លោកស្រី គ្រីសស្ទៀន ប៊ឺជេនណឺ (Christine Schraner Burgener) អ្នកជំនាញការពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសភូមា បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៣៨នាក់បានស្លាប់នៅថ្ងៃពុធទី៣មីនា ក្នុងការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាបាតុករ និងប៉ូលីស។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅភូមារូបនេះបន្តថា ភ្លាមៗក្រោយមានការបង្ហូរឈាមជនស៊ីវិលដូចនេះ លោកស្រីបានទាក់ទងនាយឧត្តមសេនីយ៍យោធាភូមា លោក Soe Win ដោយបានព្រមានធ្ងន់ៗថា ក្រុមយោធាភូមានឹងប្រឈមមុខនឹងវិធានការខ្លាំងក្លាអន្តរជាតិ ហើយនឹងឈានដល់ការផ្តាច់ទំនាក់ទំនងជាមួយភូមា ដោយនឹងទុកឲ្យភូមានៅឯកោម្នាក់ឯង។
ជាការឆ្លើយតប ឧត្តមសេនីយ៍យោធាភូមាលោក Soe Win បានលើកឡើងថា លោកនិងក្រុមរបស់លោកមិនញញើតនឹងទណ្ឌកម្មអ្វីទៀតនោះទេ។ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមយោធា បានស្គាល់អស់ហើយនូវការដាក់ទណ្ឌកម្មគ្រប់រូបភាព ដូចនេះ វាជារឿងធម្មតាសម្រាប់លោកប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ពេលដែលលោក ឧត្តមសេនីយ៍ Soe Win ឆ្លើយតបនឹងការលើកឡើងដែលថា នឹងទុកឲ្យភូមានៅឯកោ លោកបាននិយាយថា៖ «មិនអីទេ! យើងអាច រាប់អានជាមួយមិត្តតិចតួចក៏បាន»
ប្រការនេះកាន់តែចោទជាចម្ងល់ថា តើមិត្តតិចតួចដែលភូមាចង់សំដៅដល់នោះ ជាប្រទេសណា? តើពិតជាចិនមែនទេ ដែលនៅពីក្រោយ ចាំគាំទ្ររបបសឹកភូមា? តើរុស្សីមានជាប់ទាក់ទងនឹងរឿងនេះដែរទេ?
ទោះយ៉ាងណាក៏ដោយចុះ យើងនឹងអាចទាយដឹងពីចម្លើយបានខ្លះ នៅក្នុងថ្ងៃសុក្រសប្ដាហ៍នេះ ផ្ទាល់តែម្តង ក្រោយពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នាក្នុងថ្ងៃនេះ ដើម្បីជជែកពីស្ថានការណ៍នៅភូមា ហើយយើងនឹងសង្កេតដឹងពីឥរិយាបទរបស់ប្រទេសសមាជិកទាំង១៥ ជាពិសេសគឺចិន និងរុស្សីតែម្តង។
គេនៅចាំបានថា កាលពីពេលមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាកាលពីថ្ងៃទី១កុម្ភៈបានកើតឡើងភ្លាមៗ សមាជិកទាំង ១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចង់ចេញលិខិតថ្កោលទោសលើយោធាភូមាជាផ្លូវការមួយ ប៉ុន្តែមិនអាចទៅរួចក្រោយពីមានការរារាំងពីប្រទេសចិន និងរុស្សី៕