ទោះយ៉ាងណា កន្លងមកនេះ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានការរឹតត្បិត បានធ្វើឲ្យតំបន់អឺរ៉ុបចាប់ផ្ដើមឆ្លងរាលដាលខ្លាំងជាថ្មីទៀត គួបផ្សំនឹងវត្តមានមេរោគបំប្លែងថ្មី អូមីក្រុង កំពុងចាប់ផ្ដើមរីករាលដាលផងដែរ កំពុងធ្វើឲ្យគេបារម្ភថា ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាវិស័យទេសចរណ៍អាចនឹងត្រូវប្រឈមមុខនឹងបញ្ហាអាប់អួរឡើងវិញ។
របាយការណ៍ពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ទេសចរណ៍នៅអឺរ៉ុប បានងើបឡើងវិញល្អជាងតំបន់ណាៗ ទាំងអស់ទូទាំងពិភពលោក ក្នុងត្រីមាសទី៣ឆ្នាំ២០២១នេះ។
ទេសចរបរទេសមកពីជុំវិញពិភពលោក ចូលមកដល់តំបន់អឺរ៉ុបបានកើនឡើងជិត៦០% រាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប៉ុន្តែបើធៀបទៅពេលមុនមានកូវីដ១៩វិញ ឃើញថាចំនួននេះ នៅទាបជាងបន្តិច ដោយកាលពីត្រីមាសទី៣ឆ្នាំ២០១៩ ទេសចរបរទេសកើនឡើង ៦៤%។
បន្ថែមពីលើនេះ អឺរ៉ុបបានកត់ត្រាពីចំនួនអ្នកដំណើរទូទៅ ចូលមកក្នុងតំបន់អឺរ៉ុប ក្នុងអត្រាកើនឡើង ៥៣%ផងដែរ។ យ៉ាងណាមិញ វានៅតែតិចជាងអត្រាក្នុងរយៈពេលដូចគ្នា ធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមិនទាន់មានកូវីដ១៩រាតត្បាត។
របាយការណ៍ពីអង្គការទេសចរណ៍ពិភពលោក ដែលស្ថិតនៅក្រោមអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ការកើនឡើងនៃតម្រូវការធ្វើដំណើរនៅតំបន់អឺរ៉ុបនេះ ត្រូវបានជំរុញពីការកើនឡើងនូវទំនុកចិត្តរបស់ភ្ញៀវទេសចរ ចំពេលមានការរីកចម្រើនយ៉ាងឆាប់រហ័សលើការចាក់វ៉ាក់សាំង និងការបន្ធូរបន្ថយការរឹតបន្តឹង នៅតាមតំបន់គោលដៅជាច្រើន។
សូមជម្រាបថា អង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានបញ្ចេញរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួន ស្តីពីនិន្នាការណ៍ទេសចរណ៍ និង ធ្វើដំណើរនៅជុំវិញពិភពលោក។
ក្នុងនោះនៅ៩ខែដំបូងឆ្នាំ២០២១ អង្គការនេះបានកត់ត្រាពីការធ្វើដំណើរទៅដល់គោលដៅរបស់ទេសចរ មានការកើនឡើង ៧៦%នៅទូទាំងពិភពលោក ប៉ុន្តែកំណើនមានភាពខុសគ្នាទៅតាមតំបន់នីមួយៗ។
ទោះជាបែបនេះក្ដី ការធ្វើដំណើរសកលលោក រួមទាំងតំបន់អឺរ៉ុប ត្រូវបានគេមើលឃើញពីដុំពពកខ្មៅបាំងបិទជាថ្មីម្ដងទៀត បន្ទាប់ពីថ្មីៗនេះ មានការរកឃើញនូវមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ដែលមានសមត្ថភាពចម្លងខ្លាំងក្លាគួរឲ្យព្រួយបារម្ភ។ ហើយនៅប៉ុន្មានថ្ងៃមកនេះ មានប្រទេសជាច្រើន ដូចជានៅតំបន់អឺរ៉ុប និងអាស៊ីបានចាប់ផ្ដើមរឹតត្បិតជើងហោះហើរប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ដើម្បីទប់ស្កាត់ការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ៕