កាលពីដើមខែកុម្ភៈនេះ លោក ប្លីនខេន ធ្លាប់មានគម្រោងច្បាស់ការណ៍នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរប្រែទៅរកភាពល្អប្រសើរឡើងវិញ។ ក៏ប៉ុន្តែអ្វីៗគឺមិនដូចការរំពឹងទុកឡើយ ដោយមុននោះមួយថ្ងៃ គឺនៅថ្ងៃទី៦ខែកុម្ភៈលោកចូ បៃដិន បានបញ្ជាឱ្យយោធាអាមេរិក បាញ់ទម្លាក់បាឡុងចារកម្មនៅលើឆ្នេរនៃរដ្ឋ South Carolina ដែលសន្និដ្ឋានថា ជារបស់ប្រទេសចិន ហើយដែលបានហោះចូលក្នុងដែនអាកាសអាមេរិក។ ភាពចម្រូងចម្រាស់នេះ ក៏បានធ្វើឲ្យ លោកប្លីនខេនបានប្រកាសផ្អាកគម្រោងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនភ្លាមៗតែម្តង។
យោងតាមមន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ជំនួបរវាងលោក ប្លីងខេន និងលោក វ៉ាង យី អាចនឹងធ្វើទៅបាននៅក្នុងសន្និសីទនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-១៩ ខែកុម្ភៈខាងមុខ។ ចំណែកឯប្រភពមួយរូបទៀតក៏បាននិយាយដែរថា វាអាចទៅរួចដែរសម្រាប់ការជួបគ្នានេះ ប៉ុន្តែគេមិនមានអ្វីយកមកបញ្ជាក់ថា នឹងកើតឡើងពិតប្រាកដមែន ឬយ៉ាងណានោះទេ។
ក្រុមមន្ត្រីអាមេរិក និងអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិធំៗមើលឃើញថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-20នៅខែមីនាក្នុងប្រទេសឥណ្ឌា នឹងក្លាយជាឱកាសមួយផ្សេងទៀត ដែលលោក ប្លីនខេន និងលោក វ៉ាង យី អាចនឹងត្រូវជួបគ្នាក៏បានថាដែរ។
យ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ថ្មីៗនេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បាននិយាយថា លោកស្រីមិនមានអ្វីត្រូវប្រកាសអំពីកិច្ចប្រជុំរវាងលោក ប្លីនខេន និងលោក វ៉ាង នោះទេ តែវានឹងអាចធ្វើទៅរួច។
ទន្ទឹមគ្នានេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានប្រាប់នៅក្នុងសន្និសីទមួយថា លោក វ៉ាង យី នឹងចូលរួមកិច្ចប្រជុំក្នុងទីក្រុង Munich ប៉ុន្តែមិនបានលើកឡើងពីផែនការជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ។ ដោយឡែក ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានកត់សម្គាល់ឃើញកាលពីសប្តាហ៍មុនថា លោក Blinken បានពន្យារពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសចិនមែន ប៉ុន្តែមិនបាននិយាយថា លុបចោលទាំងស្រុងនូវជំនួបកម្រិតខ្ពស់ណាមួយជាមួយភាគីចិនជាពេលអនាគតនោះទេ។
សូមជម្រាបថា ទំនាក់ទំនងចិន អាមេរិកកាន់តែធ្លាក់ចុះដុនដាបខ្លាំងជាថ្មីទៀត នៅបន្ទាប់ពីអាមេរិកបាញ់ទម្លាក់បាឡុងចិន ដែលអាមេរិកចាត់ទុកថា ជាបាឡុងស៊ើបការណ៍សម្ងាត់។ នៅមួយសប្តាហ៍ក្រោយ បាញ់ទម្លាក់បាឡុងចារកម្មចិន អាមេរិកបានបាញ់ទម្លាក់វត្ថុហោះ ដែលគេមិនស្គាល់ប្រភព ដល់ទៅ ៣គ្រឿង នៅបីថ្ងៃជាប់ៗគ្នា។ ដោយមិនសប្បាយចិត្តនឹងអាមេរិកដែលបាញ់ទម្លាក់បាឡុងរបស់ខ្លួន ទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសបានចោទប្រកាន់អាមេរិកវិញថា បានបញ្ជូនបាឡុងទៅហោះរំលោភចូលដែនអាកាសរបស់ចិន ច្រើនជាង ១០ដង គិតចាប់តាំងពីដើមឆ្នាំ២០២២មក។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិនមិនបានឆ្លើយលម្អិតច្រើនទាក់ទងនឹងបាឡុងរបស់អាមេរិកទេ តែបានបង្វែរឲ្យទៅសួរខាងភាគីអាមេរិកវិញ អំពីប្រភេទ និងគោលដៅរបស់បាឡុងអាមេរិកនៅក្នុងដែនអាកាសចិន។ នៅចំពោះមុខការចោទប្រកាន់បកមកវិញរបស់ចិនសេតវិមានបានអះអាងនៅថ្ងៃចន្ទទី១៣កុម្ភៈថា អាមេរិកមិនបានបញ្ជូនបាឡុងទៅហោះក្នុងដែនអាកាសរបស់ចិនឡើយ៕