គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទ ទី១១ កុម្ភៈ បាននិយាយថា ក្នុងនាមជាសហភាពអឺរ៉ុប ខ្លួនបានបើកដំណើរការនីតិវិធី ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលបានផ្តល់ឲ្យកម្ពុជា ដោយសារការព្រួយបារម្ភទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា។
យ៉ាងណាមិញ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញពីក្ដីកង្វល់របស់ខ្លួនដូចទៅនឹងអឺរ៉ុបដែរ ទាក់ទងទៅនឹងការរំលោភយ៉ាងធ្ងន់ធ្ងរ លើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារ ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសេរីភាពទាក់ទងនឹងអង្គការសមាគម។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានអំពាវនាវ ឲ្យរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលនូវបទចោទប្រកាន់លើ លោក កឹម សុខា អតីតប្រធានគណៈបក្សសង្គ្រោះជាតិ ក៏ដូចជាការចោទប្រកាន់ប្រឆាំងនឹងអ្នកនយោបាយដទៃទៀត ដោយអាមេរិកបានចាត់ទុកថា ការចោទប្រកាន់ទាំងនេះ គឺធ្វើឡើងតាមទំនើងចិត្ត។
លើសពីនេះ អាមេរិក ក៏បានអំពាវនាវឲ្យរាជរដ្ឋាភិបាល បើកផ្លូវឲ្យសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀត នៃសង្គមស៊ីវិល អាចដំណើរការ ដោយគ្មានការវឹតត្បិត ដែលមិនត្រឹមត្រូវ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺខ្លឹមសារចុងក្រោយនៃសេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអំពាវនាវឲ្យ មេដឹកនាំកម្ពុជាតម្កល់សុខុមាលភាពរបស់ប្រទេស ឲ្យបានខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានប្រកាសថា បានចាប់ផ្តើមដំណើរការនីតិវិធីឆ្ពោះទៅរកការដក EBA កាលពីថ្ងៃចន្ទទី១១ កុម្ភៈនេះ ហើយអឺរ៉ុបនឹងប្រើរយៈពេល ១៨ខែ ដើម្បីបញ្ចប់ការទទួលបានការធ្វើពាណិជ្ជកម្មដែលមានភាពអនុគ្រោះដល់កម្ពុជា។
បើតាមលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានមានប្រសាសន៍ថា ៖ «វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះ មិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដ ក្នុងពេលឆាប់ៗនេះ»។
យ៉ាងណាក៏ដោយចុះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ១២ កុម្ភៈនេះ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជា ក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ»៕