ដោយឡែក ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចមួយរូបរបស់ប្រធានាធិបតី អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនក៏បានស្នើសុំទៅក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ G7 សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន៥០ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍ប្រទេសឡើងវិញ។ នេះបើយោងទៅតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតី អ៊ុយក្រែន លោកហ្សេលេនស្គី បានបង្ហោះសារនៅលើគណនី Twitter របស់លោកថា៖ លោកបានពិភាក្សាជាមួយនាយកគ្រប់គ្រង IMF គឺលោកស្រីហ្សកហ្ស៊ីវ៉ា (Georgieva) អំពីបញ្ហានៃការធានាស្ថិរភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន និងការត្រៀមរៀបចំសម្រាប់ការកសាងប្រទេសឡើងវិញក្រោយសង្គ្រាមជាមួយរុស្សី។ លោក ហ្សេលេនស្គីបន្ថែមថា អ៊ុយក្រែនមានផែនការច្បាស់លាស់សម្រាប់ពេលនេះ ក៏ដូចជាចក្ខុវិស័យទៅថ្ងៃខាងមុខ។ ហើយលោកហ្សេលេនស្គីប្រាកដថា កិច្ចសហប្រតិបត្តិការរវាង IMF និងអ៊ុយក្រែននឹងបន្តទទួលបានផ្លែផ្កា។
នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី គ្រីស្តាលីណា ហ្សកហ្ស៊ីវ៉ា បានឆ្លើយតបតាមរយៈការបង្ហោះសារលើបណ្តាញ Twitter ដូចគ្នាថា៖ «សូមអរគុណ សម្រាប់ការពិភាក្សាគ្នាដ៏មានន័យនៅក្នុងគ្រាដ៏លំបាកនេះ»។ លោកស្រីបន្តថា ការគាំទ្រផ្នែកហិរញ្ញវត្ថុគឺជាការចាំបាច់ណាស់ ក្នុងការចាក់គ្រឹះកសាងប្រទេសអ៊ុយក្រែនឡើងវិញ។
ការជជែកគ្នារវាងថ្នាក់ដឹកនាំទាំងពីរធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេននី ស្មីហាល់(Denys Shmyhal) បានបង្ហើបថា លោកនឹងចូលរួមកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ដោយរំពឹងថា នឹងស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះបាននិយាយថា អ៊ុយក្រែនត្រូវការប្រាក់បន្ថែមទៀតសម្រាប់ការអនុវត្តកាតព្វកិច្ចមនុស្សធម៌ និង សង្គម។ បច្ចុប្បន្ន មានតែពាក់កណ្តាលនៃសេដ្ឋកិច្ចរបស់អ៊ុយក្រែនប៉ុណ្ណោះ ដែលកំពុងដំណើរការ ដូច្នេះ អ៊ុយក្រែនត្រូវការសុំជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។
ជុំវិញបញ្ហាថវិកាជំនួយដដែលនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចមួយរូបរបស់អ៊ុយក្រែនបានបង្ហើបឲ្យដឹងដែរថា ទីក្រុងកៀវគ្រោងនឹងស្នើសុំទៅក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬស្គាល់ថា G7 សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៥០ពាន់លានដុល្លារហើយក៏កំពុងពិចារណាផងដែរក្នុងការចេញបណ្ណបំណុល ដើម្បីយកមកទូទាត់ឱនភាពថវិកាសម្រាប់រយៈពេល៦ខែខាងមុខ។ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ G7 ដែលក្នុងនោះរួមមាន សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេសជាដើម៕