ជាមួយគ្នានោះ ប្រទេសចិន ក៏នឹងធ្វើពិពិធកម្មការនាំចូលទំនិញកសិកម្មរបស់ខ្លួនផងដែរ ដើម្បីបញ្ជៀសការពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Straits Times។
ប្រសិនបើចិនធ្វើការដាក់កំហិតលើការនាំចូលទំនិញកសិកម្មពីអាមេរិកមែន នោះប្រទេសប្រេស៊ីលត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកនាំមុខគេលើការនាំចូលផលិតផលកសិកម្មទៅកាន់ប្រទេសចិន ដោយចំណែកទីផ្សារនាំចេញរបស់ប្រទេសមួយនេះ នៅក្នុងទីផ្សារប្រទេសចិននឹងបន្តកើនឡើងកាន់តែធំ ហើយមុខទំនិញសំខាន់មួយចំនួនរបស់ប្រេស៊ីលដូចជាសាច់ និងកប្បាស ក៏ត្រូវបានរំពឹងថានឹងនាំចេញទៅចិនកើនឡើងកាន់តែច្រើនដែរ។
មែនទែនទៅ គេមើលឃើញថា ប្រទេសចិនបានទិញទំនិញកសិកម្មអាមេរិកជាច្រើន នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីខែមករាឆ្នាំ ២០២០ និងដោយសារតែការពង្រីកការចិញ្ចឹមសត្វជ្រូកកាន់តែច្រើនឡើងនៅក្នុងប្រទសចិន ជំរុញឲ្យមានតម្រូវការនាំចូលផលិតផលកសិកម្មពីអាមេរិកសម្រាប់ប្រើប្រាស់ជាការផលិតចំណីសត្វក៏កើនឡើងដែរ បើទោះបីជាបច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនេះ គឺមានការធ្លាក់ចុះខ្លាំងក្ដី។ស្ថាប័នស្រាវជ្រាវ និងវាយតម្លៃសេដ្ឋកិច្ច Fitch Solutions បានគូសបញ្ជាក់អំពីបញ្ហាកសិពាណិជ្ជកម្មសំខាន់ៗជាច្រើនផ្សេងទៀតក្នុងឆ្នាំ ២០២២ រួមទាំងការកើនឡើងថ្លៃដើមនៃវត្ថធាតុដើមសម្រាប់ការផលិត និងសម្ពាធទាក់ទងនឹងខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ តាមការកត់សម្គាល់របស់ស្ថាប័ន Fitch Solutions ទំនាក់ទំនងអាមេរិក និងចិន គឺមានបង្កហានិភ័យដល់វិស័យឡូជីស្ទីក ខណៈដែលភាពតានតឹងកើនឡើងកាន់តែខ្លាំង ក៏នឹងអាចរំខានដល់ចរន្ដនៃការដោះដូរពាណិជ្ជកម្មផងដែរ។
របាយការណ៍ពីអាជ្ញាធរគយរបស់ចិនឲ្យដឹងទៀតថា ការនាំចេញពីប្រទេសចិនទៅអាមេរិកនៅឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ជាង៥៧៦ពាន់លានដុល្លារកើនឡើងជិត ២៨%ធៀបនឹងឆ្នាំ២០២០ ខណៈការនាំចូលពីអាមេរិកមកវិញ មានដល់ទៅប្រមាណ ១៨០ពាន់លានដុល្លារកើនដល់ជាង ៣៣% ។ ផ្អែកលើតួលេខនាំចេញនាំចូលនេះ បង្ហាញឲ្យឃើញថា ចិនមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកដល់ទៅ ជិត៤០០ពាន់លានដុល្លារ កើនឡើង២៥% ធៀបនឹងឆ្នាំ២០២០៕
អត្ថបទ ស៊ើង និមល់