ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកការឈ្លានពានអ៊ុយក្រែនជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ដោយបានប្រៀបធៀបវាជាការងើបបះបោរប្រឆាំងនឹងអនុត្តរភាព (ភាពប្រសើរគ្មានអ្វីផ្ទឹមបាន) របស់សហរដ្ឋអាមេរិក។ អនុត្តរភាពអាមេរិកវិមានក្រឹមឡាំងចាត់ទុកថា បានធ្វើឱ្យរុស្ស៊ីបាក់មុខ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតនាឆ្នាំ១៩៩១មកម្ល៉េះ។
សម្រាប់ភាគីអ៊ុយក្រែន និងអ្នកគាំទ្រអ៊ុយក្រែន គឺលោកខាងលិច បានហៅការធ្វើសង្គ្រាមទល់នឹងរុស្ស៊ីលើកនេះថា ជាការប្រយុទ្ធដើម្បីការរស់រានមានជីវិត ប្រឆាំងនឹងការដណ្តើមឈ្លានពានទឹកដីតាមបែបអធិរាជផ្តាច់ការ ហើយដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំប្រជាជនជាង ១០លាននាក់ចេញពីផ្ទះសម្បែង និងធ្វើឲ្យប្រទេសខ្ទិចខ្ទី។
យ៉ាងណាក៏ដោយ ជាសារយ៉ាងច្បាស់ដើម្បីផ្ញើទៅកាន់វិមានក្រឹមឡាំង លោក John J. Sullivan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី Donald Trump បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី TASS ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូមិនគួរផ្តាច់ទំនាក់ទំនងការទូតដោយសារតែបញ្ហាសង្រ្គាមនៅអ៊ុយក្រែននោះ ពោលភាគីទាំងពីរត្រូវតែរក្សាផ្លូវសម្រាប់ការជជែកគ្នាទៅវិញទៅមក។
គួរកត់សម្គាល់ថា បើគេមិនរាប់បញ្ចូលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ភាពរកាំរកោសរឿងចារកម្ម និងការខ្វះគំនិតគ្នាខ្លះៗ ដែលសេសល់ពីសម័យសង្គ្រាមត្រជាក់ ឃើញថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនធ្លាប់ត្រូវបានកាត់ផ្តាច់ឡើយ ចាប់តាំងពីសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងជាផ្លូវការ ជាមួយសហភាពសូវៀតក្នុងឆ្នាំ១៩៣៣មក។ ទោះយ៉ាងណារដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខេន កាលពីខែមុនបាននិយាយថា អាមេរិកនិងរុស្ស៊ីមិនបែកគ្នាទាំងស្រុកឡើយ តែក៏មិនត្រូវគ្នាវិញដូចពីមុនដែរ។
គួរជម្រាបថា ក្រសួងការបរទេសរុស្ស៊ីកាលពីចន្ទ បានកោះហៅប្រធានការិយាល័យផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃស្ថានទូតអាមេរិក ដើម្បីមកសួរនាំអំពីអ្វីដែលខ្លួនបានអះអាងថា ជាការចុះផ្សាយ ប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងបង្ហាញពីភាពមិនសមរម្យរបស់ទីក្រុងវ៉ាស៊ីនតោន៕