អនុរដ្ឋមន្ត្រីសង្គ្រាមអាម៉េរិក

អនុរដ្ឋមន្ត្រីសង្គ្រាមអាម៉េរិកប្តេជ្ញាពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ


នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែសីហា អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិកបានចាត់ទុកកម្ពុជាជាប្រទេសដ៏សំខាន់មួយក្នុងភាពជាដៃគូរបស់អាម៉េរិក ហើយអាម៉េរិកនឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិបានចាត់ទុកវត្តមានរបស់អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិកនៅកម្ពុជា គឺជាសញ្ញាមួយបានបង្ហាញពីយុទ្ធសាស្ត្រការទូតចម្រុះពណ៌ ក្នុងការធ្វើពិពិធកម្មទំនាក់ទំនងបរទេសរបស់កម្ពុជា។
អនុរដ្ឋមន្ត្រីសង្គ្រាមអាម៉េរិក
ដោយ

ក្រុមអ្នកជំនាញជឿជាក់ថា ជំនួបជាន់ខ្ពស់នេះនឹងជួយផ្លាស់ប្តូរពីភាពសង្ស័យគ្នាមកជាការសន្ទនាគោលនយោបាយស្ថាបនា ដើមី្បពង្រឹងកិច្ចសហប្រតិបត្តិការ និងសន្តិសុខតំបន់។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិកនាពេលនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីតម្លៃយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងភ្នែករបស់អាម៉េរិក។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ជំនួបនេះជាជំហានដ៏សំខាន់ក្នុងការបំបែកភាពសង្ស័យ និងការយល់ច្រឡំនានាកន្លងមក។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ កម្ពុជានៅតែរក្សាជំហរបើកចំហក្នុងការបង្កើត និងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិច ហើយទីក្រុងវ៉ាស៊ីនតោន ក៏យល់យ៉ាងច្បាស់ដែរថា ខ្លួនមិនអាចមើលរំលង ឬទុកកម្ពុជាចោលបានឡើយ ព្រោះវាអាចជាកំហុសយុទ្ធសាស្ត្រមួយដែលនាំឱ្យអាម៉េរិកបាត់បង់តុល្យភាពឥទ្ធិពលទៅឱ្យប្រទេសចិន។ លោកបណ្ឌិតកត់សម្គាល់ថា យុទ្ធសាស្ត្រការទូតចម្រុះពណ៌ ដែលកម្ពុជាកំពុងអនុវត្តយ៉ាងសកម្ម គឺកំពុងផ្តល់ផ្លែផ្កាដោយផ្ទាល់ដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ។
ជាមួយគ្នានេះលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅមួយរយៈចុងក្រោយនេះ មានសម្ទុះ និងការវិវត្តជាវិជ្ជមាន។ ជាក់ស្ដែងកម្ពុជា និងសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ បានផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរផងដែរ។ បើតាមអ្នកជំនាញរូបនេះ វត្តមានរបស់អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិកនៅកម្ពុជា គឺជាសារផ្ញើទៅកាន់អ្នកមានទស្សនអវិជ្ជមានចំពោះទំនាក់ទំនងការទូតរបស់កម្ពុជាកន្លងមក ខណៈកម្ពុជាពុំបានជ្រើសរើសយកប្រទេសណាមួយ ហើយចោលប្រទេសណាមួយនោះទេ តែកំពុងធ្វើពិពិធកម្ម និងពង្រីកដៃគូកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសលើពិភពលោក។
នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក អេលប៊្រីដ អេ ខូលប៊ី អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិកបានគូសបញ្ជាក់ថា អាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ ដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ លើសពីនេះលោកបានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូរបស់អាម៉េរិក ហើយអាម៉េរិកនឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអាម៉េរិកឱ្យកាន់តែរីកចម្រើនថែមទៀត ហើយ សម្ដេចធិបតី មានការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំសមយុទ្ធយោធាឆ្មាំអង្គរ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៧។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សមយុទ្ធ និងការបណ្ដុះបណ្ដាលមិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីអន្ទងចង់បានក្រុមហ៊ុន Toyota តែថៃប្រកាសថា ខ្លួននឹងមិនឱ្យបាត់បង់ក្រុមហ៊ុននេះជាដាច់ខាត

លោក វ៉ារ៉ាវុត ស៊ីឡាប៉ៈអាឆា (Warawut Silpa-archa) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសថៃបានទទួលស្គាល់ថា លោកមានអារម្មណ៍មិនសប្បាយចិត្តសោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ