ការលើកឡើងពីទីក្រុងកៀវបែបនេះ ធ្វើឡើងស្របពេលដែលទីក្រុងម៉ូស្គូ មិនទាន់បានបន្ថយការវាយប្រហារនោះទេ ខណៈដែលសង្គ្រាមកំពុងស្ថិតក្នុងសប្តាហ៍ទី៨ហើយគិតមកទល់ពេលនេះ។ តាមការគ្រោងទុក កងទ័ពរុស្ស៊ីបានបើកការវាយលុកនៅភាគខាងកើតអ៊ុយក្រែន នៅស្ទើរតែគ្រប់ខ្សែត្រៀមជួរមុខទៅហើយចាប់ពីព្រឹកថ្ងៃអង្គារទី១៩មេសាមក។ មន្ត្រីអ៊ុយក្រែនបានពិពណ៌នាសមរភូមិនៅតំបន់ដុនបាសនេះថា ជាដំណាក់កាលទីពីរនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
កន្លងមកអ៊ុយក្រែនមិនធ្លាប់រៀបរាប់ពីផលប៉ះពាល់ជាក់លាក់ណាមួយ លើហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួន ដូចជា ផ្លូវថ្នល់ និង ស្ពាន នោះទេ។ ប៉ុន្តែនៅដើមសប្តាហ៍ នេះរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនលោក អូលេកសានឌឺ គូប្រាកូវ(Oleksander Kubrakov) បាននិយាយថា ការខូចខាតសរុប លើអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីប្រព័ន្ធដឹកជញ្ជូន ដល់លំនៅដ្ឋាន និង អគារផ្សេងទៀត គឺមានទំហំខូចខាតម្លៃប្រហែល ៥០០ពាន់លានដុល្លារអាមេរិកហើយ គិតមកទល់ពេលនេះ។
រដ្ឋមន្ត្រីរូបនេះអះអាងថា ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីកាលពីចុងខែកុម្ភៈមក វាបានប៉ះពាល់បំផ្លិចបំផ្លាញប្រមាណ ២០% ទៅ ៣០% នៃហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ជាមួយនឹងកម្រិតនៃការ ខូចខាត និងការបំផ្លិចបំផ្លាញខុសៗគ្នា។
រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនលោក Kubrakov បាននិយាយទៀតថា ស្ពានជាង ៣០០ស្ពាន ត្រូវបានបំផ្លាញខូចខាត ខណៈផ្លូវប្រវែង ៨ពាន់គីឡូម៉ែត្រត្រូវការជួសជុល ឬ សាងសង់ឡើងវិញ ហើយស្ពានតភ្ជាប់ផ្លូវដែករាប់សិបខ្សែទៀតត្រូវបានគេបំផ្ទុះផងដែរ។ អ្នកជំនាញបានធ្វើការប៉ាន់ប្រមាណថា ការជួសជុល និងកសាងឡើងវិញ អាចចំណាយទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារអាមេរិក។
បើផ្អែកតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ក្រុមការងារបានចាប់ផ្តើមការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែន។
នៅក្នុង ៥សប្តាហ៍ នៃសង្រ្គាម កងកម្លាំងរុស្ស៊ីបានរំកិលចូលមកជិតទីក្រុងកៀវ ដែលបានបណ្តាលឱ្យមានការបំផ្លាញយ៉ាងច្រើនក្នុងទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។ ទាហានរុស្ស៊ីបានដកថយពីភាគខាងជើងជុំវិញរដ្ឋធានីមួយនេះវិញ ដើម្បីទៅផ្តោតលើការវាយលុកនៅភាគខាងកើត និងខាងត្បូង ជាកន្លែងដែលទីក្រុងកំពង់ផែ Mariupol ត្រូវបានឡោមព័ទ្ធនិងបំផ្លិចបំផ្លាញស្ទើររាបដល់ដី។
យ៉ាងណាក៏ដោយ អ៊ុយក្រែនរំពឹងថា ប្រទេសលោកខាងលិចនឹងគាំទ្រការកសាងឡើងវិញរបស់អ៊ុយក្រែន តាមរយៈមូលនិធិពីប្រភពជាច្រើន។ ជាក់ស្តែង សហភាពអឺរ៉ុបបាននឹងកំពុងស្វែងរកការបង្កើតមូលនិធិអន្តរជាតិមួយ សម្រាប់ការកសាងឡើងវិញ ខណៈដែលអ្នកនយោបាយសហភាពអឺរ៉ុបមួយចំនួនបានអំពាវនាវឱ្យប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដោយទណ្ឌកម្មពីប្រទេសលោកខាងលិច រួមទាំងទឹកប្រាក់ ៣០០ពាន់លានដុល្លារនៅក្នុងទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ី យកមកកសាងអ៊ុយក្រែនឡើងវិញផងដែរ។
រុស្សីចាប់ផ្តើមសមរភូមិភាគខាងកើតនៃតំបន់ដុនបាស
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃអង្គារទី១៩មេសានេះ បាននិយាយថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសមរភូមិក្តៅនៅតំបន់ Donbas ភាគខាងកើតហើយ ដោយបានប្រើប្រាស់កងកម្លាំងជាច្រើននៃកងទ័ពរបស់រុស្ស៊ីទាំងមូលលើការវាយលុកនេះ។
ទោះបីជាបែបនេះក្តីប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេលេនស្គី បានថ្លែងតាមរយៈសារវីដេអូយ៉ាងដូច្នេះថា៖«មិនថាទាហានរុស្ស៊ីត្រូវបញ្ជូនមកទីនេះប៉ុន្មាននាក់នោះទេ យើងនឹងប្រយុទ្ធ យើងនឹងការពារខ្លួនយើង»។ យ៉ាងណាមិញ មិនមានការបំភ្លឺភ្លាមៗណាមួយ ពីក្រសួងការពារជាតិរុស្ស៊ីអំពីការប្រយុទ្ធគ្នាចុងក្រោយនៅដុនបាសនោះទេ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ អ៊ុយក្រែនបានរាយការណ៍ថា មានការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ នៅតាមខ្សែជួរមុខក្នុងតំបន់ ដូណេកស៍(Donetsk) ជាមួយនឹងការបាញ់ផ្លោងបានកើតឡើងនៅតំបន់មួយចំនួនក្បែរៗនោះ។ ក្រៅពីនោះ ការបំផ្ទុះក៏ត្រូវបានគេឭផងដែរនៅក្នុងទីក្រុង Kharkov នៅភាគឦសាន ខណៈដែលសំឡេងស៊ីរ៉ែនដែលបញ្ជាក់ពីការវាយប្រហារតាមអាកាស ក៏បានបន្លឺឡើងផងដែរនៅពាសពេញតំបន់ភាគខាងកើត និងខាងត្បូងនៃប្រទេសអ៊ុយក្រែន៕