តាមរយៈកម្មវិធីរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍបានស្នើទៅកាន់ប្រទេសម្ចាស់បំណុល ក្នុងការសម្រាលបន្ទុកបំណុលប្រមាណ៣០%សម្រាប់ប្រទេសចំនួន៥២។ ជាក់ស្តែងក្នុងចំណោមប្រទេសទាំងជាង ៥០ មាន ២៣ប្រទេសមកពីតំបន់អាហ្វ្រិកផងដែរ។
បើតាមកម្មវិធីរបស់ UN ដដែល ប្រទេសដែលបានរាប់បញ្ចូលទាំងអស់នេះសុទ្ធតែកំពុងយ៉ាប់យ៉ឺន ជាប់ជំពាក់បំណុលវណ្ឌក ពិបាកក្នុងការស្រោចស្រង់សេដ្ឋកិច្ចដែលទាមទារឱ្យមានការបន្ធួរបន្ថយបំណុលជាបន្ទាន់។
របាយកាណ៍កម្មវិធីរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍបង្ហាញថា ផលិតផលសរុបក្នុងស្រុករបស់ក្រុមប្រទេសទាំងនេះតំណាងឲ្យតែប៉ុន្មានភាគរយប៉ុណ្ណោះនៃផលិតផលសរុបរបស់លោក។ ផ្ទុយទៅវិញ ក្រុមប្រទេសដដែលនេះតំណាងឲ្យជាង៤០%នៃចំនួនប្រទេសក្រីក្រសរុបក្នុងពិភពលោក។
នាយកកម្មវិធីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍលោក អេជីម ស្តេនណឺ (Achim Steiner) ព្រមានថា បើមិនមានវិធានការឲ្យទាន់ពេលវេលា ដើម្បីដោះស្រាយវិបត្តិបំណុលនៅក្នុងបណ្តាប្រទេសទាំងអស់នេះទេ ពិភពលោកអាចប្រឈមនឹងវិបត្តិនៃការអភិវឌ្ឃន៍ទ្រង់ទ្រាយធំ។ លោកបានផ្តល់ជាអនុសាសន៍ថា គេត្រូវដាក់លុយចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យមើលឡើងវិញនូវបំណុលរបស់ក្រុមប្រទេសងាយរងគ្រោះ និងកាត់បន្ថយអត្រាប្រាក់កម្ចីណាដែលមានរយៈពេលយូរ។
សូមជម្រាបថា ក្រៅតែពីបំណុលរបស់ប្រទេសក្រីក្រនិងងាយរងគ្រោះ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍក៏បានទាមទារឲ្យគិតគូរឡើងវិញលើបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់ផងដែរ។ គួរបញ្ជាក់ថា បញ្ហាបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍបានធ្លាក់ក្នុងរណ្តៅធ្ងន់ធ្ងរអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ជាក់ស្តែងក្នុងឆ្នាំ ២០២២ មានរហូតដល់ទៅ ២៥ប្រទេសបានប្រើប្រាស់ថវិការបស់ខ្លួនជាង ២០% ដើម្បីសងបំណុលគេ ពោលច្រើនជាងកាលពី ៦ឆ្នាំមុនដែលមានតែ ៦ប្រទេសប៉ុណ្ណោះ៕