កំណើននៃប្រជាជនរស់នៅក្នុងតំបន់ទីក្រុងបាននិងកំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវការឲ្យការពង្រីកអភិវឌ្ឍទីក្រុង ពិសេសក្នុងរាជធានីភ្នំពេញ ត្រូវឆ្លងកាត់ការសិក្សាយ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ យ៉ាងណាក៏ដោយ តាមការសិក្សាថ្មីមួយរបស់ធនាគារពិភពលោក បានបង្ហាញថា មានកត្តាប្រឈមជាច្រើន ក្នុងការផ្តល់ជាសេវាកម្មជាមូលដ្ឋានសំខាន់ៗក្នុងការអភិវឌ្ឍតំបន់ទីក្រុងក្នុងរាជធានីភ្នំពេញ។
ជាក់ស្ដែង ការអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងកាកសំណលរឹង នៅតែជាផលលំបាកមួយក្នុងការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញប្រកបដោយចីរភាព។ ជាមួយគ្នានេះ ការគ្រប់គ្រងនិងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាកម្ម ក៏ជួបបញ្ហាប្រឈមដែរ។
របាយការណ៍ស្តីពីការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ដ្បិតថា ការរីកលូតលាស់ដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រក៏ពិតមែន។ ប៉ុន្តែ ការផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ផែនការ ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ដើម្បីជៀសវាងការរីករាលដាលនៃភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះចរាចរណ៍ និងការបំពុលផ្សេងៗ។
របាយការណ៍នេះ បានផ្តល់នូវអនុសាសន៍ជាច្រើន ដើម្បីធ្វើឲ្យការរីកលូតលាស់នៅក្នុងទីក្រុងកាន់តែមានលក្ខណៈប្រកួតប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្របដណ្តប់ទូលំទូលាយលើវិស័យសំខាន់ៗចំនួន បួន។
- ទីមួយ គឺត្រូវកែលម្អស្ថាប័ន និងអភិបាលកិច្ច ដើម្បីឲ្យទីក្រុងអាចអភិវឌ្ឍទៅបានប្រកបដោយភាពសុខដុម និងមានប្រសិទ្ធភាពជាងមុន។
- ទីពីរ គឺត្រូវកែលម្អផែនការរៀបចំទីក្រុងនិងការអនុវត្តផែនការ តាមរយៈការបង្កើតបទដ្ឋានគតិយុត្តិ ក្របខ័ណ្ឌច្បាប់ និងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។
- ទីបី គឺត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅនិងភាពប្រកួតប្រជែង។
- ទីបួន គឺត្រូវធានាថា ការរៀបចំទីក្រុងត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីជៀសវាងកុំឲ្យមានវិសមភាព។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចំាកម្ពុជា បានមានប្រសាសន៍ថា “រាជធានីភ្នំពេញប្រឈមនឹងឱកាសដ៏សំខាន់មួយក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារឲ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឲ្យមានសេវាកម្មកាន់តែប្រសើរជាងមុន។ ការអភិវឌ្ឍទីក្រុងដែលមានការគ្រប់គ្រងនិងរៀបចំផែនការបានល្អអាចជួយធ្វើឲ្យទីក្រុងមានភាពល្បីល្បាញក្នុងការធានាឲ្យមានស្តង់ដាររស់នៅប្រសើរសម្រាប់អនាគតមនុស្សជំនាន់ក្រោយផងដែរ។”
ទាក់ទិននឹងគម្រោងអភិវឌ្ឍទីក្រុងនេះដែរ លោកឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងដែរថា កាលពីមុនរាជធានីភ្នំពេញមានទំហំតូចដែលអាចបម្រើដល់ការរស់នៅរបស់ប្រជាជនប្រមាណ១លាននាក់បុណ្ណោះ តែបច្ចុប្បន្នកំណើនលូតលាស់ផ្នែកសេដ្ឋកិច្ច បានធ្វើឲ្យប្រជាជនបាននាំគ្នាមករស់នៅទីក្រុងកាន់តែច្រើនឡើងៗ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវមានគោលនយោបាយជាក់លាក់ក្នុងការអភិវឌ្ឍ។
ក្នុងនោះដែរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ឲ្យមានភាពប្រទាក់ក្រឡា គឺជារឿងចាំបាច់បំផុត ដើម្បីបញ្ជៀសការកកស្ទះចរចរណ៍ ពិសេស គឺការបង្កើតឡើងនូវទីក្រុងរណបថ្មីៗ ក៏ជាកត្តាយុទ្ធសាស្ត្រមួយដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជន និងជាគម្រោងអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ តួយ៉ាង ការបង្កើតនូវទីក្រុងរណបធំៗ ខណៈដែលបច្ចុប្បន្នមាន ៧ទីក្រុងរណបហើយ ដែលបាននិងកំពុងសាងសង់ ពិសេសគឺទីក្រុងរណបភាគច្រើនស្ថិតនៅក្នុងរង្វង់ផ្លូវក្រវាត់ក្រុងទី៣។ កំណើនទីក្រុងរណបនេះ ក៏បានជួយជំរុញមួយផ្នែកដល់សក្ដានុពលម៉ាក្រូសេដ្ឋកិច្ច ដូចជា ការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងការលើកស្ទួយនូវមុខមាត់ប្រទេសជាតិផងដែរ។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យចាស់វស្សាមួយរូប ក៏បានសម្ដែងនូវក្ដីព្រួយផងដែរ ប្រសិនបើអ្នកអភិវឌ្ឍអចលនទ្រព្យមិនបានគោរពទៅតាមបែបបទរបស់អាជ្ញាធរ ពោលគឺធ្វើការអភិវឌ្ឍមិនស្របទៅតាមប្លង់មេ ដោយច្រើនតែអភិវឌ្ឍដើម្បីតែផលចំណេញផ្ទាល់ខ្លួន ដែលវាអាចនឹងផ្ដល់នូវផលលំបាននៅពេលអនាគតផងដែរ។ តួយ៉ាង វានឹងធ្វើឲ្យការប្រើប្រាស់ដីធ្លីសម្រាប់ការអភិវឌ្ឍមិនមានយុទ្ធសាស្ត្រ ពោលគឺតម្លៃដីធ្លីមានការកើនឡើង ថយចុះ មិនស្របទៅតាមតម្លៃទីផ្សារ ហើយវាក៏នឹងធ្វើឲ្យបរិយាកាសក្នុងការរស់នៅតំបន់នោះ មិនមានភាពល្អប្រសើរនោះដែរ។
លោកឧកញ៉ាបានគូសបញ្ជាក់ថា ការកំណត់នូវប្លង់មេច្បាស់លាស់នោះ គឺសម្ដៅលើការកំណត់ជាយុទ្ធសាស្ត្រ ឬចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍ តួយ៉ាង បច្ចុប្បន្ន មានផ្លូវ ស្ពាន ស្ពានអាកាសសម្រាប់ធ្វើដំណើរ តែអនាគតយើងនឹងត្រូវការស្ពានអាកាសកាន់តែច្រើន ផ្លូវ ឬរថភ្លើងក្រោមដី ដែលជាទំនោរតម្រូវការមួយដូចទៅនឹងប្រទេសអភិវឌ្ឍន៍នានាដែរ។
ដូច្នេះហើយ រាជរដ្ឋាភិបាលចាំបាច់ត្រូវកំណត់ដៅឲ្យបានច្បាស់លាស់ ហើយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៃវិស័យឯកជនក៏ត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងការដើរស្របទៅតាមប្លង់គោលនេះដែរ ដើម្បីជៀសវាងបញ្ហាទៅថ្ងៃក្រោយ។
សូមជម្រាបដែរថា បើតាមការព្យាករនៅឆ្នាំ២០១៨ ប្រជាជនដែលរស់នៅតំបន់ទីក្រុង នឹងកើនឡើងដល់ជាង ៣លាននាក់ ស្មើនឹង២១%នៃប្រជាជនសរុប ខណៈដែលនៅឆ្នាំ២០៥០ នឹងមានប្រជាជនរស់នៅតំបន់ទីក្រុង ៣៦% នៃប្រជាជនសរុប។ ដូច្នេះ វាទាមទារឲ្យអាជ្ញាធរមានការគិតគូរ និងសម្រួចយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងគ្រប់គ្រងឲ្យបានស្រួចស្រាល់ថែមទៀត។
តំបន់ដែលជាទិសដៅក្នុងការអភិវឌ្ឍទីក្រុងបន្ទាប់រាជធានីភ្នំពេញ មានដូចជា ខេត្តបាត់ដំបង និងសៀមរាប ជាដើម។ ដោយឡែក សម្រាប់រាជធានីភ្នំពេញបច្ចុប្បន្នក៏ត្រូវបានពង្រីកផ្ទៃក្រឡាធំជាងមុនផងដែរ ពោលគឺមានខណ្ឌចំនួន១២ និងគ្រប់ដណ្ដប់លើផ្ទៃក្រឡាសរុបជាង ៦៧៨គីឡូម៉ែត្រការ៉េ៕