លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា បើទោះបីជាមានភស្តុតាងស្តីពីអំពើហិង្សាប្រព្រឹត្តដោយរបបយោធាតាំងពីរដ្ឋប្រហារកាលពីឆ្នាំមុនក៏ដោយ ក៏សមាជិកអចិន្ត្រៃយ៍ពីរប្រទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺប្រទេសចិន និងរុស្ស៊ីនៅតែបន្តផ្តល់សព្វាវុធជាច្រើនដល់របបសឹកមីយ៉ាន់ម៉ា របស់លោកមីន អ៊ុងឡាំង។
របាយការណ៍ដដែលបានគូសបញ្ជាក់ច្បាស់ៗថា ប្រាកដណាស់សព្វាវុធទាំងនេះ សុទ្ធតែធ្លាប់ត្រូវបានយោធាប្រើប្រាស់សម្រាប់វាយបង្រ្កាប និងសម្លាប់ជនស៊ីវិល ដែលប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួនកន្លងមក។
លោក Tom Andrews បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ដើម្បីជជែកពិភាក្សានិងសម្រេចលើការហាមឃាត់នាំចូលអាវុធទៅមីយ៉ាន់ម៉ាបន្តទៀត។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ដែរថា អាវុធដែលគេប្រើ ដើម្បីសម្លាប់ជនស៊ីវិលភូមា មិនគួរត្រូវបានគេបញ្ជូនឲ្យទៅយោធាទៀតទេ ហើយវាជារឿងចាំបាច់បំផុត ដែលរដ្ឋជាសមាជិក និងក្រុមប្រឹក្សាសន្តិសុខត្រូវចាត់វិធានការបន្ទាន់បញ្ឈប់ការលក់អាវុធដល់របបយោធា។
ក្រុមយោធា មីយ៉ាន់ម៉ា និង ក្រសួងការបរទេសរុស្សីមិនទាន់មានប្រតិកម្មយ៉ាងណាឡើយចំពោះរបាយការណ៍ខាងលើនេះ ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បានប្រតិកម្មថា ប្រទេសចិនតែងតែគាំទ្រឲ្យគ្រប់ភាគី គួរតែធ្វើការដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយដោះស្រាយបញ្ហានានាជាមួយគ្នាតាមរយៈការសន្ទនានយោបាយ។
សូមជម្រាបថា មហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំមុន បានអនុម័តដំណោះស្រាយមួយ ដោយអំពាវនាវឱ្យរដ្ឋជាសមាជិកបញ្ឈប់ការផ្ទេរអាវុធទៅឱ្យយោធាមីយ៉ាន់ម៉ា ប៉ុន្តែការអំពាវនាវនេះ មិនគ្រប់គ្រាន់ឡើយ ដែលលោក Tom Andrews បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខគួរតែមាននិតិវិធីឲ្យមានប្រសិទ្ធភាពជាងនេះ ដើម្បីជួយដល់ប្រជាជនស្លូតត្រង់ ក៏ដូចជាបង្កើនភាពជឿជាក់របស់ពិភពលោកលើសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ៕