុងសុន្ទរកថាតាមអនឡាញ ទៅកាន់រដ្ឋសភាអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ កន្លងមក ។
លោក ចនសុន និយាយថា "ឆ្នាំក្រោយនេះ នាវាចម្បាំងដែលមានផ្ទុកយន្តហោះ ឈ្មោះ HMS Queen Elizabeth នឹងដឹកនាំក្រុមការងារអង់គ្លេស និងសម្ព័ន្ធមិត្ត នៅក្នុងការដាក់ពង្រាយទៅកាន់តំបន់អាស៊ី ដោយរួមបញ្ចូលមហាសមុទ្រមេឌីទែរ៉ាណេ មហាសមុទ្រឥណ្ឌា និងតំបន់អាស៊ីបូព៌ា ។"
លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរី ចនសុន មិនបានផ្ដល់ព័ត៌មានលម្អិតអំពីផែនការយោធានេះទេ ប៉ុន្តែ គេគិតថា ផែនការនេះទំនងជាចង់បញ្ជូនសារមួយទៅកាន់ប្រទេសចិន ដែលបានធ្វើការបង្ក្រាបផ្នែកនយោបាយនៅក្នុងក្រុងហុងកុង ជាហេតុនាំឲ្យមានភាពតានតឹងផ្នែកការទូតជាមួយចក្រភពអង់គ្លេស ។
សារព័ត៌មាននៅអង់គ្លេស ផ្សាយថា នាវាចម្បាំងរបស់អង់គ្លេសអាចនឹងចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពសហរដ្ឋអាមេរិក និងជប៉ុន ព្រមទាំងប្រតិបត្តិការសេរីភាពនាវាចរណ៍ ៕