នៅក្នុងការជជែកគ្នាតាមរយៈប្រព័ន្ធវីដេអូកាលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងសមភាគីអូស្ត្រាលីលោក Scott Morrison ក្រៅតែការពិភាក្សាអំពីកិច្ចសហការប្រតិបត្តិការ និងបញ្ហាសំណុំរឿងរបស់ចិនហើយនោះ ភាគីទាំងពីរក៏បានអំពាវនាវឱ្យមានសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយបានព្រមានផងដែរទៅលើប្រទេសរុស្ស៊ី ករណីហ៊ានឈ្លានពានអ៊ុយក្រែន។
មេដឹកនាំកំពូលទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំរបស់ខ្លួនថាពួកគេបានយល់ស្របដូចគ្នា លើភាពចាប់បាច់សម្រាប់ការបន្ធូរបន្ថយភាពតានតឹងក្នុងវិបត្តិនៅអ៊ុយក្រែន និងបានគូសបញ្ជាក់ដែរថា បើមានការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនមែន វានឹងក្លាយជាកំហុសដ៏ធំ រីឯពលរដ្ឋនឹងក្លាយជាអ្នករងផលប៉ះពាល់។
ក្រៅពីនេះ លោក Scott Morrison និង Boris Johnson បាននិយាយថា មូលនិធិតម្លៃ៣៤លានដុល្លារក្រោមកិច្ចព្រមព្រៀងសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ឈានទៅពង្រឹងភាពធន់នៅក្នុងតំបន់ សម្រាប់វិស័យនានា រួមទាំងការការពារសុវត្ថិភាពអ៊ីនធឺណែត និងការពារការគំរាមកំហែង សន្តិសុខដែនសមុទ្រ។
គួរកត់សម្គាល់ថា កិច្ចពិភាក្សាទ្វេភាគីនេះ ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសម្ព័ន្ធមិត្ត Quad រួមមានប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌា បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមិនមាន ការបង្ខិតបង្ខំ ដែលទោះមិនបានបញ្ជាក់ចំៗថា ជាការបង្ខិបង្ខំមកពីណា តែគេអាចដឹងថា ចង់សំដៅទៅលើឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន និងការពង្រីកយោធាផងដែរ។
ដោយឡែក អ្នកទាំងពីរ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ អំពីរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ហើយបានអំពាវនាវឱ្យប្រទេសចិនការពារសិទ្ធិ សេរីភាព និងស្វ័យភាព សម្រាប់ហុងកុងផងដែរ។
បន្ថែមពីលើនេះ ថ្នាក់ដឹកនាំទាំងពីរមិនភ្លេចឡើយ ពីការសង្កត់ធ្ងន់លើ សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយបានសម្តែងការគាំទ្រចំពោះការចូលរួមដ៏មានអត្ថន័យរបស់តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិនានា។ ការចូលរួមក្នុងអង្គការអន្តរជាតិ ដែលចិនតែងតែជំទាស់ ដោយអះអាងថា លើលោកនេះ មានប្រទេសចិនតែមួយគត់៕