អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែនលក់មាសសុទ្ធអស់ជិត១៣ពាន់លានដុល្លារពីទុនបម្រុង អំឡុងពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី


ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែនបានលក់ទុនបម្រុងជាមាសសុទ្ធ ដែលមានតម្លៃជិត១៣ ពាន់លានដុល្លារ ចាប់តាំងពីផ្តើមធ្វើសង្គ្រាមប្រឆាំងការលុកលុយរបស់រុស្ស៊ីនាថ្ងៃទី២៤ខែកុម្ភៈ។ នេះបើតាមទេសាភិបាលរងធនាគារកណ្តាលអ៊ុយក្រែនប្រាប់ទៅកាន់ទូរទស្សន៍ក្នុងស្រុក។ ការប្រកាសឱ្យដឹងពីទំហំទុនបម្រុងមាសអ៊ុយក្រែនដែលត្រូវបានលក់អំឡុងពេលសង្គ្រាមនេះ ធ្វើឡើងនៅស្របពេលដែលភាគីរុស្ស៊ី បានប្រកាសពីការរៀបចំដំណាក់កាលបន្ទាប់នៃសមរភូមិប្រយុទ្ធក្នុងទឹកដីអ៊ុយក្រែនដូចគ្នា។
អ៊ុយក្រែនលក់មាសអស់ជិត១៣ពាន់លានដុល្លារធ្វើសង្គ្រាមជាមួយរុស្ស៊ី

ទេសាភិបាលរងធនាគារកណ្តាលអ៊ុយក្រែនលោកស្រី កាធឺរីណា រូកូវ៉ា (Kateryna Rozhkova) និយាយថា មូលហេតុនៃការលក់មាសចេញដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនមែនដើម្បីឱ្យរក្សាតម្លៃរូបិយបណ្ណអ៊ុយក្រែនឡើយ ប៉ុន្តែដើម្បីឱ្យអ្នកនាំចូលទំនិញរបស់អ៊ុយក្រែន អាចទិញទំនិញចាំបាច់សម្រាប់ប្រទេសជាតិ អំឡុងពេលដ៏លំបាកមួយនេះ។

ស្របពេលដែលអ៊ុយក្រែនកំពុងមានមាសដែលជាទុនបម្រុងសម្រាប់បន្ដដង្ហើមនោះ ភាគីរុស្ស៊ីមិនអនុញ្ញាតឱ្យអ៊ុយក្រែនអាចដកដង្ហើមបានស្រួលឡើយ។ គ្រាប់រ៉ុក្កែត និងកាំជ្រួចរបស់រុស្ស៊ីបានវាយលុកទីក្រុងនានា ហើយត្រូវបានរដ្ឋាភិបាលទីក្រុងកៀវអះអាងថា បានសម្លាប់មនុស្សរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក វ៉ាឌីម ស្គីបីតស្គី(Vadym Skibitskyi) អ្នកនាំពាក្យសម្រាប់ការស៊ើបការណ៍យោធាអ៊ុយក្រែបានអះអាងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៊ីមិនត្រឹមតែបាញ់កាំជ្រួចពីលើអាកាស និងសមុទ្រប៉ុណ្ណោះទេ គេអាចមើលឃើញការបាញ់ផ្លោងចេញពីលើដីតាមបន្ទាត់ខ្សែជួរមុខទាំងអស់នៃសមរភូមិ ហើយថែមទាំងមានការប្រើប្រាស់យ៉ាងសកម្មនៃយន្តហោះយុទ្ធសាស្ត្រ និងឧទ្ធម្ភាគចក្រវាយប្រហារផងដែរ។ ទាំងនេះត្រូវបានភាគីអ៊ុយក្រែនអះអាងថា ជាការបង្ហាញយ៉ាងច្បាស់អំពីការត្រៀមលក្ខណៈបង្កើនការប្រយុទ្ធរបស់រុស្ស៊ី នៅក្នុងសង្គ្រាមដ៏ក្ដៅគគុកនៅអ៊ុយក្រែន។

យោធាអ៊ុយក្រែនបាននិយាយដែរថា រុស្ស៊ីហាក់ដូចជាកំពុងរៀបចំទ័ពឡើងវិញសម្រាប់ការវាយលុកឆ្ពោះទៅកាន់ទីក្រុង ស្លូវៀន(Sloviansk) ដែលជាទីក្រុងដ៏សំខាន់កាន់កាប់ដោយអ៊ុយក្រែននៅក្នុងតំបន់ភាគខាងកើតប្រទេស នៃខេត្ត Donetsk។

គួរជម្រាបថា រុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីលច្រើនជាង ៣ពាន់គ្រាប់គិតមកទល់ពេលនេះ តែដោយមិនបានរាប់បញ្ចូលចំនួនគ្រាប់កាំភ្លើងធំ និងការវាយប្រហារផ្សេងទៀតនោះទេ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គី។

ដោយឡែក កាលពីចុងសប្តាហ៍មុន អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមេទ្រី មេតមេដេវ បានចេញមុខជាថ្មីទៀត មកព្រមានថា ដរាបណាគេមិនទទួលស្គាល់ថា តំបន់គ្រីមៀជាទឹកដីរុស្ស៊ី នោះការគំរាមកំហែងលើរុស្ស៊ីនៅតែមាន។

ការចេញមកអះអាងបែបនេះ គឺនៅក្រោយពេលដែល មន្ត្រីអ៊ុយក្រែនម្នាក់បានស្នើថា គ្រីមៀ ដែលពិភពលោកភាគច្រើននៅតែទទួលស្គាល់ថា ជាផ្នែកមួយនៃអ៊ុយក្រែន អាចជាគោលដៅសម្រាប់មីស៊ីល HIMARS ផលិតដោយសហរដ្ឋអាមេរិក ដែលទើបផ្តល់ឱ្យអ៊ុយក្រែន ដើម្បីដាក់ពង្រាយប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយសម្រាប់អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ សម្រាប់ការចេញមកប្រតិកម្មជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ កន្លងមកមនុស្សសិ្នទនឹងលោកពូទីនរូបនេះ ធ្លាប់បានព្រមានសហរដ្ឋអាមេរិកអំពីគ្រោះថ្នាក់នៃការប៉ុនប៉ងដាក់ទណ្ឌកម្មលើមហាអំណាចនុយក្លេអ៊ែរ ដូចជារុស្ស៊ី ជុំវិញសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន ដោយនិយាយថា វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតផ្ទាំងសូឡារបស់ជប៉ុនសម្លឹងឃើញឱកាសប្រកួតប្រជែងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនផលិតផ្ទាំងសូឡារបស់ប្រទេសជប៉ុនមានបំណងពង្រីកការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬហៅថាផ្ទាំងសូឡា នៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ដ…

អេស៊ីលីដាចូលរួមផ្តល់ឥណទានសម្រាប់ការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ

ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេមួយនៅកម្ពុជា បានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងសហហិរញ្ញប្បទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ