វិធានការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីការពារក្រុមហ៊ុនអាមេរិកពីការប្រកួតប្រជែងនៃវិស័យផលិតបន្ទះឈីប ជាមួយទីក្រុងប៉េកាំង ដែលបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuter។
ប្រសិនបើរដ្ឋបាលលោកចូបៃឌិន ពិតជាយល់ព្រមលើវិធានការឈប់ផ្គត់ផ្គត់ឧបករណ៍សម្រាប់បម្រើដល់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិនមែន នោះវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើន ដ្បិតថា នៅប្រទេសចិន មិនមែនមានតែក្រុមហ៊ុនចិននោះទេដែលកំពុងមានដំណើរការផលិតបន្ទះឈីប ក្រុមហ៊ុនយក្សៗរបស់ប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកនោះ ក៏មានរោងចក្រផលិតបន្ទះឈីបនៅចិនដែរ ដូចជាក្រុមហ៊ុនក្រុមហ៊ុន Samsung Electronics, SK Hynix ជាដើម។ តួយ៉ាង ក្រុមហ៊ុន Samsung មានរោងចក្រធំៗចំនួន២ នៅក្នុងប្រទេសចិន ខណៈដែល SK Hynix កំពុងទិញយកអាជីវកម្មផលិតបន្ទះឈីបប្រភេទ NAND របស់ក្រុមហ៊ុនអាមេរិក Intel Crop ផងដែរ។
បើយោងតាមអ្នកជំនាញត្រួតពិនិត្យការនាំចេញបានគូសបញ្ចាក់ថា គោលដៅរបស់សហរដ្ឋអាមេរិកតាមរយៈការត្រួតពិនិត្យការនាំចេញនេះ គឺដើម្បីកាត់បន្ថយសក្តានុពលនៃការផលិតអង្គចងចាំបន្ទះឈីបរបស់ចិន។ ការផ្លាស់ប្តូរនេះ ក៏នឹងជួយការការពារដល់ក្រុមហ៊ុនផលិតអង្គចងចាំបន្ទះឈីបរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Western Digital Corp និង Micron Technology Inc ជាដើម ដែលក្រុមហ៊ុនទាំងពីរនេះរួមគ្នាតំណាងឱ្យទីផ្សារបន្ទះឈីបប្រភេទ NAND ប្រហែលមួយភាគបួនសម្រាប់ផ្គត់ផ្គង់នៅទីផ្សាសកល។
គួរបញ្ចាក់ថា បន្ទះឈីបប្រភេទ NAND គឺមានតួរនាទីរក្សាទុកទិន្នន័យនៅក្នុងឧបករណ៍ដូចជា ស្មាតហ្វូន និង កុំព្យូទ័រ និងជាមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យរបស់ក្រុមង៊ុន Amazon, Facebook និង Google ផងដែរ។
ដោយមានការតវ៉ាដើម្បីសូមឱ្យធ្វើអត្ថាធិប្បាយលើការពិចារណានេះ អ្នកនាំពាក្យនៃនាយកដ្ឋានពាណិជ្ជកម្មអាមេរិកដែលគ្រប់គ្រងការត្រួតពិនិត្យការនាំចេញមិនបានលើកឡើងពីការរឹតបន្តឹងសក្តានុពលរបស់ចិននោះទេ ប៉ុន្តែបានកត់សម្គាល់ថា រដ្ឋបាលលោក Biden គឺមិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់នោះទេ ដោយសារវានឹងធ្វើឱ្យប៉ះពាល់ដល់ហានិភ័យសន្តិសុខជាតិសំខាន់ៗរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា ភាពតានតឹងរវាងចិន និងអាមេរិកជុំវិញវិស័យបច្ចេកវិទ្យាបានកើនឡើងកាន់តែខ្លាំងក្រោមការដឹកនាំរបស់លោក Donald Trump អតីតប្រធានាធិបតីអាមេរិក ហើយនៅតែបន្តនៅក្នុងអាណត្តិដឹកនាំរបស់លោក Biden នាពេលបច្ចុប្បន្ន។
សភាសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានអនុម័តច្បាប់ ដែលមានគោលបំណងជួយសហរដ្ឋអាមេរិកប្រកួតប្រជែងជាមួយប្រទេសចិន ដោយការវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារក្នុងការផលិតបន្ទះឈីបក្នុងស្រុកផងដែរ៕