នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ សហរដ្ឋអាមេរិក គឺមានចំណែកទីផ្សារជាង២៦% នៃចំណូលសរុបដែលបានមកពីការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម។
ប្រទេសចិន បានឈរក្នុងលំដាប់ទី២ បន្ទាប់ពីអាមេរិក ដោយមានតម្លៃទឹកប្រាក់នាំចេញធ្លាក់ចុះបន្ដិចមកនៅប្រមាណជិត ៩ពាន់២រយលានដុល្លារ ពោលគឺធ្លាក់ចុះ ៦,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រទេសចិនក៏មានចំណែកទីផ្សារប្រមាណ ជិត២៥% នៃចំណូលសរុបដែលបានមកពីការនាំចេញផលិតផលកសិកម្មរបស់វៀតណាម។
បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ចំណូលបានមកពីការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាមកាលពីខែវិច្ឆិកា សម្រេចបានដល់ទីជិត៤ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឲ្យនៅរយៈពេល១១ខែ ដំបូងនៅឆ្នាំ២០២០នេះ សម្រេចបានចំណូលដល់ទៅ ជាង៣៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ នៅក្នុងរយៈពេលដូចគ្នានេះដែរ វៀតណាមក៏បាននាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតម្លៃប្រហែលជាង២៨ពាន់លានដុល្លារអាមេរិកផងដែរ ដែលធ្វើឲ្យអតិរេកពាណិជ្ជកម្មសម្រាប់ផលិតផលទាំងនេះ មានដល់ទៅជិត១០ពាន់លានដុល្លារ កើនឡើងជិត១១%។
ជាក់ស្ដែងចំណូលដែលបានមកពី ការនាំចេញផលិតផលកសិកម្មមានជិត១៧ពាន់លានដុល្លារ ធ្លាក់ចុះ ០,៥% ខណៈដែលការនាំចេញរបស់កសិដ្ឋានចិញ្ចឹមសត្វមានជិត៣០០លានដុល្លារ ធ្លាក់ចុះ ជាង១៨%។ រីឯផលនេសាទវិញមានការនាំចេញជិត៨ពាន់លានដុល្លារ ធ្លាក់ចុះជិត១% ខណៈដែលផលិតផលទាក់ទងនឹងព្រៃឈើនាំចេញបានជាង១១ពាន់លានដុល្លារ កើនឡើង១៥%។
តាមផែនការក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរំពឹងថានៅឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមនឹងអាចសម្រេចបានដល់គោលដៅ យ៉ាងហោចណាស់ ៤១ពាន់លានដុល្លារ៕