ប៊ិច១ដើមរបស់លោក លី ក្វាន់ យូ

ប៊ិច១ដើមរបស់លោក លី ក្វាន់ យូ អតីតមេដឹកនាំសិង្ហបុរីដ៏ល្បីល្បាញលក់បានជាង៤៦ម៉ឺនដុល្លារអាម៉េរិក


ប៊ិចប្រាក់សុទ្ធម៉ាក ម៉ុងប្លង់ដ៏កម្រ និងមានតម្លៃជាប្រវត្តិសាស្ត្រ ដែលធ្លាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក លី ក្វាន់យូ (Lee Kuan Yew) បិតាស្ថាបនិកដ៏ល្បីល្បាញរបស់ប្រទេសសិង្ហបុរី ត្រូវបានដាក់ដេញថ្លៃលក់បានក្នុងតម្លៃរហូតដល់ជាង៤៦ម៉ឺនដុល្លារអាម៉េរិកកាលពីថ្ងៃទី១៦ ខែសីហា។ តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ សម្រេចបានបន្ទាប់ពីមានការដេញថ្លៃតវ៉ាយ៉ាងស្វិតស្វាញរហូតដល់១១១លើកមកពីជុំវិញពិភពលោកនៅក្នុងប្រទេសសិង្ហបុរី។
ប៊ិច១ដើមរបស់លោក លី ក្វាន់ យូ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១៧ ខែសីហា បានឱ្យដឹងថា ប៊ិច១ដើមនេះមានចារឹកអក្សរយ៉ាងច្បាស់ថា SM Lee Kuan Yew ត្រូវបានដាក់លក់ដេញថ្លៃតាមប្រព័ន្ធអនឡាញតាំងពីថ្ងៃទី៤ ខែសីហា មកម៉្លេះ។ តម្លៃចុងក្រោយដែលដេញថ្លៃបាននេះបានស្ទុះហក់ឡើងដល់ជិត១០ដងលើសពីការរំពឹងទុកដំបូងរបស់ Hotlotz ដែលដើមឡើយព្យាករណ៍ថា នឹងលក់បានត្រឹមតែចន្លោះពី៣០,០០០ ដល់ ៥០,០០០ ដុល្លារប៉ុណ្ណោះ។ ប៊ិចនេះត្រូវបានលោក លី ក្វាន់យូ ប្រើប្រាស់ជាប្រចាំក្នុងអំឡុងពេលដែលលោកកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៤ ដែលជាដំណាក់កាលចុងក្រោយ នៃមគ្គទេសក៍ដឹកនាំរដ្ឋរបស់លោក បន្ទាប់ពីបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៣១ឆ្នាំ។
ប៊ិចនេះត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ពីប្រាក់សុទ្ធលម្អដោយចំណុចពណ៌មាសភ្លឺចាំង និងមានក្បាលប៊ិចធ្វើពីមាសសុទ្ធ។ គួររំឭកថា ប៊ិចនេះត្រូវបានដាក់លក់ជាលើកដំបូងក្នុងតម្លៃ ៥២,០០០ដុល្លារនៅក្នុងព្រឹត្តិការណ៍ដេញថ្លៃមួយកាលពីខែកក្កដា ឆ្នាំ២០០៣។ នៅក្នុងព្រឹត្តិការណ៍ដេញថ្លៃជាប្រវត្តិសាស្ត្រនោះរៃអង្គាសថវិកាបានជាង២លានដុល្លារសម្រាប់មូលនិធិមនុស្សធម៌ ក៏មានប៊ិចម៉ាក Waterman ពណ៌ខ្មៅមួយដើមទៀត ដែលលោក លី ក្វាន់យូ ធ្លាប់ប្រើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរដ្ឋធម្មនុញ្ញសិង្ហបុរីឆ្នាំ១៩៥៧ នៅទីក្រុងឡុងដ៍ ត្រូវបានពាណិជ្ជករមិនបញ្ចេញឈ្មោះម្នាក់ទិញយកក្នុងតម្លៃ៣៥០,០00ដុល្លារផងដែរ។
កិច្ចព្រមព្រៀងដែលលោក លី ក្វាន់យូ ប្រើប្រាស់ប៊ិច Waterman ចុះហត្ថលេខាកាលណោះ គឺជាឯកសារគ្រឹះប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលបានបើកផ្លូវឱ្យសិង្ហបុរីទទួលបានអធិបតេយ្យភាព និងការគ្រប់គ្រងវាសនាខ្លួនឯងពេញលេញពីចក្រភពអង់គ្លេស៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ការចាកចេញរបស់ពលករខ្មែរបានបង្ហាញឱ្យឃើញពីគំរូពលកម្មដ៏ផុយស្រួយរបស់ប្រទេសថៃ

ប្រទេសថៃ កំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ស្របពេលដែលពលករខ្មែរប្រមាណ៧៨ម៉ឺននាក់បានចាកចេញ និងវិលត្រឡប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ