ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

ក្រុមហ៊ុនផលិតឱសថអាមេរិក Merck រំពឹងរកចំណូលបាន ៧ ពាន់លានដុល្លារ ពីការលក់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ រហូតដល់ឆ្នាំ២០២២


ក្រុមហ៊ុនផលិតឱសថអាមេរិក Merck បានអះអាងថា ការលក់ថ្នាំគ្រាប់ព្យាបាលកូវីដ ១៩ របស់ខ្លួនអាចរកប្រាក់ចំណូលបានចន្លោះពី ៥ ពាន់លានដុល្លារទៅ ៧ ពាន់លានដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២២។ ការរំពឹងទុកនេះ គឺផ្អែកលើកិច្ចសន្យា ដែលបានចុះហត្ថលេខាពីប្រទេស និង ដែនដី ដែលបានកក់ទិញ ហើយក្រុមហ៊ុនរំពឹងថា ការបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩នេះ អាចកើនឡើងខ្ពស់ជាងនេះទៅទៀតនៅពេលខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ពីក្រុមហ៊ុនផលិតឱសថអាមេរិក Merck

កាលពីខែមិថុនា ក្រុមហ៊ុនផលិតឱសថរបស់អាមេរិកដែលមានឈ្មោះថា Merck បានយល់ព្រមលក់ថ្នាំគ្រាប់ព្យាបាលកូវីដចំនួន ១លាន ៧ សែនកញ្ចប់ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងតម្លៃប្រហែល ១ពាន់២០០លានដុល្លារ ខណៈប្រទេសផ្សេងទៀតក៏បានប្រញាប់ប្រញាល់ចុះហត្ថលេខាលើកិច្ចសន្យាទិញថ្នាំគ្រាប់ព្យាបាលកូវីដនេះដែរ ចាប់តាំងពី ក្រុមហ៊ុនប្រកាសដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)រួចមក។

សូមជម្រាបថា ក្រុមហ៊ុនផលិតឱសថរបស់សហរដ្ឋអាមេរិកមួយនេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកផលិតថ្នាំទូទៅដើម្បីផលិតថ្នាំប្រភេទនេះ សម្រាប់ប្រទេសដែលមានចំណូលទាប និង មធ្យមផងដែរ។

ក្នុងឆ្នាំនេះក្រុមហ៊ុនផលិតឱសថ Merck គ្រោងនឹងផលិតថ្នាំគ្រាប់ព្យាបាលកូវីដចំនួន ១០ លានកញ្ចប់ ហើយនឹងផលិតបន្ថែមចំនួន ២០ លានកញ្ចប់ទៀតនៅឆ្នាំ ២០២២។ គោលដៅផលិតនេះ មិនរាប់បញ្ចូលជាមួយកិច្ចព្រមព្រៀង ដែលក្រុមហ៊ុននឹងផ្តល់អាជ្ញាបណ្ណផលិតសម្រាប់ប្រទេសដទៃនោះទេ។

ចាប់តាំងពីមានការបញ្ជា និង កក់ទិញថ្នាំគ្រាប់កូវីដនេះមក គេសង្កេតឃើញថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Merck បានកើនឡើងជាង ៤% ដែលកើនដល់ជាង ៨៥ ដុល្លារក្នុងមួយភាគហ៊ុន។

សូមជម្រាបថា ថ្នាំគ្រាប់ដែលមានសមត្ថភាពប្រឆាំងមេរោគកូវីដ១៩ ត្រូវបានក្រុមហ៊ុន Merck ធ្វើការសាកល្បងជោគជ័យ ដោយបង្ហាញថា វាអាចកាត់បន្ថយការធ្លាក់ខ្លួនឈឺ និងស្លាប់ ដោយសារកូវីដ ១៩ ដល់ ៥០ ភាគរយ។

យ៉ាងណាក៏ដោយ ទីប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) នឹងជួបប្រជុំគ្នានៅខែវិច្ឆិកា ដើម្បីបោះឆ្នោតសម្រេចថា តើថ្នាំគ្រាប់ព្យាបាលកូវីដនេះ គួរតែត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ ឬយ៉ាងណា? ដូច្នេះបើសិនជាត្រូវបានសម្រេចដោយ FDA នោះ ថ្នាំនេះនឹងក្លាយជាថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


មេដឹកនាំក្រុមប្រទេសរីកចម្រើនទាំង២០ នឹងបើកកិច្ចប្រជុំកំពូលចុងសប្ដាហ៍នេះ ខណៈកំពូលមេដឹកនាំចិននឹងចូលរួមតាមប្រព័ន្ធវីដេអូ

មេដឹកនាំកំពូលៗនៃបណ្ដាប្រទេសរីកចម្រើនទាំង២០ ឬ ហៅកាត់ថា G20 នឹងបើកកិច្ចប្រជុំកំពូលរបស់ខ្លួនមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃទី ៣០-៣…

តើមានកត្តាសំខាន់អ្វីខ្លះទើបធ្វើឲ្យក្រុមហ៊ុន Facebook សម្រេចប្តូរឈ្មោះទៅជា Meta ?

មហាសេដ្ឋីវ័យក្មេងអាមេរិក ម៉ាក ហ្សាក់គឺប៊ឺក (Mark Zuckerberg) នៅថ្ងៃទី២៩តុលានេះ បានប្រកាសផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនពី «Facebook…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ