យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ឧត្តមសេនីយ ប្រាផាស់ សុនចៃឌី បានព្យាយាមបង្វែរដាន និងលាងជម្រះទង្វើឈ្លានពានរបស់ខ្លួន ដោយចោទប្រកាន់មកលើកម្ពុជាវិញថា បានលើកឡើងនូវការចោទប្រកាន់ធ្ងន់ធ្ងរមកលើខ្លួន។ នេះគឺជាល្បិចកលស្រែកឱ្យគេជួយទាំងខ្លួនជាអ្នកខុស ដើម្បីបិទបាំងសកម្មភាពខុសច្បាប់របស់ថៃ ដែលបានយកប្រតិបត្តិការបង្ក្រាបបទល្មើសស្កែម ធ្វើជាលេសបាំងមុខ ដើម្បីរំលោភបំពាន និងដណ្តើមយកទឹកដីកម្ពុជាយ៉ាងអនាធិបតេយ្យ។
ភាគីថៃបានព្យាយាមបង្កើតវោហារសាស្ត្របំភាន់ភ្នែកអន្តរជាតិ ដោយចោទប្រកាន់កម្ពុជាថា ជាអ្នកបង្កជម្លោះទាំងដែលខ្លួនជាអ្នករំលោភបំពាន។ ប៉ុន្តែការពិតដែលមិនអាចប្រកែកបាននោះ គឺកម្ពុជាជារដ្ឋរងគ្រោះដោយអំពើឈ្លានពាន ប៉ុន្តែតែងតែបង្ហាញស្មារតីអត់ធ្មត់ ស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវយន្តការទូត ច្បាប់អន្តរជាតិ សន្ធិសញ្ញា ព្រមទាំងឯកសារផ្លូវការ ដែលភាគីទាំងពីរធ្លាប់បានទទួលស្គាល់ជាប្រវត្តិសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
ឧត្តមសេនីយថៃរូបនេះបានសម្តែងជាប្រដៅគេឯងថា ប្រសិនបើមានភាពខុសគ្នាលើខ្សែព្រំដែន យោធា ឬប្រព័ន្ធផ្សព្វផ្សាយមិនគួរមកគូសខ្សែព្រំដែនតាមចិត្តនឹកឃើញ ឬតាមសុន្ទរកថាឯកតោភាគីឡើយ ប៉ុន្តែត្រូវត្រឡប់ទៅប្រើប្រាស់យន្តការដែលប្រទេសទាំងពីរទទួលស្គាល់។ តើនេះមិនមែនជាភាសាមុខពីរ និងពុតត្បុតទេឬ? ព្រោះក្នុងតថភាពជាក់ស្តែង ភាគីថៃខ្លួនឯងទេ ដែលជាអ្នកគេចវេស និងបំផ្លាញយន្តការផ្លូវការទាំងនោះ។ កន្លងមកថៃមិនដែលឆ្លើយតបនឹងសំណើផ្លូវការរបស់កម្ពុជាក្នុងការកោះប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងការចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែងឡើយ។ រាល់សំណើប្រកបដោយឆន្ទៈសន្តិភាពរបស់កម្ពុជា តែងតែត្រូវភាគីថៃយកលេសពន្យារពេល តាំងពីពេលថៃមិនទាន់មានរដ្ឋាភិបាលផ្លូវការរហូតដល់មានរដ្ឋាភិបាលពេញលេញ។
ជំហររបស់ឥតងាករេរបស់កម្ពុជា គឺប្រកាន់ខ្ជាប់នូវការសន្ទនាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ដែលបានទទួលស្គាល់ទ្វេភាគី។ អ្វីដែលកម្ពុជាដាច់ខាតមិនទទួលស្គាល់ គឺទង្វើបំពានទាំងកម្រោល ប្រើប្រាស់កម្លាំងយោធា ពង្រាយទូកុងតឺន័រ និងរាយលួសបន្លាបិទផ្លូវ ពឹងផ្អែកលើផែនទីឯកតោភាគីចូលមកកាន់កាប់ទឹកដីកម្ពុជា បំផ្លាញលំនៅឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ និងការចេញច្បាប់គំរាមកំហែងលើដែនអធិបតេយ្យភាពកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២កាលពីថ្ងៃទី២៧ ខែសីហា ថា ការប្រើប្រាស់ច្បាប់ក្រៅដែនអធិបតេយ្យលើបទល្មើសឆ្លងដែនធ្វើជាលេស ដើម្បីកាន់កាប់ទឹកដីរដ្ឋដទៃដោយខុសច្បាប់ គឺជាទម្រង់នៃសង្គ្រាមសម័យទំនើប។ នេះគឺជាសេចក្តីពិតឥតប្រកែកបាន ដែលបង្ហាញថា ថៃកំពុងប្រើប្រាស់ល្បិចកលយោធា និងនយោបាយយ៉ាងពិសពុល ប៉ុន្តែទង្វើនេះមិនអាចបំភាន់ភ្នែកអន្តរជាតិបានឡើយ ហើយល្បិចលាងខ្លួនរបស់ថៃពេលនេះបានក្លាយជាការស្តោះទឹកមាត់ទៅលើមេឃ ស្រោចលើមុខខ្លួនឯងតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ