អ៊ុយក្រែនប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

អ៊ុយក្រែនប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ «ត្រូវចាត់វិធានការលើរុស្ស៊ីភ្លាម បើមិនដូច្នេះទេស្ថាប័នគួររំលាយចោលទៅ»


អំឡុងពេលថ្លែងសារទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខឲ្យចាត់វិធានការភ្លាមៗតែម្តង ទៅលើរុស្ស៊ីកុំទុកយូរទៀតអី បើធ្វើមិនបានទេ ស្ថាប័ននេះគួរតែរំលាយចោលទៅ។
អ៊ុយក្រែនប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ «ត្រូវចាត់វិធានការលើរុស្ស៊ីភ្លាម បើមិនដូច្នេះទេស្ថាប័នគួររំលាយចោលទៅ»

ទន្ទឹមនឹងការថ្លែងដូចនេះ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេលេនស្គី បានបង្ហាញខ្សែវីដេអូខ្លីមួយ ដែលបង្ហាញអំពីសាកសពកំពុងឆេះ ស្នាមប្រឡាក់ឈាម ត្រូវបានគេបាញ់សម្លាប់ចងដៃទៅក្រោយ ក្នុងនោះរួមមាន សាកសពកុមារផងដែរក្នុងទីក្រុង អ៊ីបភីន(Irpin) ឌីមើការ(Dymerka) ក្រុងកំពង់ផែម៉ារីយូប៉ូល(Mariupol) និងរូបភាពនៅក្រុងប៊ូឆា(Bucha) ជាដើម ដែលទាំងអស់នេះសុទ្ធសឹងជាកន្លែងដែលអ៊ុយក្រែនចោទប្រកាន់ថា ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិលរាប់រយនាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។ 

ក្រោយ​ការ​ថ្លែង​ពី​ភាគី​អ៊ុយ​ក្រែ​ន ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ លោក វ៉ា​ស៊ី​លី ប៊េ​ន​នេ​ហ្សៀ​(Vassily Nebenzia) បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា កងទ័ព​រុ​ស្ស៊ី​មិន​បាន​កំណត់​គោលដៅ​វាយប្រហារ​លើ​ជន​ស៊ី​វិល​នោះ​ទេ​។ លោក​បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ ហើយ​ចោទ​ត្រឡប់​ទៅ​ភាគី​អ៊ុយ​ក្រែ​ន​វិញ​ថា កំពុង​តែ​ភូតភរ​កុហក​អន្តរជាតិ​។ ដូច​ការ​បដិសេធ​ពី​វិមាន​ក្រឹម​ឡាំង​កាលពី​ពេល​កន្លង​មក​ដែរ តំណាង​របស់​រុ​ស្ស៊ី​នៅ​ក្រុមប្រឹក្សាសន្តិសុខ​រូប​នេះ និយាយ​ថា ពេល​ដែល​ក្រុង​ប៊ូ​ឆា​(Bucha) ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី​មិន​មាន​ជន​ស៊ី​វិល​ណា​ម្នាក់​បាន​ទទួល​រង​អំពើ​ហិង្សា​ណាមួយ​ឡើយ​។

យ៉ាងណា​ក្តី នេះ​ជា​ការ​សាចទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ភាគី​ទាំង​ពីរ​ជុំវិញ​បញ្ហា​សម្លាប់​ជន​ស៊ី​វិល​នៅ​អ៊ុយ​ក្រែ​ន​នេះ​។ គេ​អាច​វិនិច្ឆ័យ ស​-​ខ្មៅ​បាន លុះត្រាតែ​មានការ​ប្រមូល​ភស្តុ​តាង និង ការ​ស៊ើបអង្កេត​ដោយ​អ្នកជំនាញ​តែ​ប៉ុណ្ណោះ​។ 

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​នៅ​ត្រង់​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ចោទសួរ​ចំ​ៗ​តែ​ម្តង ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​អស់​ពេល​ជាង​មួយ​ខែ​មក​ហើយ​ចាប់តាំងពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន ស្ថាប័ន​មួយ​នេះ​មិន​មាន​សកម្មភាព​អ្វី​សោះ​ទៅ​លើ​រុ​ស្ស៊ី​។ 

គួរ​ជម្រាប​ថា ប្រទេស​រុ​ស្ស៊ី ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា មាន​សិទ្ធិ​វេតូ ដើម្បី​រារាំង​ដំណោះស្រាយ និង​ទណ្ឌកម្ម​នានា ដែល​ដាក់​មក​លើ​ខ្លួន​។ ជាក់ស្តែង​កន្លង​មក ក្រុង​ម៉ូ​ស្គូ​បាន​ប្រើ​សិទ្ធិ​នេះ​ម្តង​ហើយ​ម្តងទៀត ដើម្បី​ការពារ​ខ្លួនឯង​ពី​សម្ពាធ​នានា​។ 

នៅ​ចំពោះ​មុខ​ក្តី​លំបាក​នេះ លោក​ហ្សេ​លេ​ន​ស្គី​បាន​ជំរុញ​ឲ្យ​ស្ថាន​ប័ន​អន្តរជាតិ​មួយ​នេះ ធ្វើការ​កែទម្រង់​ស្ថាប័ន​របស់​ខ្លួន ព្រោះ​លោក​អះអាង​ថា រុ​ស្ស៊ី​កំពុង​ប្រើប្រាស់​សិទ្ធិ​វេតូ មក​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត និង​ប្រឆាំង​ជាមួយ​អង្គការសហប្រជាជាតិ​វិញ​ហើយ​។ 

ក្រឡេក​មើល​ចិន​វិញ​ម្តង​លោក​អ្នក​នាង​, ចិន​ដែល​បាន​បោះ​ឆ្នោត​អនុប្បវាទ​ក្នុង​សេចក្តីសម្រេច​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថ្កោលទោស​រុ​ស្ស៊ី ហាក់​បង្ហាញ​ការ​ស្ទាក់ស្ទើរ​អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ កាលពី​ថ្ងៃ​អង្គារ​។ លោក ចាង ជុន (Zhang Jun) តំណាង​ទីក្រុង​ប៉េ​កាំ​ង​នៅ​UN មិន​បាន​និយាយ​អ្វី​ច្រើន​ឡើយ​ពេល​ឃើញ​ខ្សែ​វី​ដេ​អូ ជន​ស៊ី​វិល​ត្រូវ​បាន​គេ​សម្លាប់​ដែល​បង្ហាញ​ដោយ​ភាគី​អ៊ុយ​ក្រែ​ន​។ លោក ចាង ជុន គ្រាន់តែ​បាន​ទទូច​ឲ្យ ស៊ើបអង្កេត​បន្ថែម​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​លើ​ការ​សម្លាប់​ជន​ស៊ី​វិល​ទាំង​អស់នេះ​។

យ៉ាងណាមិញ គេ​ឃើញ​មាន​ភាព​ភ្ញាក់​ផ្អើ​រ​បន្តិច​ដែរ ភ្ញាក់ផ្អើល​ក៏​ដោយសារ​តែ​ភាគី​ឥណ្ឌា ដែល​កន្លង​មក​តែង​ព្យាយាម​ឈរ​ជំហរ​កណ្តាល​ក្នុង​សំណុំរឿង​នៅ​អ៊ុយ​ក្រែ​ន មិន​គាំទ្រ​រុ​ស្ស៊ី ហើយ​ក៏​មិន​បាន​ប្រឆាំង​រុ​ស្ស៊ី បាន​ចេញ​មុខ​មក​ថ្កោលទោស​ការ​សម្លាប់​អាយុជីវិត​ជន​ស៊ី​វិល​នៅ​ប៊ូ​ឆា​។ តំណាង​ក្រុង​ញូ​ដេ​លី បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​បញ្ហា​នេះ​។ 

ទណ្ឌកម្មថ្មីៗបន្តធ្លាក់មក លើម៉ូស្គូដូចភ្លៀងរលឹម

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោកស្រី លី​ស ទ្រឺ​ស និយាយ​ថា ៦០%​នៃ​ល្បែង​បង្ហូរឈាម​របស់​លោកពូ​ទី​ន ត្រូវ​បាន​គាំង​ជាប់​ហើយ ដោយសារ​តែ​ទណ្ឌកម្ម​។ ប្រមុខ​ការទូត​ចក្រភព​អង់គ្លេស​រូប​នេះ បាន​អះអាង​ថា ទណ្ឌកម្ម​ច្រើន​ទៀត​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​សង្កត់​រុ​ស្ស៊ី​ឲ្យ​បាន​តែ​ម្តង​។ 

រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​តាំងពី​ដើម​រហូត​មក​ទល់​នឹង​ពេល​នេះ កំពុង​ជំរុញ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ឱ្យ​ធ្លាក់​ចុះ​ដុនដាប ត្រឡប់​ទៅ​រក​សម័យ​សហភាព​សូ​វៀត​វិញ​ហើយ​។ លោកស្រី​បាន​បន្ថែម​ថា ប្រាក់​បម្រុង​រូបិយ​បណ្ណ​បរទេស​មាន​ត​ម្លែ​ជាង ៣៥០​ពាន់​លាន​ដុល្លារ របស់​រុ​ស្ស៊ី​គឺ​បាន​បង្កក​រួច​ហើយ​។ 

ប្រមុខ​ការទូត​ចក្រភព​អង់គ្លេស​រូប​នេះ បាន​អំពាវនាវ​វិធានការ​បន្ថែម រួម​មានការ​ហាមឃាត់​កប៉ាល់​ដឹក​ទំនិញ​រុ​ស្ស៊ី​មិន​ឲ្យ​ចេញពី​កំពង់​ផែ ការ​បង្ក្រាប​លើ​ធនាគារ​រុ​ស្ស៊ី បិទ​ខ្ទប់​ការ​ជួញដូរ​មាស និង​ចុង​ក្រោយ ការ​ព្រមព្រៀង​គ្នា​លើ​ការ​ឈប់​នាំ​ចូល​ប្រេង និង ឧស្ម័ន​របស់​រុ​ស្ស៊ី​។

សូម​ជម្រាប​ថា សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ បាន​ស្នើ​ឡើង​ពី​ការ​ហាមឃាត់​លើ​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​ប្រទេស​រុ​ស្ស៊ី ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដាក់​ទណ្ឌកម្ម​ជា​លើក​ដំបូង ក្នុង​ក្រប​ខណ្ឌ​សហភាព​អឺរ៉ុប ដែល​ផ្តោត​ទៅ​លើ​ឧស្សាហកម្ម​ថាមពល និង​ជា​វិស័យ​មួយ​ជួយ​ឲ្យ​ប្រទេស​រុ​ស្សី​រក​ចំណូល​បាន​ច្រើន​។ 

គួរ​បញ្ជាក់​ថា ប្រសិនបើ​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​ធ្យូងថ្ម​នេះ​ត្រូវ​សហភាព​អឺរ៉ុប​ដាក់​លើ​រុ​ស្ស៊ី​ពិតមែន នោះ​រុ​ស្ស៊ី​នឹង​ខាតបង់​ប្រាក់​៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ យ៉ាងណាមិញ សហភាព​អឺរ៉ុប​មិន​បាន​និយាយ​ពី​ទណ្ឌកម្ម លើ​ប្រេង និង​ឧស្ម័ន ដែល​អឺរ៉ុប​នៅ​តែ​ត្រូវការ​ចាំបាច់​នោះ​ទេ​៕

 

None



អត្ថបទបន្ទាប់


អូស្ត្រាលី អង់គ្លេស និងអាមេរិក ប្រកាសអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ចំពេលស្ថានការពិភពលោកតានតឹងខ្លាំង

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីបានប្រកាសឲ្យដឹងថា ប្រទេសធំៗទាំង៣នេះ នឹងធ្វើការរួមគ្នាតាមរយៈសម្ព័ន្ធភាពសន្តិសុខ ដែលទើបបង្កើត…

ប្រធានាធិបតីស្រីលង្កាថានឹងមិនលាលែងពីតំណែងដាច់ខាត ទោះបីប្រឈមមុខនឹងបាតុកម្មខ្លាំងយ៉ាងណាក៏ដោយ

ប្រធានាធិបតីស្រីលង្កា លោក កូតាប៉ាយា រ៉ាចាប៉ាកសា(Gotabaya Rajapaksa) បានប្រាប់ទៅរដ្ឋសភា ស្រីលង្កានៅថ្ងៃពុធទី០៦មេសា ថា លោកនឹងមិនចុះចេញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ