អាម៉េរិកបានហៅការជួយចិនគេចពន្ធអាម៉េរិករបស់ប្រទេសទាំងនោះថា ជាការដឹកជញ្ជូនឆ្លងកាត់ប្រទេសទី៣ដោយខុសច្បាប់ ដែលអាចធ្វើឡើងតាមរយៈការប្តូរស្លាកវេចខ្ចប់ឡើងវិញ ឬផ្គុំទំនិញតិចតួចនៅប្រទេសមួយផ្សេងទៀតមុននាំចូលទៅកាន់សហរដ្ឋអាម៉េរិក។ នៅក្នុងរបាយការណ៍របស់សេតវិមានស្ដីពីការដឹកជញ្ជូនឆ្លងកាត់ប្រទេសទី៣ដោយខុសច្បាប់បានលាតត្រដាងថា ប្រទេសជាង៤០ ដែលជួយចិនគេចពន្ធគយអាម៉េរិករួមមានវៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម និងសហភាពអឺរ៉ុបជាដើម។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា ការដឹកជញ្ជូនឆ្លងកាត់ប្រទេសទី៣ដោយខុសច្បាប់នេះអាចធ្វើឱ្យអាម៉េរិកបាត់បង់ចំណូលចន្លោះពី១៩ទៅ២៦ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មអាម៉េរិកបានប៉ាន់ប្រមាណថា កាលពីឆ្នាំមុនទំនិញចិនរហូតដល់ទៅប្រមាណ៦៧ ពាន់លានដុល្លារត្រូវបានបញ្ជូនឆ្លងកាត់ម៉ិកស៊ិក ឥណ្ឌា និងវៀតណាម មុនចូលទីផ្សារអាម៉េរិក។
ដើម្បីបិទចន្លោះប្រហោងដ៏ធំនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Detective Border ដើម្បីវិភាគផ្លូវដឹកជញ្ជូន ព័ត៌មានទំនិញ ម្ចាស់កម្មសិទ្ធិ និងទិន្នន័យពាក់ព័ន្ធ ដើម្បីរកការដឹកជញ្ជូនដែលគួរឱ្យសង្ស័យ។ ចំណាត់ការនេះបានបង្ហាញថា សង្គ្រាមពន្ធគយរបស់លោក ដូណាល់ ត្រាំ ជាមួយចិនកំពុងឈានចូលដំណាក់កាលថ្មីគួរឱ្យព្រួយបារម្ភ ដោយក្រុងវ៉ាស៊ីនតោនមិនត្រឹមតែចង់ដាក់ពន្ធលើទំនិញចិនប៉ុណ្ណោះទេ ប៉ុន្តែកំពុងព្យាយាមបិទរាល់ផ្លូវ ដែលអាចឱ្យទំនិញចិនបង្វែរតាមប្រទេសទី៣ ដើម្បីគេចពីពន្ធអាម៉េរិកផងដែរ៕
ដោយ: តែម សុខុម