អាមេរិកបង្កើនការរារាំងពលរដ្ឋ និងអង្គភាពរបស់ចិនទិញដីធ្លី

អាជ្ញាធររដ្ឋនៅអាមេរិកបង្កើនការរារាំងពលរដ្ឋ និងអង្គភាពរបស់ចិនទិញដីធ្លី ចំពេលទំនាក់ទំនងមហាយក្សទាំងពីរប្រេះឆាខ្លាំង


រដ្ឋរបស់សហរដ្ឋអាមេរិកមួយចំនួនកំពុងបន្ថែមការររាំងលើការទិញដីធ្លី ដោយពលរដ្ឋ ឬអង្គភាពនានា របស់ចិន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់ចំណុចល្អក់កករខ្លាំងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។ ជាក់ស្តែងនៅរដ្ឋ South Dakota សភានីតិបញ្ញត្តិរដ្ឋមួយនេះ កំពុងជំរុញឱ្យបង្កើតច្បាប់មួយដើម្បីបង្កើតគណៈកម្មាធិការ សម្រាប់ត្រួតពិនិត្យលើការទិញដី ដោយប្រើប្រាស់មូលធនពីបរទេស។
អាមេរិកហាមឃាត់ការទិញដីរបស់ចិននៅក្នុងរដ្ឋនានា!

បើតាមអភិបាលរដ្ឋ South Dakota លោកស្រី Kristi Noem បាននិយាយកាលពីសប្តាហ៍មុនថា៖ រដ្ឋដាកូតាខាងត្បូង បាននិងកំពុងក្រោកឈរឡើង ចំពោះការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន តាមរយៈសកម្មភាពរបស់ក្នុងការរារាំងក្រុមហ៊ុនចិន មិនឱ្យធ្វើអាជីវកម្មនៅរដ្ឋ South Dakota ហើយអាជ្ញាធររដ្ឋនេះ ក៏នឹងរារាំងការទិញដីរបស់ជនជាតិចិន ជាពិសេសវាទាក់ទងនឹងដីសម្រាប់ធ្វើកសិកម្មផងដែរ។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីរោងម៉ាស៊ីនកិនគ្រាប់ពោតមួយកន្លែង ដែលត្រូវបានទិញដោយក្រុមហ៊ុនចិននៅរដ្ឋ North Dakota ដែលជារដ្ឋក្បែរខាងបានបង្កឱ្យមានការព្រួយបារម្ភ បញ្ហាសន្តិសុខ ដោយសារតែវានៅកៀកនឹងមូលដ្ឋានទ័ពរបស់អាមេរិក។ កងទ័ពអាកាសអាមេរិកបានហៅរោងម៉ាស៊ីនកិនស្រូវនេះថា ជាការគំរាមកំហែងផ្នែកចារកម្ម ដោយថា វាមានទីតាំងនៅជិតមូលដ្ឋានទ័ពខ្លាំងពេក។

ដោយឡែក នៅកំរិតរដ្ឋសហព័ន្ធវិញ គេសង្កេតឃើញគណៈកម្មាធិការវិនិយោគបរទេសនៅ អាមេរិក បានចាប់ផ្តើមពិនិត្យមើលលើការវិនិយោគពីបរទេសណា ដែលបង្កហានិភ័យផ្នែកសន្តិសុខជាតិអាមេរិក ប៉ុន្តែគេពុំឃើញមានរោងម៉ាស៊ីនកិនគ្រាប់ពោត ដូចករណីនៅរដ្ឋដាកូតា ត្រូវបានរាប់បញ្ចូលនោះទេ។

គួរជម្រាបថា ដោយសារសំណុំរឿង បាឡុងចារកម្មចិនកាលពីពេលថ្មីៗនេះទើបជំរុញឱ្យមានការត្រួតពិនិត្យលើការវិនិយោគរបស់ចិនក្នុងទឹកដីសហរដ្ឋអាមេរិក។ គួរបញ្ជាក់ដែរថា សភាតំណាងរាស្រ្តរបស់អាមេរិក បានគាំទ្រជាឯកច្ឆ័ន្ទចំពោះការថ្កោលទោសទង្វើរបស់ចិនបង្ហោះបាឡុងចូលទឹកដីអាមេរិកថា ជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសខ្លួន។

ដោយឡែក នៅរដ្ឋ Virginia វិញ ច្បាប់ហាមឃាត់ការលក់ដីកសិកម្មទៅឱ្យជនបរទេស បានចេញជារូបរាងឡើងក្នុងសភានៃរដ្ឋមួយនេះ ចំពេលមានឧប្បត្តិហេតុបាឡុងផងដែរ។ ឥឡូវនេះគេកំពុងរង់ចាំហត្ថលេខារបស់អភិបាលរដ្ឋលោក Glenn Youngkin ដើម្បីអនុម័តផ្តល់សច្ចាប័ន។ សេចក្តីព្រាងច្បាប់នេះកំណត់គោលដៅហាមលក់ដីកសិកម្មដល់ប្រទេសណា ដែលស្ថិតក្នុងបញ្ជីដែលអាមេរិកចាត់ទុកជាសត្រូវ រួមមាន ចិន គុយបា រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។

ដោយឡែក រដ្ឋតិចសាស់ ក៏កំពុងពិចារណាលើការហាមប្រាមការទិញអចលនទ្រព្យដោយពលរដ្ឋ ឬអង្គភាពនានាដែលមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិក រួមទាំងប្រទេសចិនដែរ ដោយអភិបាលរដ្ឋលោក Greg Abbott ផ្តល់សញ្ញាថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះប្រសិនបើមានការយល់ព្រមពីសភាប្រចាំរដ្ឋ។

មែនទែនទៅ គិតត្រឹមដំណាច់ឆ្នាំ២០២១ ដីស្រែចំការដែលគ្រប់គ្រងដោយបុគ្គលឬអង្គភាពបរទេសនៅក្នុងសហរដ្ឋអាមេរិកមានចំនួនសរុបប្រហែល ១៦លានហិចតា ឬប្រហែល ៣% នៃដីកសិកម្មឯកជនសរុប។ ក្នុងចំណោមនោះ ប្រទេសចិនកាន់កាប់ប្រហែល ១៥ម៉ឺនហិចតា ពោលគឺ តិចជាង១%នៃដីឯកជនសរុប ហើយតិចឆ្ងាយណាស់ បើធៀបទៅនឹងដីដែលប្រទេសផ្សេងទៀត ដូចជា កាណាដា និងហូឡង់ មានសិទ្ធិកាន់កាប់ក្នុងសហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


ក្នុងនាមប្រធានG20 ឥណ្ឌានឹងប្រើអំណាចទន់អ្វីខ្លះ ក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នាសប្តាហ៍នេះ?

ព័ត៌មាន
ប្រទេសឥណ្ឌាដែលធ្វើជាប្រធាន G20 នៅក្នុងឆ្នាំ២០២៣នេះ គ្រោងនឹងប្រើប្រាស់កិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៅសប្តាហ៍នេះ …

អាមេរិកត្រៀមកញ្ចប់ទណ្ឌកម្មថ្មីអ្វីខ្លះ ដាក់លើរុស្ស៊ី ខណៈសង្គ្រាមឈ្លានពានអ៊ុយក្រែនកំពុងឈានដល់ខួប១ឆ្នាំ?

ព័ត៌មាន
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីៗសម្រាប់ដាក់លើប្រទេសរុស្ស៊ីបន្ថែមទៀត ពោលគឺសំដៅដាក់សម្ពាធលើការនាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ