រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន (Antony Blinken) ក្នុងអំឡុងពេលកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានព្រមានទៅកាន់អង្គការសហប្រជាជាតិ UN ជាថ្មីម្តងទៀតថា បញ្ហាជម្លោះរុំារ៉ៃ រវាងមហាយក្សចិន និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង នឹងជះផលលំបាកធ្ងន់ធ្ងរជាសកលដល់វិស័យសន្តិសុខ និង ពាណិជ្ជកម្ម។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ បានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកកត់សម្គាល់ពីការប្រឈមមុខដាក់គ្នាជារឿយៗ បូករួមនឹងភាពតានតឹងជាប្រចាំ ដែលបណ្តាលមកពីការវាតទីចង់បានដែនទឹកដោយខុសពីច្បាប់អន្តរជាតិ។
ភ្លាមៗក្រោយពីការលើកឡើងដោយសហរដ្ឋអាមេរិក ភាគីចិន លោក ដៃ ប៊ីង (Dai Bing) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិបានឆ្លើយតបថា សហរដ្ឋអាមេរិកទៅវិញទេ ដែលជាអ្នកធ្វើឲ្យមានការគម្រាមកំហែងផ្លូវពាណិជ្ជកម្ម និង ផ្លូវនាវាចរណ៍ជាសកល តាមរយៈសកម្មភាពរបស់ខ្លួន ដោយបានបញ្ជូននាវាចម្បាំងតាមអំពើចិត្ត ចូលមកក្នុងដែនទឹកដែលកំពុងមានជម្លោះ ហើយថែមទាំងមិនមែនជាជម្លោះរបស់ខ្លួនសោះឡើយ។
គួរជម្រាបថា ក្នុងជម្លោះសមុទ្រចិនខាងត្បូង ប្រទេសចិនបានទាមទារស្ទើរតែទាំងស្រុងនៃផ្ទៃទឹកទៅហើយ ដោយថែមទាំងគ្របដណ្តប់ដល់ដែនទឹកនៃប្រទេសមួយចំនួនទៀតនៃតំបន់អាស៊ាន មានដូចជា វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និង ហ្វីលីពីន។ តំបន់ជម្លោះមួយនេះ ជាផ្លូវនាវាចរដ៏សំខាន់សម្រាប់ក្នុងតំបន់ និង ពិភពលោក ដោយសារតែពាណិជ្ជកម្មតម្លៃរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំត្រូវបានឆ្លងកាត់តាមផ្លូវទឹកមួយនេះ បូករួមនឹងធនធានធម្មជាតិជាច្រើនផ្សេងទៀតនៅក្រោមបាតសមុទ្រ។
សមុទ្រចិនខាងត្បូងបានក្លាយជាសំណុំរឿងក្តៅគគុកមួយ ក្នុងចំណោមបញ្ហាដទៃទៀតនៅក្នុងទំនាក់ទំនងដ៏ល្អក់កករ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ និង លេខ២ គឺ អាមេរិក និង ចិន ដោយទីក្រុងវ៉ាស៊ីនតោនជារឿយៗបានច្រានចោលនូវអ្វីដែលខ្លួនហៅថា ជាការទាមទារខុសច្បាប់ពីទីក្រុងប៉េកាំងនៅក្នុងដែនទឹកដែលសម្បូរទៅដោយធនធានមួយនេះ៕