សារព័ត៌មានធំៗបានរាយការណ៍ថា ការបង្ហាញវត្តមានដោយផ្ទាល់ដោយមិនបានគ្រោងទុករបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សាឡេនស្គី នៅក្នុងកម្មវិធីសន្និសីទសន្តិសុខដ៏ធំបំផុតរបស់អាស៊ី បានក្លាយជាប្រធានបទ ដែលគ្របដណ្តប់ការចាប់អារម្មណ៍ជារួមនៅក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍កន្លងទៅ ទោះបីប្រមុខការពារជាតិ របស់ប្រទេសចិន បានរិះគន់កោះតៃវ៉ាន់ យ៉ាងចាស់ដៃយ៉ាងណាក៏ដោយ។
ជាមួយនឹងសម្លៀកបំពាក់អាវយឺត ដែលលោក ហ្សាឡេនស្គី តែងតែបង្ហាញខ្លួនចាប់តាំងពីប្រទេសត្រូវបានលុកលុយដោយរុស្ស៊ី លោក បានថ្លែងក្នុងវេទិកាសន្ទនា សាំងរីឡា (Shangri-La) នៅប្រទេសសិង្ហបុរី ដោយស្នើសុំការគាំទ្រ និងការចូលរួមពីគ្រប់ប្រទេសសម្រាប់គម្រោងរៀបចំកិច្ចប្រជុំកំពូលនៅប្រទេសស្វីស នៅចុងខែនេះ ក្នុងគោលបំណងនាំយកសន្តិភាពដល់ប្រទេសដែលរងគ្រោះដោយសារសង្រ្គាមរបស់លោក។
លោកបានថ្លែង ទៅកាន់មន្រ្តីកងទ័ពជាន់ខ្ពស់របស់ប្រទេសទាំង៤៥ថា លោកជឿជាក់ថា ពិភពលោកចង់រួបរួមគ្នា និងមានសមត្ថភាពចូលរួមធានានូវសុខដុមរមនីយកម្មនៅអ៊ុយក្រែន។ លោកបានអះអាងថា លោកមិនអាចជួបគណៈប្រតិភូចិន នៅក្នុងសន្និសីទនោះទេ ហើយលោកពិតជាមានការខកចិត្តដែលទីក្រុងប៉េកាំង មិនចូលរួមកិច្ចប្រជុំសន្តិភាពនេះផងដែរ។ បើតាមសេចក្តីរាយការណ៍របស់ Channel News Asia លោកបានចោទប្រកាន់ប្រទេសចិនថា បានជួយរុស្ស៊ីក្នុងការរំខានដល់គម្រោងរៀបចំសន្និសីទសន្តិភាពដែលរៀបចំដោយប្រទេសស្វីស នាពេលខាងមុខស្តីពីសង្គ្រាមនៅអ៊ុយក្រែន។
លោកបាននិយាយថា ប្រទេសចិន កំពុងដាក់សម្ពាធប្រទេសផ្សេងទៀត និងមេដឹកនាំរបស់ពួកគេមិនឱ្យចូលរួមកិច្ចពិភាក្សានាពេលខាងមុខ ប៉ុន្តែមិនបាននិយាយថា ប្រទេសណាមួយឡើយ ហើយបានបន្ថែមថា រុស្ស៊ីបានប្រើប្រាស់ឥទ្ធិពលចិន នៅក្នុងតំបន់ ដោយប្រើអ្នកការទូតចិន ផងដែរ ដើម្បីធ្វើអ្វីគ្រប់យ៉ាងរំខានដល់កិច្ចប្រជុំកំពូលសន្តិភាពដែលគ្រោងនឹងរៀបចំឡើង។
លោកបានបញ្ជាក់ក្នុងសម្រង់សម្តីដើមថា វាជារឿងមួយគួរឲ្យសោកស្តាយ និងអកុសល ដែលប្រទេសមហាអំណាចឯករាជ្យដ៏ធំមួយដូចជាចិន ក្លាយជាឧបករណ៍មួយរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
នៅក្នុងកម្មវិធីនោះប្រមុខការពារជាតិចិន គឺលោក ទុង ជន ( Dong Jun ) បានថ្លែងបទអន្តរាគមនៅមុនពេលលោក ហ្សាឡេនស្គី បានថ្លែង តែលោកមិនមានវត្តមានឡើយនៅពេលដែលលោកហ្សាឡេនស្គីឡើងនិយាយ។ នៅក្នុងបទអន្តារគមន៍នោះ លោកមិនបានលើកឡើងពាក់ព័ន្ធនឹងកិច្ចប្រជុំនៅប្រទេសស្វីស ក្នុងសុន្ទរកថារបស់លោកឡើយ ដោយលោកគ្រាន់តែនិយាយថា ចំពោះវិបត្តិអ៊ុយក្រែន ចិនបាននិងកំពុងជំរុញការចរចាសន្តិភាពប្រកបដោយ អាកប្បកិរិយាទទួលខុសត្រូវ។ លោកបានអះអាងថា ប្រទេសចិន មិនបានផ្តល់អាវុធដល់ភាគីណាមួយនៃជម្លោះនោះទេ៕
ដោយៈ សរ សុជាតិ