តើវិធានការចុងថ្មីចុងក្រោយរបស់អាមេរិក ជុំវិញការប្រកួតប្រជែងឧស្សាហកម្មបន្ទះឈីបជាមួយនឹងចិននេះ វានឹងអាចធ្វើឲ្យទីផ្សារបន្ទះឈីបរបស់ទីក្រុងប៉េកាំង នឹងប្រឈមនឹងមុខការដាំក្បាលចុះកម្រិតណា?
ការសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹងបំផុតរបស់អាមេរិក ទៅលើការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិន កំពុងក្លាយជាចំណុចក្ដៅថ្មីមួយទៀត សម្រាប់ការប្រកួតប្រជែងរវាងមហាយក្សទាំងពីរនេះ ហើយចង់ ឬមិនចង់ វានបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មធុនធ្ងន់ និងអេឡិចត្រូនិចនៅក្នុងប្រទេសចិន ដែលត្រូវការឈីបជាចាំបាច់។
កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋបាល ចូ បៃឌិន បានចេញវិធានការគ្រប់គ្រងការនាំចេញ ក្នុងនោះ គឺផ្តោតលើការដាក់កំហិតការនាំចេញគ្រឿងបរិក្ខារអាមេរិកទៅឱ្យក្រុមហ៊ុនផលិតឈីបរបស់ចិន ដើម្បីបង្អាក់ និងពន្យឺតដំណើរអភិវឌ្ឍបច្ចេកវិទ្យារបស់មហាយក្សសេដ្ឋកិច្ចទី២ក្នុងពិភពលោកមួយនេះ និងមិនឱ្យបច្ចេកវិទ្យាទំនើបទាំងនោះធ្លាក់ចូលក្នុងដៃយោធាចិនបានឡើយ។ ក្នុងវិធានការនេះដែរ ក៏បានហាមឃាត់ពលរដ្ឋ និងក្រុមហ៊ុនអាមេរិក មិនឱ្យធ្វើការជាមួយក្រុមហ៊ុនឈីបចិនដាច់ខាត លុះត្រាតែមានការយល់ព្រមជាក់លាក់ណាមួយពីរដ្ឋាភិបាល។
ជាមួយគ្នានោះ ក្រុងវ៉ាស៊ិនតោន ក៏បានបន្ថែមការរឹតត្បិតទៅលើក្រុមហ៊ុនចិនមួយចំនួនទៀតដូចជា IFLYTEK, Dahua Technology និង Megvii Technology ជាដើម ដែលក្រុមហ៊ុនទាំងនេះ ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយអាមេរិកបានចោទប្រកាន់ថា ពួកគេមានពាក់ព័ន្ធនឹងការគាបសង្កត់លើជនជាតិភាគតិចអ៊ុយហ្គួ។
តាមការចុះផ្សាយរបស់ Reuters ឱ្យដឹងថា ការរឹតត្បិតរបស់អាមេរិក នឹងអាចជះឥទ្ធិពលដ៏អាក្រក់ទៅលើឧស្សាហកម្មផលិតឈីបរបស់ចិន ដោយបង្ខំឱ្យក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនបរទេសផ្សេងៗ ដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិក កាត់ផ្តាច់ការគាំទ្រសម្រាប់រោងចក្រចិន និងក្រុមហ៊ុនរចនាឈីបរបស់ប្រទេសមួយនេះ។
ជុំវិញវិធានការមិនសំចៃដៃរបស់អាមេរិកខាងលើនេះ ត្រូវបានចិនបញ្ចេញប្រតិកម្មភ្លាមៗវិញផងដែរ។ លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ការរឹតត្បិតការនាំចេញរបស់អាមេរិកនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាអន្តរជាតិ និងសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងភាពមិននឹងនរនៃស្ថិរភាពឧស្សហកម្មសកល ហើយក៏ជាឧបសគ្គនៃការងើបឡើងវិញសេដ្ឋកិច្ចពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Global Times។
មន្រ្តីរូបនេះបានអះអាងថា ការគាប់សង្កត់ផ្នែក នយោបាយ និងបច្ចេកវិទ្យាអាវុធ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អាមេរិក នឹងមិនអាចបញ្ឈប់ការអភិវឌ្ឍរបស់ចិនបានឡើយ ប៉ុន្តែវាបែរជាធ្វើឱ្យអាមេរិករងផលប៉ះពាល់ខ្លួនឯងទៅវិញទេ។
ជុំវិញបញ្ហាដ៏រសើបខាងលើនេះ អ្នកជំនាញបានមើលឃើញផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ពោលគឺប៉ះពាល់ដល់ប្រទេសទាំងពីរតែម្តង ទាំងអាមេរិក និងចិន។ លោក Paul Triolo អ្នកជំនាញអំពីប្រទេសចិន និងបច្ចេកវិទ្យា នៅក្រុមហ៊ុនទីប្រឹក្សា Albright Stonebridge បាននិយាយថា ក្នុងសមរភូមិនេះ នឹងមានអ្នកចាញ់ច្រើនជាងឈ្នះ ជុំវិញគោលនយោបាយរបស់អាមេរិក ដែលបានរីកសាយភាយក្នុងឧស្សាហកម្មបន្ទះសៀគ្វីនេះ។ នេះបើតាមការដកស្រង់សម្តីដោយសារព័ត៌មាន Financial Times៕
អត្ថបទ៖ នៅ សំភី