ជាការពិត ក្រោយពីការចូលឈ្លានពានរបស់រុស្សី ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានធ្លាក់ចុះ ដែលធ្វើឲ្យការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកមានការខ្វះខាត ពិសេសក្នុងទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា។
ផលវិបាកទាំងនេះហើយ កាលពីចុងខែកក្កដា បានជំរុញឲ្យអង្គការសហប្រជាជាតិខ្នះខ្នែងបើកឲ្យមានកិច្ចព្រមព្រៀងជាមួយរុស្សី និងមានការចូលរួមពីប្រទេសតួកគី ក្នុងការបើកផ្លូវឲ្យកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅចំនួនបីឲ្យដំណើរការដឹកជញ្ជូនគ្រាប់ធញ្ញជាឡើងវិញ។
ប៉ុន្តែ ទោះបីជាមានការបើកកំពង់ផែក៏ដោយ ក៏ការនាំចេញកសិផលរបស់អ៊ុយក្រែនមានកម្រិតទាបជាងមុនពេលសង្គ្រាមដដែល ដែលកាលនោះទីក្រុងកៀវអាចនាំចេញគ្រាប់ធញ្ញជាតិរហូតដល់ ៦ លានតោនក្នុងមួយខែៗ។
ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន សម្រាប់រដូវប្រមូលផលឆ្នាំ២០២១-២០២២ ដែលត្រូវបានបញ្ចប់កាលពីចុងខែមិថុនា សម្រេចបានកំណើន៨,៥% មានដ់ទៅ ជាង៤៨លានតោន ដោយសារតែកាលនោះ មានកំណើននៃការដឹកជញ្ជូនចេញ នៅមុនពេលមានការឈ្លានពានពីសំណាក់រុស្ស៊ី។
យ៉ាងណាមិញ សម្រាប់រដូវប្រមូលផលនៅឆ្នាំនេះ រដ្ឋាភិបាលអ៊ុយក្រែនអះអាងថា ខ្លួនអាចប្រមូលផលគ្រាប់ធុញ្ញជាតិយ៉ាងហោចណាស់បាន ៥០ លានតោន ធៀបនឹងកំណត់ត្រាកាលពីឆ្នាំ ២០២១ មាន ៨៦ លានតោនឯណោះ ដែលការធ្លាក់ចុះនេះ គឺដោយសារតែទិន្នផលទាប និងបាត់បង់ទឹកដីផ្នែកខ្លះទៅឲ្យកងទ័ពរុស្សី។
បើទោះបីជាមានការបើកឲ្យនាំចេញគ្រាប់ធញ្ញជាតិក៏ដោយចុះ ប៉ុន្ដែស្ថានភាពនៃសង្គ្រាមនៅអ៊ុយក្រែនវិញ គឺនៅតែបន្ដឆេះឆួលសន្ធោសន្ធៅនៅឡើយទេ។ តួយ៉ាង ក្រោយសង្គ្រាមលុកលុយប្រាំមួយខែមកនេះ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោកឧត្តមសេនីយ វ៉ាលើរី ហ្សាលូហ្សី (Valeriy Zaluzhnyi) បានគូសបញ្ជាក់ជាលើកដំបូងថា ចាប់តាំងបើកការប្រយុទ្ធជាមួយកងកម្លាំងរុស្សីមក មានទាហានអ៊ុយក្រែនជិត ៩ ពាន់នាក់បានស្លាប់ក្នុងសមភូមិ។
លោក ហ្សាលូហ្សី មិនបានបញ្ជាក់ថា តើមានជនស៊ីវិលប៉ុន្មាននាក់ត្រូវបានសម្លាប់ ឬចំនួនកងទ័ពរុស្ស៊ីប៉ុន្មាននាក់ ដែលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានោះទេ ប៉ុន្តែអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប៉ាន់ស្មានថា ការស្លាប់របស់កងទ័ពរុស្សីមានដល់ទៅជាង ៤៥ ម៉ឺននាក់ បើទោះបីជាភាគីរុស្សីមិនបានឆ្លើយតប និងការលើកឡើងនេះក្តី។
ជុំវិញស្ថានការណ៍សង្គ្រាមនេះដែរ ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជំរុញឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហាមឃាត់ទិដ្ឋាការដល់ជនជាតិរុស្សីមិនឲ្យចូលទឹកដីប្រទេសលោកខាងលិច លុះត្រាពួកគេផ្លាស់ប្តូរទស្សនៈរបស់ពួកគេ។ ក៏ប៉ុន្ដែ ត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថ្មីៗនេះ ច្រានចោលការទាមទារនេះ ដោយទីក្រុងវ៉ាស៊ីនតោនលើកឡើងថា ខ្លួនមិនចង់បិទផ្លូវដល់ក្រុមប្រឆាំង និងអ្នកដែលចង់ភាសខ្លួនពីប្រទេសរុស្សីមកកាន់ទឹកដីអាមេរិកនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយថា រដ្ឋបាលលោក Biden បានដាក់កំហិតលើទិដ្ឋាការរបស់មន្ត្រីវិមានក្រឹមឡាំងរួចហើយ ព្រមទាំងអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងការគាំទ្រសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
លើសពីនេះ មេដឹកនាំសហភាពអឺរ៉ុបមួយចំនួនដូចជានាយករដ្ឋមន្រ្តីហ្វាំងឡង់ និងប្រទេសអេស្តូនី បានអំពាវនាវឱ្យហាមឃាត់ទិដ្ឋាការជនជាតិរុស្ស៊ីទូទាំងសហភាពអឺរ៉ុបតែម្តង ក៏ប៉ុន្តែអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជំទាស់នឹងរឿងនេះយ៉ាងដាច់ខាត ដោយនិយាយថា «ប្រជាជនរុស្ស៊ីគួរតែអាចរត់ចេញពីប្រទេសកំណើតរបស់ពួកគេ ប្រសិនបើពួកគេមិនពេញចិត្តនឹងរបបលោកពូទីន៕