ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមាន ដោយបានកត់សម្គាល់ថា សម្ព័ន្ធមិត្តទាំង២នេះ នឹង«ស្វែងរកកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជប៉ុន»ផ្ដោតលើប្រព័ន្ធអាកាស ដែលគ្មានប្រើមនុស្ស។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ពួកគេ មានបំណងលើកកម្ពស់អន្តរប្រតិបត្តិការ និងពន្លឿនការផ្ទេរបច្ចេកវិទ្យានៅក្នុងវិស័យ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៃយន្តហោះចម្បាំង និងការស្វ័យរួមគ្នា។
យន្តហោះចម្បាំងរួមគ្នា គឺជាគំនិតថ្មីមួយរបស់កងទ័ពអាកាសរបស់អាម៉េរិក ដែលស្រមៃចង់ឃើញយន្តហោះដ្រូនធ្វើប្រតិបត្តិការដោយស្វ័យភាព ឬស្ថិតនៅក្បែរយន្តហោះចម្បាំងមានមនុស្សបើក ខណៈដែលជប៉ុនមានបច្ចេកវិទ្យាផ្នែកបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត ដែលអាចជួយបង្កើនសមត្ថភាពបែបនេះ។
កិច្ចសហប្រតិបត្តិការលើយន្តហោះដ្រូននេះឆ្លុះបញ្ចាំងពីតួនាទីនៃយន្តហោះដ្រូនសម្រាប់វាយប្រហារ និងស៊ើបការណ៍នៅលើសមរភូមិដ៏ទំនើប។ ជាក់ស្ដែងដូចជានៅក្នុងជម្លោះនៅតំបន់ណាហ្គូណូ-ការ៉ាបាក (Nagorno-Karabakh) នៅប្រទេសអាស៊ែរបៃហ្សង់ និងអាមេនី គឺយន្តហោះដ្រូន ដែលផ្គត់ផ្គង់ដោយប្រទេសតួកគី និងអ៊ីស្រាអែល បានធ្វើឱ្យអាស៊ែរបៃហ្សង់ឈ្នះដាច់ទៅលើអាមេនី។
ហើយករណីមួយទៀតនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺភាគីទាំង២បានបញ្ជូនយន្តហោះដ្រូន ដើម្បីបំផ្លិចបំផ្លាញដល់គូសត្រូវរបស់ខ្លួនជាហេតុធ្វើឱ្យភាគីទាំង២ខ្លាចរអាគ្នារៀងៗខ្លួនផងដែរ។
សហរដ្ឋអាម៉េរិក និងជប៉ុន បានចាប់ផ្តើមធ្វើការរួមគ្នាផ្ដោតលើប្រព័ន្ធស្វ័យភាពរួចហើយ។ ជាក់ស្ដែងកាលពីខែធ្នូ ឆ្នាំមុនទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបញ្ជាក់ថា សម្ព័ន្ធមិត្តទាំង២នេះ នឹងធ្វើការរួមគ្នាលើការស្រាវជ្រាវ ការអភិវឌ្ឍ ការធ្វើតេស្ត និងការវាយតម្លៃសមត្ថភាពនៃប្រព័ន្ធស្វ័យភាពនេះ។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា យន្តហោះដ្រូននេះអាចបំពេញបន្ថែមនូវយន្តហោះចម្បាំងថ្មីទៀតដល់ជប៉ុន ខណៈដែលប្រទេសនេះកំពុងអភិវឌ្ឍន៍រួមគ្នាជាមួយនឹងចក្រភពអង់គ្លេស និងអ៊ីតាលី។
លោក ចូ បៃដិន និងលោក អាល់បានីស បានពណ៌នាពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនេះថា ជា«យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងអូស្ត្រាលី» ខណៈដែលភាពជាដៃគូនេះ ត្រូវបានពង្រីកទៅក្នុងវិស័យថ្មីមួយចំនួនទៀត ដើម្បីឆ្លើយតបនឹងភាពស្មុគស្មាញ ដែលកំពុងតែកើនឡើងនូវបញ្ហាប្រឈមជាសកលនិងក្នុងតំបន់៕
អត្ថបទ៖ សុខ ជា