បច្ចេកវិទ្យាកម្រិតខ្ពស់

វៀតណាម ជំរុញឱ្យចិន វិនិយោគលើបច្ចេកវិទ្យាកម្រិតខ្ពស់ បើទោះជាអាម៉េរិក ខំទប់ស្កាត់ និងព្រមានពីសុវត្ថិភាព


នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង (Lê Minh Hưng) បានចេញមុខអំពាវនាវយ៉ាងទទូចដល់បណ្តាក្រុមហ៊ុនធុរកិច្ចចិន ដែលកំពុងវិនិយោគនៅវៀតណាម ឱ្យផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រជាបន្ទាន់ ដោយងាកទៅរកការវិនិយោគបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា បញ្ញាសិប្បនិម្មិត (AI), បណ្តាញអ៊ីនធឺណិត 5G, ឧបករណ៍បន្ទះឈីប និងប្រព័ន្ធទិន្នន័យធំ ឬ Big Data។ ការទាមទារឱ្យបង្កើនគុណភាពវិនិយោគនេះបានកើតឡើងចំពេល ដែលវៀតណាម កំពុងស្ថិតក្នុងប្រឡោះកណ្តាល នៃសង្គ្រាមបច្ចេកវិទ្យារវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក។
បច្ចេកវិទ្យាកម្រិតខ្ពស់
ដោយ

បើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៧ ខែសីហា លោក ឡេ មិញ ហ៊ុង បានជំរុញឱ្យអ្នកវិនិយោគចិន ប្រញាប់ប្រញាល់បំប្លែងរាល់កិច្ចព្រមព្រៀងឱ្យក្លាយទៅជាគម្រោងជាក់ស្តែង ដោយផ្តោតលើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដូចជាផ្លូវរថភ្លើងល្បឿនលឿន, ភ័ស្តុភារកម្ម, ថាមពលស្អាត និងបច្ចេកវិទ្យាជឿនលឿន។ ទោះជាយ៉ាងណា ការបើកដៃឱ្យចិនចូលរួមក្នុងវិស័យ 5G និង AI នៅវៀតណាម កំពុងបង្កើតជាប្រធានបទក្តៅគគុក និងផ្ទុះការវែកញែកយ៉ាងស្រួចស្រាល់ក្នុងឆាកអន្តរជាតិ។ មូលហេតុ គឺដោយសារតែសហរដ្ឋអាម៉េរិក និងបណ្តាសម្ព័ន្ធមិត្តលោកខាងលិចបានដាក់សម្ពាធ និងជំរុញជាញឹកញាប់ឱ្យក្រុងហាណូយ ចៀសវាងដាច់ខាតនូវការប្រើប្រាស់បច្ចេកវិទ្យារបស់ចិន ក្រោមហេតុផលព្រួយបារម្ភអំពីសន្តិសុខ និងការលួចយកទិន្នន័យ។
គួររំឭកថា កាលពីឆ្នាំ២០២០ វៀតណាមធ្លាប់បានបោះដៃចូលរួមក្នុងគំនិតផ្តួចផ្តើមបណ្តាញស្អាតស្អំ ឬ Clean Network របស់រដ្ឋាភិបាលអាម៉េរិក ដោយប្តេជ្ញាមិនប្រើប្រាស់ឧបករណ៍ 5G ពីក្រុមហ៊ុនចិន Huawei និង ZTE ឡើយ។ ប៉ុន្តែនាពេលថ្មីៗនេះ ក្រុងហាណូយ បានផ្លាស់ប្តូរជំហរយុទ្ធសាស្ត្រគួរឱ្យភ្ញាក់ផ្អើល ដោយបានចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការបណ្តាញ 5G ជាមួយក្រុមហ៊ុនយក្សទាំងពីររបស់ចិនវិញ។
ថ្លែងទៅកាន់ក្រុមវិនិយោគិនចិន នាយករដ្ឋមន្ត្រីវៀតណាមបានគូសបញ្ជាក់ថា ដំណាក់កាលបន្ទាប់នៃកិច្ចសហប្រតិបត្តិការ មិនត្រូវសម្លឹងមើលតែលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែត្រូវសម្លឹងលើគុណភាព និងផលប៉ះពាល់ជាវិជ្ជមាន។ លោកបានទទូចឱ្យក្រុមហ៊ុនចិន ចាត់ទុកវៀតណាមជាមូលដ្ឋានគ្រឹះផលិតកម្ម និងអាជីវកម្មរយៈពេលវែង ដោយនាំមកនូវបច្ចេកវិទ្យាស្នូលកាន់តែជឿនលឿន។
យោងតាមទិន្នន័យផ្លូវការ វិនិយោគិនចិនកំពុងវិនិយោគនៅវៀតណាមជាង៧,១០០គម្រោងជាមួយដើមទុនចុះបញ្ជីសរុបប្រមាណ៣៧ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនក្តោបក្តាប់លើវិស័យផលិតកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, គ្រឿងអេឡិចត្រូនិច និងបច្ចេកវិទ្យា។ តួលេខនេះបានជួយឱ្យក្រុងប៉េកាំងក្លាយជាវិនិយោគិនបរទេសធំជាងគេទី៦នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ចិននឹងក្លាយជាមហាសេដ្ឋកិច្ចលេខ១នៅត្រឹមឆ្នាំ២០៥០

ការយល់ឃើញរបស់សកលលោកចំពោះប្រទេសចិន កំពុងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មិនធ្លាប់មានចាប់តាំងបញ្ចប់សង្គ្រាមត្រជាក់មក។ របាយការណ៍រួមគ្នាមួយដែលចេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ