ក្រសួងពាណិជ្ជកម្មទីក្រុងប៉េកាំងបានរិះគន់រដ្ឋបាលលោក ចូ ប៉ៃដិន ដោយនិយាយថា អាមេរិកកំពុងបង្កើតមធ្យោបាយថ្មី ដើម្បីដោះស្រាយជាមួយនឹងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ចិន។
តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយថា ទីក្រុងប៉េកាំងបាន ពង្រីកវិធីសាស្រ្តដែលដឹកនាំដោយរដ្ឋ និងមិនមែនជាលក្ខណៈសេដ្ឋកិច្ចទីផ្សារ ជំនួសឱ្យការអនុវត្តតាមការសន្យាបើកទីផ្សារ ដែលបានធ្វើឡើងនៅពេលដែលចិនបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០១ ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានចេញមុខឆ្លើយតបទៅវិញថា ពីសំណាក់អាមេរិកនេះ គឺ ផ្ទុយស្រឡះពីការពិត។ ដោយលោក Gao បានបន្តថា សេដ្ឋកិច្ចទីផ្សារមិនមែនមានតែមួយវិធីនោះទេ គឺវាមានគំរូសេដ្ឋកិច្ចទីផ្សារខុសៗគ្នាជាច្រើន។
យ៉ាងណាក៏ដោយចុះ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ធ្លាប់បាននិយាយថ្មីៗនេះថា លោកក៏ចង់ឱ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំងកាន់តែប្រសើរឡើងផងដែរ ប៉ុន្តែលោក ប៉ៃដិន មិនទាន់បានបង្ហើបឲ្យដឹងអំពីចំណាត់ការដំឡើងពន្ធលើការនាំចូលរបស់ចិននោះទេ។ តែយ៉ាងណាក៏ដោយចុះ អ្នកតំណាងមកពីភាគីទាំងពីរនេះ ក៏ធ្លាប់បានពិភាក្សាគ្នាតាមទូរស័ព្ទចាប់តាំងពីលោក ប៉ៃដិន ចូលកាន់តំណែងតាំងពីខែមករា ឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្ដែ ភាគីទាំងពីរ នៅមិនទាន់មានផែនការនឹងជួបគ្នាជាថ្មីទៀតនោះទេ។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីប្រើប្រាស់ឧបករណ៍ពាណិជ្ជកម្មក្នុងស្រុក ដើម្បីសម្រេចឱ្យបាននូវការប្រកួតប្រជែងដោយយុត្តិធម៌ជាមួយប្រទសចិន។
ទាក់ទិននឹងយុទ្ធសាស្រ្តថ្មីនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ក៏បានលើកឡើងដែរថា វិធីសាស្ត្ររបស់សហរដ្ឋអាមេរិកគួរតែធ្វើ ស្របទៅតាមច្បាប់របស់អង្គការពាណិជ្ចកម្មពិភពលោក៕