ប្រាក់យ៉េនជប៉ុន បានធ្លាក់ថ្លៃជាថ្មីមកនៅជាង១៥៩យ៉េនក្នុង១ដុល្លារអាម៉េរិក ជិត២សប្ដាហ៍បន្ទាប់ពីសហរដ្ឋអាម៉េរិក និងជប៉ុន បានធ្វើអន្តរាគមន៍រួមគ្នានៅក្នុងទីផ្សាររូបិយប័ណ្ណ។ អន្តរាគមន៍នេះបានជំរុញឱ្យប្រាក់យ៉េនឡើងថ្លៃមួយរយៈពេលខ្លី ហើយក៏ធ្លាក់ចុះវិញ។ បញ្ហាធំបំផុតនោះ គឺគម្លាតអត្រាការប្រាក់ដ៏ធំរវាងប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក។ អត្រាការប្រាក់របស់ជប៉ុននៅតែទាបជាងច្រើន ដែលលើកទឹកចិត្តឱ្យវិនិយោគិនខ្ចីប្រាក់យ៉េនក្នុងតម្លៃថោក និងវិនិយោគលើទ្រព្យសកម្មរបស់សហរដ្ឋអាម៉េរិក ដែលមានផលចំណេញខ្ពស់ជាង។
ទន្ទឹមនេះផលបត្ររតនាគារអាម៉េរិក រយៈពេល១០ឆ្នាំ ស្ថិតក្នុងអត្រាប្រមាណ៤,៦% បើធៀបនឹងអត្រាប្រមាណ២,៨% សម្រាប់មូលបត្ររដ្ឋាភិបាលជប៉ុន។ ផលបត្រនៃមូលបត្របំណុលរបស់សហរដ្ឋអាម៉េរិក បានហក់ឡើងខ្ពស់ និងការឡើងថ្លៃប្រេងឥន្ធនៈកំពុងបន្ថែមសម្ពាធកាន់តែខ្លាំង ពីព្រោះជប៉ុន ពឹងផ្អែកយ៉ាងខ្លាំងលើថាមពលនាំចូល។ ក្រុមអ្នកវិភាគបានលើកឡើងថា អន្តរាគមន៍នេះបានធ្វើឱ្យការទិញរូបិយប័ណ្ណទុកលក់យកចំណេញថយចុះ ប៉ុន្តែមិនបានផ្លាស់ប្តូរមូលដ្ឋានគ្រឹះនោះទេ។ ពេលនេះ ការយកចិត្តទុកដាក់កំពុងងាកទៅរកធនាគារកណ្ដាលជប៉ុន ដោយទីផ្សារកំពុងតាមដានការដំឡើងអត្រាការប្រាក់ដែលអាចកើតមាននៅដើមខែកញ្ញា ខាងមុខ។
ប្រសិនបើប្រាក់យ៉េន ធ្លាក់ថ្លៃកាន់តែខ្លាំងជាងនេះ អន្តរាគមន៍មួយផ្សេងទៀតអាចនឹងកើតឡើង។ ប៉ុន្តែក្រុមអ្នកជំនាញព្រមានថា អន្តរាគមន៍បានត្រឹមតែជួយពន្យារពេលប៉ុណ្ណោះ គឺមិនអាចដោះស្រាយបញ្ហាដោយពិតប្រាកដបានឡើយ។ សម្រាប់ការហក់ឡើងថ្លៃវិញយូរអង្វែងនៃប្រាក់យ៉េន ប្រទេសជប៉ុន អាចត្រូវការអត្រាការប្រាក់ខ្ពស់ និងការវិនិយោគក្នុងស្រុកកាន់តែខ្លាំងដើម្បីទប់ស្កាត់ប្រាក់មិនឱ្យហូរទៅក្រៅប្រទេស៕
ដោយ: តែម សុខុម