បន្ថែមពីនេះ ការគំរាមកំហែងនៃការហាមឃាត់ការនាំចេញធ្យូងថ្មី របស់រដ្ឋាភិបាល ក៏កំពុងរារាំងការនាំចេញរបស់ក្រុមហ៊ុនផលិតធ្យូងថ្មឥណ្ឌូនេស៊ី ដែលវាទំនងនឹងធ្វើឲ្យតម្លៃបន្ដកើនឡើងនៅមួយរយៈពេលខ្លីបន្ដទៀត។
តម្លៃធ្យូងថ្មបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីសប្តាហ៍មុន ដោយបានកើនឡើងដល់ ៤០០ដុល្លារក្នុងមួយតោន ដែលបំបែកកំណត់ត្រាថ្មីកាលពីខែតុលាឆ្នាំមុន តម្លៃ២៦៩ដុល្លារក្នុងមួយតោន។ កត្តានេះ បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនជីករ៉ែធ្យូងថ្មកំពូលៗរបស់ឥណ្ឌូនេស៊ីបានហក់ឡើងខ្ពស់ថែមទៀត ចំពេលដែលតម្លៃភាគហ៊ុនរបស់ពួកគេក៏បានកើនឡើងស្រាប់ទៅហើយមួយរយៈកន្លងមកនេះ ដោយសារតែការកើនឡើងនៃតម្រូវការថាមពល នៅគ្រាដែលប្រទេសចិនមានសកម្មភាពសេដ្ឋកិច្ចស្ទុះងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩។
ជាមួយនឹងការកើនឡើងតម្លៃធ្យូងថ្មនេះ ក្រុមហ៊ុន Adaro Energy Indonesia បាននាំមុខគេ ដោយភាគហ៊ុនរបស់ខ្លួនបានកើនឡើង ២៩% ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ ហើយបន្ទាប់មកទៀត តម្លៃភាគហ៊ុនក្រុមហ៊ុន Indika Energy និងក្រុមហ៊ុន Bukit Asam ដែលជាកម្មសិទ្ធិរបស់រដ្ឋឥណ្ឌូនេស៊ី ក៏បានឃើញការកើនឡើងតួលេខភាគរយពីរខ្ទង់ផងដែរ។
សូមជម្រាបថា បច្ចុប្បន្ននេះឥណ្ឌូណេស៊ី ជាប្រទេសនាំចេញធ្យូងថ្មធំជាងគេលើពិភពលោក តាមពីក្រោយដោយអូស្ត្រាលី និងរុស្ស៊ី ខណៈធ្យូងថ្មីនាំចេញពីឥណ្ឌូនេស៊ីភាគច្រើនទៅកាន់អាស៊ីអាគ្នេយ៍ និងភាគខាងកើតនៃទ្វីបអាស៊ី ខណៈរុស្ស៊ីភាគច្រើនដឹកទៅកាន់អាស៊ីខាងកើត និងអឺរ៉ុប។
ក្រោយពីមើលឃើញនូវកំណត់ត្រាហក់ឡើងខ្ពស់នៃតម្លៃធ្យូងថ្មរួចមក រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងកំណត់ទិសដៅទិន្នផលធ្យូងថ្មចំនួន ៦៦៣ លានតោននៅឆ្នាំនេះ កើនឡើង ៨% ពីឆ្នាំ ២០២១។ ក្នុងចំណោមចំនួនទាំងនោះ មាន២៥% ឬប្រហែល ១៦៦ លានតោនត្រូវបានបែងចែកសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។ បើតាម រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី Sri Mulyani Indrawati បាននិយាយថា ប្រាក់ចំណូលរដ្ឋបានមកពីវិស័យរ៉ែ និងធ្យូងថ្ម រួមទាំងពន្ធ ពន្ធនាំចេញ និងសួយសារអាករ បានឈានដល់ជិត ៩ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាតួរលេខខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
គួរដឹងដែរថា ធ្យូងថ្មគឺជាទំនិញនាំចេញដ៏ធំបំផុតតែមួយគត់របស់ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីប្រេងដូង ហើយតម្លៃកាន់តែខ្ពស់សម្រាប់ទំនិញទាំងពីរមុននេះបានជួយប្រទេសនេះរក្សាអតិរេកពាណិជ្ជកម្មកាលពីឆ្នាំមុន៕
អត្ថបទ ស៊ើង និមល់