ការប្រកាសផ្អាកការនាំចេញរបស់ទីក្រុងម៉ូស្គូនេះ កំពុងបង្កជាក្ដីបារម្ភជាថ្មី ចំពោះស្ថានភាពទីផ្សារស្បៀងអាហារពិភពលោក ដែលកំពុងជួបបញ្ហាធ្ងន់ធ្ងរតាំងតែពីមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ នេះបើតាមការចុំផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២៩ តុលា បានប្រកាសផ្អាកតួនាទីរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនចេញពីតំបន់សមុទ្រខ្មៅក្នុង «រយៈពេលមិនកំណត់» ក្រោមហេតុផលថា ខ្លួនមិនអាច «ធានាសុវត្ថិភាពនៃកប៉ាល់ស៊ីវិល» ដែលបើកចេញចូលតំបន់នោះបាន បន្ទាប់ពីទីក្រុងម៉ូស្គូបានចោទប្រកាន់ថា កងនាវាចម្បាំងរបស់ខ្លួននៅសមុទ្រខ្មៅត្រូវបានវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនដែលមានក្រុមជំនាញយោធាអង់គ្លេសជាអ្នកនៅពីក្រោយខ្នងចាំជួយតែម្តង។
យ៉ាងណាមិញ អង្គការសហប្រជាជាតិ និងប្រទេសតួកគី ដែលជាអ្នកដើរតួនាទីសម្របសម្រួលដ៏សំខាន់នៃកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអាទិត្យ ទី ៣០ តុលា បាននិយាយរួមគ្នាថា នឹងរក្សាកិច្ចព្រមព្រៀមស្បៀងនេះឱ្យនៅដដែល។
ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងចំណាត់ការរបស់រុស្ស៊ីនេះ ដោយលោកបានគិតគូរលើកិច្ចព្រមព្រៀងនេះឡើងវិញក្នុងការរក្សាការបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដែលកំពុងធ្លាក់ផុងជ្រៅដោយសារសង្គ្រាមនៅអ៊ុយក្រែន។
ក្រោយពីការផ្អាកការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ពីសំណាក់ទីក្រុងម៉ូស្គូ គេសង្កេតឃើញថា តម្លៃស្រូវសាលីនៅថ្ងៃទី ៣១ តុលា បានហក់ឡើងជាង ៥% និងពោតបានកើនឡើង%ផងដែរ។
ការដើរថយក្រោយនៃកិច្ចព្រមព្រៀងនាំចេញគ្រប់ធញ្ញជាតិពីតំបន់សមុទ្រខ្មៅនេះ ត្រូវបានគេមើលឃើញថា ទំនងជានឹងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនស្បៀងទៅកាន់ប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូល ហើយវានឹងធ្វើឲ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ និងតម្លៃស្បៀងនឹងកើនកាន់តែខ្ពស់ដែរ។
ជាការពិត ពោត ស្រូវសាលី ផលិតផលផ្កាឈូករ័ត្ន និងសណ្តែកសៀងជាង ៩,៥ លានតោនត្រូវបាននាំចេញពីអ៊ុយក្រែនចាប់តាំងពីខែកក្កដាមកក្រោមកិច្ចព្រមព្រៀងនេះ ដែលមានមជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) បង្កើតឡើងដោយមន្ត្រីអង្គការសហប្រជាជាតិ ទួរគី រុស្ស៊ី និងអ៊ុយក្រែនរួមគ្នា ដើម្បីយល់ព្រមឱ្យមានកប៉ាល់ដឹកជញ្ជូនអាចចេញចូលក្នុងសមុទ្រខ្មៅប្រកបដោយសុវត្តិភាព និងគ្មានការគំរាមកំហែង។
ប៉ុន្ដែ ចាប់តាំងពីការប្រកាសផ្អាករបស់រុស្ស៊ីមក គ្មានវានាដឹកជញ្ជូនណាមួយហ៊ានធ្វើដំណើរចូលក្នុងច្រករបៀងនេះទេកាលពីថ្ងៃអាទិត្យ ទី ៣០ តុលា។ ដោយឡែក អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមជាមួយអ៊ុយក្រែន និងទួរគីដើម្បីសម្របសម្រួលឱ្យកប៉ាលចំនួន ១៦ គ្រឿងចេញចូលច្រកនេះបានដូចធម្មតា តែនៅសល់ ៤០ គ្រឿងផ្សេងទៀតកំពុងត្រួតពិនិត្យ។
រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានទាក់ទងជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែនដើម្បីព្យាយាមរក្សា និងសង្គ្រោះកិច្ចព្រមព្រៀងនេះដោយបានស្នើឱ្យភាគីទាំងពីររក្សាភាពអត់ធ្មត់ និងជៀសវាងការបង្កហេតុណាមួយដាក់គ្នាទៅវិញទៅមកផងដែរ។ រីឯសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុបក៏បានជំរុញឱ្យរុស្ស៊ីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួឡើងវិញដែរ។
គួរជម្រាបដែរថា កាលពីថ្ងៃសៅរិ៍ ទី ២៩ តុលា ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខចោទប្រកាន់អ៊ុយក្រែនថា បានធ្វើការវាយប្រហារដោយយន្តហោះដ្រូនចំនួន ១៦ គ្រឿងមកលើកងនាវាចម្បាំងរបស់ខ្លួននៅសមុទ្រខ្មៅ ដែលទីក្រុងម៉ូស្គូថាមាន «ក្រុមយោធាអង់គ្លេស» ជាអ្នកណែនាំនិងសម្របសម្រួលដែលខ្លួនចាត់ទុកថាជាការវាយប្រហារភេរវកម្មតែម្តង។
តែយ៉ាងណា ចក្រភពអង់គ្លេសបានបដិសេធច្រានចោលការចោទប្រកាន់នេះទាំងស្រុង។ ចំណែកឯអ៊ុយក្រែនក៏មិនបានបញ្ជាក់ ឬបដិសេធថា ខ្លួនមិនបាននៅពីក្រោយការវាយប្រហារនោះដែរ ប៉ុន្តែយោធាអ៊ុយក្រែនថា មានតែយោធារុស្ស៊ីខ្លួនឯងទៅវិញទេ ដែលត្រូវទទួលខុសត្រូវ ចំពោះបង្កើតការវាយប្រហារនេះឡើងមក៕