ក្រសួងមហាផ្ទៃ

អ្នកជំនាញសង្កេតឃើញថា អាជ្ញាធរមួយចំនួនបានប្រើលេសបង្ក្រាប Scam Online និងទំនិញរត់ពន្ធពីថៃ ធ្វើហួសដែនសមត្ថកិច្ច ដែលគំរាមកំហែងដល់ពលរដ្ឋស្លូតត្រង់


ការអនុវត្តច្បាប់ត្រូវតែមានតម្លាភាព មិនមែនជាការឆ្លៀតឱកាសកេងចំណេញនោះទេ។ ក្រុមអ្នកជំនាញ និងមហាជនទូទៅបានសម្តែងការគាំទ្រ និងសាទរយ៉ាងខ្លាំងចំពោះការដាក់ចេញនូវវិធានការក្តៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាឱ្យអាជ្ញាធរបោសសម្អាត និងបង្ក្រាបពួកក្រុមឧក្រិដ្ឋជនស្កេមអនឡាញ ព្រមទាំងអ្នកពាក់ព័ន្ធនឹងការលួចរត់ពន្ធទំនិញខុសច្បាប់ឆ្លងដែនពីប្រទេសថៃ។
ក្រសួងមហាផ្ទៃ
ដោយ

ប៉ុន្តែស្របពេលជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏បានមើលឃើញពីភាពមិនប្រក្រតីមួយចំនួន ដោយសារមានមន្ត្រីអនុវត្តច្បាប់មួយចំនួនតូចបានយកបទបញ្ជាដាច់ខាតពីថ្នាក់លើមកធ្វើជាខែល ដើម្បីធ្វើសកម្មភាពលើសដែនសមត្ថកិច្ចក្នុងចេតនាគំរាមកំហែង និងកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដែលបង្កជាភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នករកស៊ីត្រឹមត្រូវ។ តើឥរិយាបថត្រីងៀតឆ្លៀតពង និងការអនុវត្តការងារលើសជ្រុលបែបនេះអាចជះឥទ្ធិពលអាក្រក់កម្រិតណាដល់ពលរដ្ឋ និងសង្គមជាតិ?

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានកត់សម្គាល់ឃើញពីភាពមិនប្រក្រតីរបស់អាជ្ញាធរមានសមត្ថកិច្ចមួយចំនួននៅក្នុងយុទ្ធនាការចុះបង្ក្រាបទីតាំងស្តុកទំនិញរត់ពន្ធពីប្រទេសថៃ និងការបង្ក្រាបបទល្មើសស្កេមអនឡាញនាពេលថ្មីៗនេះ។ លោកបណ្ឌិត បានអះអាងថា មានមន្ត្រីឆ្លៀតឱកាសមួយចំនួនតូចបានប្រើប្រាស់ឥទ្ធិពលនៃអំណាច បង្កើតរូបភាពគំរាមកំហែងដល់អាជីវករ និងប្រជាពលរដ្ឋទូទៅរហូតរុករានទន្ទ្រានដល់អ្នកប្រកបរបររកស៊ីស្របច្បាប់ ដែលកត្តានេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច និងការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ពលរដ្ឋ ព្រមទាំងបង្កើតនូវបរិយាកាសភិតភ័យក្នុងសង្គម។

តាមរយៈបញ្ហាប្រឈមទាំងនេះ លោកបណ្ឌិត ស្នើឱ្យថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ចនីមួយៗត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់មន្ត្រីក្រោមឱវាទខ្លួនឱ្យបានតឹងរ៉ឹង ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានគូសបញ្ជាក់ថា ថ្មីៗនេះពិតជាមានពលរដ្ឋជាច្រើនបានរអ៊ូរទាំអំពីភាពមិនប្រក្រតីរបស់អាជ្ញាធរចុះបង្រ្កាបបទល្មើសនានា ដែលធ្វើឥរិយាបទលើសជ្រុលហួសហេតុ ឬហៅថា ត្រីងៀតឆ្លៀតពង ដែលបង្កការភិតភ័យដល់ពលរដ្ឋស្លូតត្រង់ ដែលផ្ទុយពីបទបញ្ជា និងគោលបំណងរបស់រាជរដ្ឋាភិបាលមែន។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា មុននឹងចុះបង្រ្កាបបទល្មើសអ្វីមួយ អាជ្ញាធរគួរតែមានការស៊ើបអង្កេតត្រួតពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ដ្បិតបញ្ហានេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមទាំងការធ្វើអាជីវកម្ម និងការវិនិយោគរបស់បរទេសនៅកម្ពុជា។

គួររំលឹកថា នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះមានការវែកញែកយ៉ាងផុសផុល និងចម្រូងចម្រាសយ៉ាងខ្លាំងអំពីភាពអយុត្តិធម៌ ជុំវិញករណីដែលអាជ្ញាធរចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងដែលសង្ស័យថាមានបទល្មើសស្កេមអនឡាញ និងទីតាំងលួចនាំចូលទំនិញគេចពន្ធពីប្រទេសថៃ។ ភាពចម្រូងចម្រាសនេះបានកើតឡើងក្រោយមានការចោទប្រកាន់គ្នារឿងសហការ និងមិនសហការរវាងម្ចាស់ទីតាំង និងអាជ្ញាធរ។

គួរបញ្ជាក់ថា ការដាក់ចេញបទបញ្ជាដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំប្រទេស គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងសន្តិសុខសង្គមមិនមែនជាលិខិតបើកដៃឱ្យមន្ត្រីខិលខូចមួយចំនួនយកទៅធ្វើជាឧបករណ៍សម្រាប់គំរាម ឬធ្វើបាបពលរដ្ឋស្លូតត្រង់ឡើយ។ ការអនុវត្តច្បាប់ដែលគ្មានវិជ្ជាជីវៈ និងគ្មានការស៊ើបអង្កេតច្បាស់លាស់មិនត្រឹមតែមិនអាចលុបបំបាត់បទល្មើសបាននោះទេ តែវាថែមទាំងបង្កើតបទល្មើសថ្មី និងធ្វើឱ្យខូចកិត្តិយសរបស់រាជរដ្ឋាភិបាលទាំងមូលទៀតផង៕




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកសញ្ញាបត្រក្លែងក្លាយជាឃាតករលាក់មុខសម្លាប់ទឹកចិត្តសិស្ស-និស្សិត និងប្រព័ន្ធអប់រំ

សញ្ញាបត្រមានតែឈ្មោះ តែគ្មានចំណេះដឹងពិតប្រាកដ ឬសញ្ញាបត្រក្លែងក្លាយ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក​ដែលធ្វើឱ្យមហាជនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង…

អិលអូអិលស៊ី នឹងបន្ដដាក់ពង្រីកសេវា ឥណទានមាសកើនទ្រព្យ នៅគ្រប់សាខានៅត្រឹមឆ្នាំ2027

ភ្នំពេញថ្ងៃទី17 ខែមិថុនា ឆ្នាំ2027៖ សេវាហិរញ្ញវត្ថុ «ឥណទានមាសកើនទ្រព្យ» របស់ អិលអូអិលស៊ី កំពុងពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ