«សកម្មភាពរបស់ចិន គឺមិនស៊ីចង្វាក់គ្នានឹងកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសអាមេរិក-ចិននោះទេ។ អាមេរិកកំពុងព្យាមយាមធ្វើការជាមួយរដ្ឋាភិបាលចិនលើបញ្ហានេះ ហើយអាមេរិកសូមរក្សាសិទ្ធិក្នុងការចាត់វិធានការទៅតាមបទប្បញ្ញត្តិដែលបានចែង។» នេះជាអ្វីដែលអ្នកនាំពាក្យក្រសួងដឹកជញ្ជូនរបស់អាមេរិក បាននិយាយក្រោយជើងហោះហើរពីអាមេរិកទៅចិនជាច្រើនត្រូវបានក្រុងប៉េកាំងលុបចោលជាបន្ដបន្ទាប់។
ជាក់ស្តែង នៅថ្ងៃពុធទី១២មករា ចិនបានបញ្ជាឱ្យផ្អាកជើងហោះហើរពីសហរដ្ឋអាមេរិកទៅចិនចំនួន៦បន្ថែមទៀតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការកើនឡើងនៃអ្នកដំណើរដែលបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ការបញ្ជាឲ្យលុបចោលជើងហោះហើរបន្ថែមនៅប៉ុន្មានសប្តាហ៍ខាងមុខ ពីសំណាកទីក្រុងប៉េកាំងដូចនេះ បានធ្វើឲ្យចំនួនជើងហោះហើរសរុបដែលបានលុបកើនឡើងដល់ ៧០ជើងហើយនៅដើមឆ្នាំនេះ។
មែនទែនទៅ វាមិនមានបញ្ហាអ្វីធំដុំឡើយដែលធ្វើឲ្យចិនលុបចោលជើងហោះហើរជាមួយសហរដ្ឋអាមេរិកបែបនេះ។ អាជ្ញាធរក្រុងប៉េកាំងអះអាងថា ការលុបចោល គឺដោយសារក្តីបារម្ភនៃកូវីដ១៩ ក្រោយគេបានរកឃើញអ្នកដំណើរជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក មានវិជ្ជមានកូវីដ១៩។ យ៉ាងណាមិញសម្រាប់អាមេរិក ទង្វើនេះជារឿងមិនសមហេតុផល ហើយក៏មិនបានអនុលោមទៅតាម កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសអាមេរិក-ចិននោះដែរ។
មិនទាន់មានការឆ្លើយតប ពីស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ជុំវិញការរិះគន់របស់អាមេរិកមកលើប្រទេសចិន។គួរជម្រាបថា ដោយសារតែបញ្ហាកូវីដ១៩ ជើងហោះហើរត្រង់រវាងប្រទេសមហាយក្សចិន និងអាមេរិក បានធ្លាក់ចុះមកនៅកម្រិតតិចតួចបំផុតរួចទៅហើយ ពោលគឺការហើរហោះទៅនិងមក នៅមុនពេលមានជំងឺរាតត្បាត មានប្រមាណ១០០ជើងក្នុងមួយសប្តាហ៍ ធ្លាក់មកនៅត្រឹមជាង២០ជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ នេះនៅមិនទាន់រាប់បញ្ចូលទាំងជើងហោះហើរដែលចិនបានលុបចោលនៅមួយរយៈចុងក្រោយនេះផង។
សូមបញ្ជាក់ដែរថា មិនត្រឹមតែបានលុបចោលជើងហោះហើរជាមួយអាមេរិកនោះទេ ដោយសារក្តីបារម្ភពីជំងឺកូវីដ១៩ ចិនក៏បានលុបចោលជើងហោះហើរមួយចំនួនជាមួយប្រទេសដទៃ រួមមាន ជាមួយបារាំង និងកាណាដាជាដើម។ បើតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិលចិនបង្ហាញថា ចាប់តាំងពីមានជំងឺរាតត្បាតមក ចិនបានបន្តបិទជើងមេឃ និងកាត់បន្ថយការធ្វើដំណើរក្រៅប្រទេស មកនៅត្រឹមកម្រិត២%ប៉ុណ្ណោះ នៃកម្រិតមុនពេលមានកូវីដ១៩៕