អាមេរិក - រុស្ស៊ី

អាមេរិកចោទថាយន្តហោះរបស់រុស្ស៊ីបានធ្វើឱ្យយន្តហោះដ្រូនរបស់ខ្លួនធ្លាក់នៅក្នុងសមុទ្រខ្មៅ ប៉ុន្ដែទីក្រុងម៉ូស្គូបដិសេធ


យោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី១៤ មីនាថា យន្តហោះចម្បាំងរុស្ស៊ីបានសាចប្រេងសាំងមកលើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងហោះនៅលើសមុទ្រខ្មៅ ហើយបន្ទាប់មកបានបុកជាមួយនឹងយន្តហោះដ្រូននោះ បណ្តាលឱ្យវាធ្លាក់ចូលក្នុងសមុទ្រតែម្តង ដោយទីក្រុងវ៉ាស៊ីនតោនថាទង្វើនេះគឺ «គ្មានការប្រុងប្រយ័ត្នទាល់តែសោះ»។
យន្តហោះចម្បាំងរុស្ស៊ីបានធ្វើឱ្យយន្តហោះដ្រូនអាមេរិកធ្លាក់ចូលក្នុងសមុទ្រខ្មៅ រូបភាព LBC

ប៉ុន្ដែ រុស្ស៊ីវិញបានច្រានចោលការចោទប្រកាន់ទាំងអស់នេះទាំងស្រុង ដោយថាការធ្លាក់នោះ គឺមិនមែនបណ្តាលមកយន្តហោះចម្បាំងរបស់ខ្លួននោះទេ គឺមកពីបញ្ហាបច្ចេកទេសនៃយន្តហោះដ្រូននោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

បើតាមបញ្ជាការដ្ឋានអឺរ៉ុបរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា យន្តហោះចម្បាំង Su-27 របស់រុស្ស៊ីពីរគ្រឿង បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់ខ្លួន ដែលកំពុងហោះពីលើដែនទឹកអន្តរជាតិ។ អង្គភាពដដែលនេះបន្ថែមថា ជាច្រើនដងមុនពេលប៉ះទង្គិចគ្នា យន្តហោះ Su-27 បានបញ្ចេញសាំងហើយបានហោះនៅពីមុខ MQ-9 ក្នុងលក្ខណៈដែលមិនប្រុងប្រយ័ត្ន និងគ្មានវិជ្ជាជីវៈ»។

យោងតាមឧត្តមសេនីយ James Hecker មេបញ្ជាការទ័ពអាកាសអាមេរិកប្រចាំតំបន់អឺរ៉ុប អាហ្រ្វិកបាននិយាយថា «យន្តហោះដ្រូន MQ-9 របស់អាមេរិកនោះ បានកំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងដែនអាកាសអន្តរជាតិ តែនៅពេលនោះវាត្រូវបានស្ទាក់ចាប់ និងបុកដោយយន្តហោះចម្បាំងរុស្ស៊ី ដែលបណ្តាលឱ្យធ្លាក់ និងបាត់បង់ទាំងស្រុងទៅក្នុងសមុទ្រ»។ លោកថា «តាមពិតទៅ ទង្វើដែលមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈរបស់រុស្ស៊ីនេះ ស្ទើរតែបណ្តាលឱ្យយន្តហោះទាំងសងខាងធ្លាក់ផងដែរ»។

យ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបដិសេធថា ខ្លួនមិនបានបង្កឱ្យធ្លាក់យន្តហោះដ្រូនរបស់អាមេរិកនោះទេ។ តាមរយៈក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «យន្តហោះគ្មានមនុស្សបើក MQ-9 បានហោះចូលទៅក្នុងការហោះហើរដែលមិនអាចគ្រប់គ្រងបាន ជាមួយនឹងការបាត់បង់រយៈកម្ពស់ និងបានបុកជាមួយនឹងផ្ទៃទឹក» ហើយយន្តហោះរុស្ស៊ីទាំងពីរគ្រឿងមិនមានទំនាក់ទំនងអ្វីឡើយ ជាមួយយន្តហោះអាមេរិក។

ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនឲ្យបកស្រាយបំភ្លឺលើរឿងនេះផងដែរ។ តាមអ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា «អាមេរិកកំពុងចូលរួមដោយផ្ទាល់ជាមួយរុស្ស៊ី ជាថ្មីម្តងទៀតនៅកម្រិតពិភាក្សាជាន់ខ្ពស់ ដើម្បីបង្ហាញការជំទាស់យ៉ាងខ្លាំងរបស់អាមេរិក ចំពោះការស្ទាក់ចាប់ដែលមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈនេះ ដែលបណ្តាលឱ្យមានការធ្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក»។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានដកស្រង់សម្តីលោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក ដោយលោកបាននិយាយកាលពីថ្ងៃអង្គារទី១៤មីនាថា ទីក្រុងម៉ូស្គូចាត់ទុកឧប្បត្តិហេតុពាក់ព័ន្ធនឹងយន្តហោះចម្បាំង Su-27 របស់រុស្ស៊ី និងយន្តហោះគ្មានមនុស្សបើកយោធាអាមេរិកនៅលើសមុទ្រខ្មៅថាគឺជា «ការបង្កហេតុ» និងថា រុស្ស៊ីមិនចង់បានការប្រឈមមុខដាក់គ្នាណាមួយរវាងសហរដ្ឋអាមេរិកនោះទេ។

ប្រភពយោធាលោកខាងលិចដែលនិយាយប្រាប់ AFP ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយថា គ្មានអ្វីក្រៅពីបណ្តាញការទូតរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកទេ ដែលអាចជួយកំណត់ និងកាត់បន្ថយបញ្ហាទាំងនេះបាននៅពេលខាងមុខទៀត បើពុំនោះទេវានឹងមានការកើនឡើងនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនាពេលខាងមុខ៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយជប៉ុនកាន់តែសំខាន់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃពុធ ទី ១៥ មីនា នេះថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនមានសារៈសំខាន់ណ…

វៀតណាមរៀបចំធ្វើវិសោធនកម្មច្បាប់ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក

ធនាគារកណ្ដាលវៀតណាម កំពុងប្រមូលមតិយោបល់នានា ដើម្បីរៀបចំធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគ្រឹះស្ថានឥណទានរបស់ខ្លួន ដើម្បីធានានូវសុវត្ថិភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ