ការកែសម្រួលនៃច្បាប់ក្នុងវិស័យការពារជាតិប្រចាំឆ្នាំ ឬហៅ (NDAA)នេះ គឺមិនបានរួមបញ្ចូលបទប្បញ្ញត្តិដ៏ចម្រូងចម្រាសមួយចំនួនរបស់សមាជិកសភាតៃវ៉ាន់ ដែលបានស្នើឡើងកាលពីដើមឆ្នាំនេះទេ ក្នុងនោះ រួមទាំងការដាក់ទណ្ឌកម្មនៅក្នុងករណីនៃ «ការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការឈ្លានពាន» ប្រឆាំងនឹងតៃវ៉ាន់ដោយប្រទេសចិនដីគោក ក៏ដូចជាសំណើចាត់ទុកតៃវ៉ាន់ជា «សម្ព័ន្ធមិត្តសំខាន់មិនមែនណាតូ»នោះ ក៏ត្រូវបានអាមេរិកដកចេញដែរ។
បើតាមគណៈកម្មាធិការទទួលបន្ទុកសព្វាវុធនៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារ ទី ៦ ខែធ្នូ បានបង្ហាញពីច្បាប់អនុញ្ញាតការពារជាតិប្រចាំឆ្នាំ (NDAA) ដោយច្បាប់នេះមានកំណត់នូវការចំណាយលើផ្នែកគោលនយោបាយយោធាដល់ទៅ ៨៥៨ ពាន់លានដុល្លារ ហើយគេរំពឹងថា សភាអាមេរិកនឹងត្រូវបានចុះហត្ថលេខាលើច្បាប់នេះក្នុងពេលឆាប់ៗនេះផងដែរ។
ក្នុងនោះដែរ «ច្បាប់ស្តីពីការពង្រឹងភាពធន់របស់កោះតៃវ៉ាន់» ដែលរួមបញ្ចូលនៅក្នុងច្បាប់ NDAA ដែរនោះ នឹងផ្តល់ការអនុញ្ញាតសម្រាប់ជំនួយឥតសំណងផ្នែកយោធាសម្រាប់តៃវ៉ាន់រហូតដល់ ២ ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ថា តៃវ៉ាន់បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដែរនោះ។
ច្បាប់របស់អាមេរិកនេះ វាក៏រួមបញ្ចូលផងដែរនូវការផ្តល់ការធានាហិរញ្ញប្បទានដល់អាជ្ញាធរ ប្រាក់កម្ចីយោធាបរទេស និងវិធានការផ្សេងទៀតដើម្បីតាមដានយ៉ាងរហ័សនូវការទិញសព្វាវុធរបស់តៃវ៉ាន់ ក៏ដូចជាការបង្កើតកម្មវិធីហ្វឹកហ្វឺនថ្មីមួយ ដើម្បីអភិវឌ្ឍសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ដែរ។
សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Bob Menendez ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេស និងជាអ្នកគាំទ្រដល់ច្បាប់នេះបាននិយាយ៖ «លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់នៅតែជាបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ហើយភាពស៊ីជម្រៅ និងកម្លាំងនៃការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ិនតោន ចំពោះប្រជាជនតៃវ៉ាន់គឺខ្លាំងជាងពេលណាទាំងអស់»។
ទោះយ៉ាងណា ចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលការប្រើកម្លាំងដើម្បីយកមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ ទីក្រុងប៉េកាំងក៏បានឆ្លើយតបដោយខឹងសម្បារនៅពេលដែលគណៈកម្មាទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់អនុញ្ញាតការពារតៃវ៉ាន់កាន់តែទូលំទូលាយក្នុងខែកញ្ញាកន្លងទៅផងដែរ។