គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ដែលជាទីភ្នាក់ងារមួយដឹកនាំដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងមានតួនាទីវាយតម្លៃលើការកិច្ចព្រមព្រៀងឆ្លងដែន ធ្លាប់បានប្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស TikTok ឱ្យដកភាគហ៊ុនរបស់ខ្លួនចេញពីសហរដ្ឋអាមេរិកជាច្រើនដងរួចមកហើយ ហើយបើនៅតែបរាជ័យក្នុងការធ្វើដូច្នោះ នោះកម្មវិធី TikTok នឹងត្រូវប្រឈមមុខនឹងការហាមប្រាមបិទទាំងស្រុងក្នុងទឹកដីសហរដ្ឋអាមេរិកតែម្ដង។ គួរជម្រាបថា ការបោះមួយជំហានថ្មីនេះរបស់គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ដំបូងឡើយត្រូវបានរាយការណ៍ដោយកាសែតអាមេរិក The Wall Street Journal។
យ៉ាងណាក៏ដោយ វាមិនមែនជាលើកដំបូងនោះឡើយដែលក្រុមហ៊ុនមេ ByteDance ត្រូវបានទទួលបញ្ជាឱ្យដក TikTok ចេញពីក្រុមហ៊ុនរបស់ខ្លួន។ កាលពីឆ្នាំ២០២០ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល ត្រាំ បានដាក់ចេញនូវបញ្ជានីតិប្រតិបត្តិចំនួនពីរដែលមួយក្នុងនោះគឺ បញ្ជាឱ្យហាមប្រាម និងបិទកម្មវិធីបណ្ដាញសង្គម TikTok ទាំងស្រុង តែនៅពីបំផុតត្រូវបានជំទាស់ និងរារាំងដោយតុលាការសហព័ន្ធក្នុងឆ្នាំនោះដែរ។ ហើយបទបញ្ជាមួយទៀតគឺតម្រូវឱ្យ ByteDance ដកខ្លួនចេញពីទ្រព្យសម្បត្តិអាមេរិក និងលុបចោលនូវទិន្នន័យទាំងអស់នៃអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។
ដោយឡែក យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok ម្នាក់បានលើកឡើងថា៖ «ប្រសិនបើការការពារសន្តិសុខជាតិ គឺពិតជាវត្ថុបំណងរបស់រដ្ឋាភិបាលអាមេរិកមែននោះ ការដកខ្លួនចេញមិនអាចដោះស្រាយបញ្ហានោះបានទេ បើគ្រាន់តែផ្លាស់ប្តូរម្ចាស់នៃក្រុមហ៊ុនមេរបស់ TikTok នោះវានឹងមិនត្រូវបានហាមឃាត់ពីការហូរនៃទិន្នន័យ និងការផ្សាភ្ជាប់ទិន្នន័យដូចគ្នា»។
តំណាង TikTok រូបនោះបានបន្ថែមទៀតថា មធ្យោបាយល្អបំផុតក្នុងការដោះស្រាយបញ្ហាទាក់ទិននឹងសន្តិសុខជាតិមែនទែនទៅ អាមេរិកគួរតែដាក់ចេញនូវការការពារផ្អែកលើទិន្នន័យអ្នកប្រើប្រាស់ និងប្រព័ន្ធសុវត្ថិភាពនៅក្នុងទឹកដីអាមេរិក ជាមួយនឹងការត្រួតពិនិត្យដោយភាគីទីបី ការពិនិត្យពិច័យ ក៏ដូចជាការផ្ទៀតផ្ទាត់ផងដែរ។ តែអ្វីអស់ទាំងនេះ គឺក្រុមហ៊ុន TikTok បានអនុវត្តវារួចមកហើយ។
បើតាមលោកស្រី Caitlin Chin អ្នកសិក្សានៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយថា ការអំពាវនាវឱ្យក្រុមហ៊ុនមេ ដកខ្លួនយ៉ាងប្រញាប់ប្រញាល់ចេញពីកម្មវិធី TikTok នេះ អាចឆ្លុះបញ្ជាំងឱ្យឃើញថា ការវិវត្តស្ថានការណ៍ចុងក្រោយនៅក្នុងសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ចក្រភពអង់គ្លេស ក៏ដូចជានៅកាណាដាទាក់ទងនឹងការរឹតត្បិតលើកម្មវិធី TikTok នឹងធ្វើឱ្យមានការពិបាកសម្រាប់កម្មវិធីនេះក្នុងការស្វែងរកអ្នកទិញថ្មីជំនួសភាគហ៊ុនរបស់ក្រុមហ៊ុន ByteDance។
ទន្ទឹមគ្នានេះ ក្រុមហ៊ុន TiktTok បាននិយាយឱ្យដឹងដែរថា ខ្លួនបាននិងកំពុងធ្វើការលើគម្រោងមួយដែលខ្លួនហៅថា Project Texas ដើម្បីបង្កើនសន្តិសុខទិន្នន័យសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក រួមទាំងការផ្លាស់ប្តូរទិន្នន័យអ្នកប្រើប្រាស់ទាំងអស់ចូលទៅក្នុងប្រព័ន្ធ Oracle Cloud របស់អាមេរិកផងដែរ៕