ខណៈកិច្ចចរចាពាណិជ្ជកម្មកំពុងជាប់គាំង ការផ្លាស់ប្តូរឈ្មោះបឹងនេះកំពុងបន្ថែមប្រេងលើភ្លើងជម្លោះ ដែលលាតសន្ធឹងពីពាណិជ្ជកម្មរហូតដល់អធិបតេយ្យភាព និងអត្តសញ្ញាណជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters និង The Business Times នៅថ្ងៃទី២៨ ខែសីហា នេះ។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែសីហា បានប្រកាសប្តូរឈ្មោះបឹង អនតារីយ៉ូ ទៅជាបឹង អាម៉េរិក ដោយបញ្ជាក់ថា ឈ្មោះថ្មីនឹងត្រូវប្រើភ្លាមៗក្នុងឯកសារ និងការប្រើប្រាស់របស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិក។ ប៉ុន្តែបទបញ្ជានេះមិនអាចកំណត់ថា កាណាដា អង្គការអន្តរជាតិ ឬស្ថាប័នផ្សេងៗទៀតត្រូវតែហៅបឹងនេះតាមលោក ត្រាំ នោះឡើយ។ ប្រមាណ៥២% នៃផ្ទៃបឹងនេះស្ថិតក្នុងដែនដីកាណាដា ខណៈផ្នែកដែលនៅសល់ស្ថិតក្នុងដែនដីរដ្ឋញូវយ៉ក។ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានច្រានចោលការផ្លាស់ប្តូរឈ្មោះនេះ ខណៈអភិបាលរដ្ឋញូវយ៉ក ខេស៊ី ហូឃុល (Kathy Hochul) ក៏ប្រកាសថា នឹងបន្តប្រើឈ្មោះបឹង អនតារីយ៉ូ ដដែល។
ជម្លោះជុំវិញឈ្មោះបឹងនេះកើតឡើង ខណៈកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានដួលរលំកាលពីសប្តាហ៍មុន។ អាម៉េរិកបានដាក់ពន្ធ៥០%លើទំនិញកាណាដា មួយចំនួនដែលមានទំហំប្រមាណ២០ពាន់លានដុល្លារ ខណៈកាណាដា បានប្រកាសចាត់វិធានការតបត ដោយកំណត់គោលដៅលើទំនិញអាម៉េរិកជាការសងសឹក។ លោក ត្រាំ ក៏បានគំរាមដាក់ពន្ធ៥០%បន្ថែមលើរថយន្ត និងគ្រឿងបន្លាស់រថយន្តកាណាដា ចាប់ពីឆ្នាំ២០២៧ តទៅផងដែរ។
ប៉ុន្តែបញ្ហាមិនទាប់អស់ត្រឹមពន្ធគយនោះទេ ដោយអាម៉េរិក ក៏បានទាមទារឱ្យកាណាដា រឹតបន្តឹងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗផងដែរ។ ជាការឆ្លើយតប រដ្ឋាភិបាលលោក Mark Carney កំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអឺរ៉ុប និងអាស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារអាម៉េរិក៕
ដោយ: តែម សុខុម