លោកហ្សេនលេនស្គីបានស្នើឡើងដូច្នេះក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ខណៈដែលក្រុមប្រទេសទាំងនេះ គ្រោងដាក់ទណ្ឌកម្មថ្មីៗបន្ថែមលើទីក្រុងម៉ូស្គូ ហើយបានប្តេជ្ញាចិត្តនៅតែគាំទ្រអ៊ុយក្រែន ទោះត្រូវចំណាយពេលយូរទៅមកទៀតយ៉ាងណាក៏ដោយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តាមរយៈជំនួបកំពូលនៅថ្ងៃចន្ទ លោកចូ បៃឌិន ប្រធានាធិបតីអាមេរិកបានសន្យាថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីដាក់បន្ថែមសម្ពាធសេដ្ឋកិច្ច លើទីក្រុងមូស្គូ។ ខុសប្លែកពីអ្វីដែលវិមានក្រឹមឡាំងធ្លាប់បានអះអាង ថាG7នឹងបែកបាក់គ្នា តែផ្ទុយទៅវិញ មេដឹកនាំនៃប្រទេសទាំងពីរបានបង្ហាញការរួបរួម បើទោះបីជាពួកគេត្រូវជួបប្រទះការកើនឡើងនៃតម្លៃថាមពល និងស្បៀងអាហារ ដែលជំរុញឱ្យមានអតិផរណាពិភពលោកក៏ដោយ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G7 បានអះអាងថា ពួកគេនឹងបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងការទូត ហើយពួកគេនឹងនៅតែឈរនៅជាមួយអ៊ុយក្រែនឱ្យបានយូរតាមដែលអ៊ុយក្រែនត្រូវការ។
យ៉ាងណាក៏ដោយ សម្រាប់អ៊ុយក្រែន ការជួយជ្រោមជ្រែងទាំងនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ថ្លែងទៅកាន់ជំនួបកំពូលតាមរយៈតំណភ្ជាប់វីដេអូពីប្រទេសអ៊ុយក្រែនលោក ហ្សេលេនស្គី បានជំរុញឱ្យមេដឹកនាំទាំងអស់ ជួយបញ្ចប់សង្គ្រាមឱ្យបានមុនពេលរដូវរងាចូលមកដល់ ដោយហេតុថា លក្ខខណ្ឌអាកាសធាតុនៅរដូវរងានឹងពិបាកសម្រាប់កងទ័ពអ៊ុយក្រែន។ លោកហ្សេលេនស្គីបានជំរុញឱ្យសម្ព័ន្ធមិត្ត បន្តដាក់សម្ពាធ និងបង្កើនការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ រួមទាំងការដាក់កម្រិតលើតម្លៃប្រេង ដើម្បីកំណត់ប្រាក់ចំណូលដែលបានមកពីការលក់ថាមពលរបស់រុស្ស៊ី។
ទើបីមិនបានធានាថា អាចជួយបញ្ចប់សង្គ្រាមមុនរដូវរងាដូចការចង់បានរបស់អ៊ុយក្រែន ប៉ុន្ដែអធិកាបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កុល បានសន្យាថា នឹងបន្តបង្កើនសម្ពាធលើលើលោកពូទីន ឱ្យបញ្ចប់សង្គ្រាមនេះ។ ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំផែនការបញ្ជូនកាំជ្រួចប្រឆាំងយន្តហោះទំនើបជាងមុនសម្រាប់អ៊ុយក្រែនផងដែរ។ នេះជាអ្វីដែលភាគីអ៊ុយក្រែនធ្លាប់បានស្នើសុំពីសម្ព័ន្ធមិត្តជាយូរណាស់មកហើយសម្រាប់ការការពារ ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។
សូមជម្រាបថា កិច្ចប្រជុំកំពូល G7 ដែលរួមមានមេដឹកនាំកំពូលមកពី សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី ជប៉ុន និងកាណាដា បានបិទបញ្ចប់ហើយនៅថ្ងៃអង្គារសប្តាហ៍នេះ។ ក្រោយជំនួបកំពូលខាងលើ នឹងមានជំនួបកំពូលរបស់អង្គការណាតូមួយទៀត ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអេស្ប៉ាញ ហើយដែលសំណុំរឿងនៅអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងក្លាយជារបៀបវារៈសំខាន់ម្តងទៀត ដូចនៅជំនួបកំពូល G7ដែរ៕